ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រតិកម្ម​នឹង​អាមេរិក​រឿង​ចោទ​ប្រកាន់​លួច​ទិន្នន័យ​ពី​ស្ថាប័នរដ្ឋ​នៅ​កម្ពុជា​ទាក់ទង​នឹង​ការពិភាក្សា​អំពី​ទន្លេ​មេគង្គ


រូបឯកសារ៖ រូបថតមួយ បង្ហាញជនអនាមិកម្នាក់កំពុងប្រើកុំព្យូរទ័រ។
រូបឯកសារ៖ រូបថតមួយ បង្ហាញជនអនាមិកម្នាក់កំពុងប្រើកុំព្យូរទ័រ។

នៅ​ក្នុង​សារ​ប្រតិកម្ម​មួយ​ទៅ​នឹង​សហ​រដ្ឋ​អាមេរិក ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​អះ​អាង​ថា ការ​ចោទ​ប្រកាន់​ថា​ មាន​ជន​ជាតិ​ចិន​លួច​ទិន្ន​ន័យ​ពី​ប្រទេស​ផ្សេងៗ រួម​មាន​កម្ពុជា​ដែរ​នោះ ជា​ការ​ចោទ​ប្រកាន់«បំភ្លៃ​ការ​ពិត» ហើយ​ថា​ អាមេរិក​ទៅ​វិញ​ទេ​ជា ​«ប្រភព​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ដ៏​ធំ​បំផុត»​លើ​ពិភព​លោក។

សារ​ប្រតិកម្ម​ដែល​មាន​ទាំងភាសា​ខ្មែរ និង​ចិន​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ស្ថាន​ទូតចិន​បាន​លើក​ឡើង​នូវសេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌​មាន ​Reuters ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ចំពោះ​ការ​លួច​ទិន្នន័យ​នេះ។

ស្ថានទូត​ចិន​បាន​លើក​ឡើង​ថា ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ថា​ មាន​មន្រ្តី​រដ្ឋ​ចិន​លួច​ទិន្នន័យ​ពី​កម្ពុជា «មិន​សម​ហេតុ​ផល» និង​«ដោយ​និយាយ​បំផ្លើស​បំភ្លៃ​ពី​ការ​ពិត»។ សារព័ត៌មាន​ Reuters ​បាន​រាយការណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​លើក​ឡើង​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​យុត្តិធម៌​អាមេរិក និង​បង្ហាញ​ថា ​ក្រសួង​ដែល​ត្រូវ​បាន​លួច​ទិន្នន័យ​ទាក់​ទង​នឹង​ការ​ពិភាក្សា​អំពី​ទន្លេ​មេគង្គ គឺ​ក្រសួង​ការ​បរទេស​កម្ពុជា។

ស្ថាន​ទូត​ចិន​បាន​បញ្ជាក់​បន្ថែម​ថា៖ «ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ និង​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ។ ភាគី​ចិន​ប្រឆាំង​ជា​ដាច់​ខាត​ និង​តែង​បង្ក្រាប​លើ​ការ​វាយ​ប្រហារ​តាម​គ្រប់​ទម្រង់​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត កុំ​ថា​ឡើយ​លើក​ទឹក​ចិត្ត គាំទ្រ ឬ​អនុ​គ្រោះ​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុម​ Hacker»។

ស្ថាន​ទូត​ចិន​បន្ត​ថា​៖ «នៅ​លើ​ពិភព​លោក​នេះ សហ​រដ្ឋ​អាមេរិក គឺ​ជា​ប្រភព​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ដ៏​ធំ​បំផុត»។

ជា​ការ​ឆ្លើយ​តប អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ផ្ញើ​សេចក្តី​ថ្លែង​ការណ៍​មួយចេញ​ផ្សាយ​ដោយក្រសួង​ការបរទេស​អាមេរិកពី​រដ្ឋធានី​វ៉ាស៊ីនតោន។ សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា​ សហ​រដ្ឋ​អាមេរិក និង​ដៃ​គូ​សម្ព័ន្ធ​មិត្ត​«នឹង​មិន​ទាត់​ចោល​វិធាន​ការ​ដែល​នឹង​ធ្វើបន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រទេស​ចិន​មាន​ការ​ទទួល​ខុស​ត្រូវ»។ ក្រសួង​ការបរទេស​អាមេរិក​បន្ថែម​ថា​ ការ​វាយ​ប្រហារ​របស់​ចិន​លើ​លម្ហ​អ៊ីនធឺណិត ​(Cyberspace) ជា «ឥរិយា​បថមិន​ទទួល​ខុស​ត្រូវ»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​ក្រសួង​ថា ​ប្រទេស​រង​គ្រោះ​ក្នុង​យុទ្ធនាការ​លួច​យក​ទិន្នន័យ​ពី​សំណាក់​ជន​ជាតិ​ចិន​៤​នាក់​ ដែល​មាន​៣​នាក់​ជា​មន្ត្រី​ស្ថាប័ន​រដ្ឋ​ចិន មាន​ដូច​ជា​អាមេរិក អូស្ត្រាលី កម្ពុជា កាណាដា អាល្លឺ​ម៉ង់ ឥណ្ឌូ​ណេស៊ី និង​ម៉ាឡេស៊ីជា​ដើម។ ការ​លួច​នោះ​ មាន​ទិន្ន​ន័យ​ពាក់​ព័ន្ធ​នឹង​អាកាស​ចរណ៍ ការ​ពារ​ជាតិ អប់រំ រដ្ឋា​ភិបាល សុខាភិបាល និង​ផ្នែក​ផ្លូវ​ទឹក​ជា​ដើម។ ចំណែក​នៅ​កម្ពុជា មាន​ការ​លួច​យក​ទិន្នន័យ​ទាក់​ទង​នឹង​ការ​ពិភាក្សា​គ្នា​លើ​បញ្ហា​ទន្លេ​មេគង្គ កាល​ពី​ដើម​ឆ្នាំ​២០១៨៕

XS
SM
MD
LG