ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ឈប់​ល្បែង​តាម​អនឡាញ​ដែល​អន្តរាយ​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សង្គម


រូបឯកសារ៖ សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)
រូបឯកសារ៖ សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)

​សារាចរ​ណែនាំ​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ​អាទិត្យ​​ ចាត់​វិធាន​ការ​លើ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ ឬ ​ប្រព័ន្ធ​អ៊ីនធឺណិត​។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ចាត់​វិធាន​ការ​លើ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ ឬ ​ប្រព័ន្ធ​អ៊ីនធឺណិត​ ក្រោយ​ពេល​ដឹង​ថា​ក្រុម​ឧក្រិដ្ឋជន​បរទេស​មួយ​ចំនួន​បាន​ប្រើ ប្រាស់​ល្បែង​នេះ​ដើម្បី​បោក​ប្រាស់​ជំរិត​ទារ​ប្រាក់​ពី​ជន​រងគ្រោះ​ទាំង​ក្នុង​និង​ក្រៅ ប្រទេស។ ​នេះ​បើ​តាម​សារាចរ​ណែនាំ​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ ថ្ងៃ​អាទិត្យ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​នេះ។

លោក ហ៊ុន សែន ​បាន​ចាត់​ទុក​ថា​សកម្មភាព​របស់​ជនបរទេស​និង​ល្បែង​ភ្នាល់​តាម ប្រព័ន្ធ​អនឡាញ​ដែល​ភាគច្រើន​គេ​ដឹង​ថា ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ហើយ​ជា​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ចិន​នោះ​ ជា​ការ​ធ្វើឲ្យ​«ប៉ះពាល់​ដល់​សន្តិសុខ ​សណ្ដាប់ ធ្នាប់​សាធារណៈ​ និង​របៀប​រៀប​រយ​សង្គម‍» ​ហើយ​បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់ វិធានការ​ឲ្យបាន «ម៉ឺងម៉ាត់‍» និង​មាន‍ «ប្រសិទ្ធភាព​ខ្ពស់‍»។

នៅ​ក្នុង​សារាចរ​ដដែល​នោះ​ លោក​នាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា៖ ​«មន្ត្រី​នគរបាល​យុត្តិធម៌​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​បង្កើន​ការ​ស្រាវជ្រាវ​និង បង្ក្រាប​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក ​តាមរយៈ​អ៊ីនធឺណិត​ក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព ​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​មាន អាជ្ញាប័ណ្ណ​ពី​ក្រសួង ​ស្ថាប័ន​មាន​សមត្ថកិច្ច»។

សារាចរ​ណែនាំ​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ ថ្ងៃ​អាទិត្យ​ ទី១៨ ខែសីហា ឆ្នាំ២០១៩ ចាត់​វិធាន​ការ​លើ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ ឬ ​ប្រព័ន្ធ​អ៊ីនធឺណិត​។
សារាចរ​ណែនាំ​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ ថ្ងៃ​អាទិត្យ​ ទី១៨ ខែសីហា ឆ្នាំ២០១៩ ចាត់​វិធាន​ការ​លើ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ ឬ ​ប្រព័ន្ធ​អ៊ីនធឺណិត​។

ខេត្ត​ព្រះសីហនុ​គឺជា​តំបន់​ដែល​ត្រូវ​គេ​ដឹងថា​មាន​ការ​វិនិយោគ​ល្បែង​ស៊ីសង​កាស៊ីណូ ជាច្រើន​កន្លែង​របស់​អ្នក​ជំនួញ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ហើយ​មាន ការ​រីក​រាល​ដាល​នៃ​ល្បែង​ភ្នាល់​តាម​អនឡាញ​យ៉ាង​ខ្លាំង។

នៅ​ក្នុង​សារាចរ​ដដែល ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​បញ្ជាក់​ទៀត​ថា៖

«រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ផ្តល់​គោលការណ៍​និង ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​ អនឡាញ​ក្នុង​និង​ក្រៅ​ប្រទេស​នៅ​ក្នុង ព្រះ​រាជាណាចក្រ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា ​(១៨ សីហា ២០១៩) ​លើ​សារាចរ ណែនាំ​នេះ​ត​ទៅ‍»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បន្ថែម​សេចក្ដី​ថា ​ចំពោះ​អាជីវកម្ម​ល្បែង​ភ្នាល់ តាម​ម៉ាស៊ីន​អេឡិចត្រូនិក ​តាមរយៈ​អ៊ីនធឺណិត​អនឡាញ​ក្នុង​និង​ក្រៅ​ប្រទេស​ដែល មាន​អាជ្ញាប័ណ្ណ​ ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ដល់​ផុត​កំណត់​ក្នុង​អាជ្ញាប័ណ្ណ ហើយ​បន្ទាប់​ទៅ​ ក្រសួង​សេដ្ឋកិច្ច​និង ​ហិរញ្ញវត្ថុ​នឹង​មិន​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែង​ភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀត​ឡើយ។

ក្រុម​សមត្ថកិច្ច​កម្ពុជា​ កាល​ពី​ថ្ងៃពុធ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​១២៧​នាក់ ​ទាក់​ទង​នឹង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (VOIP) ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ​មាន​លំហូរ​ជន​ជាតិ​ចិន​ទៅ​កាន់​ទីនោះ​យ៉ាង​គំហុក។

លោក​ អ៊ី សុខឃី ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​ប្រាប់ ​VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ជនជាតិ​ចិន​ទាំង១២៧​នាក់​ ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ដប់​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​។​ លោក​ថា ​ពួក​គេ​ប្រើប្រាស់​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​នៅ​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក អ៊ី សុខឃី បញ្ជាក់​ថា​ បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង​១២៧​នាក់ កំពុង​ស្ថិត​នៅ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្នុង​រាជធានី​ភ្នំពេញ ​រង់​ចាំ​ការ​ស៊ើប​អង្កេត ​និង​ប្រមូល​ភស្តុតាង​បន្ថែម​ដើម្បី​សម្រេច​ថា​ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា​ ឬ​យ៉ាង​ណា។​

របាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៨​បង្ហាញ​ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​រហូត​ដល់​ខែ​តុលា​ឆ្នាំ​២០១៨ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ប្រមាណ​២០០០​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ទៅ​ប្រទេស​ចិន​វិញ។​ ​ជនជាតិ​ចិន​ទាំង​នោះ​បាន​ប្រើ​ទីតាំង​តាម​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ រួម​មាន​រាជធានី​ភ្នំពេញ​ ​ខេត្ត​ព្រះ​សីហនុ​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​តាកែវ​ និង​ខេត្ត​ស្វាយ​រៀង​ជាដើម​ ដើម្បី​ធ្វើ​សកម្មភាព។​

លោក​ ឌី ថេហូយ៉ា​ ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​ថា ​សង់​ត្រាល់ ​លើក​ឡើង​ថា ​ក្រុម​ឧក្រិដ្ឋជន​ចិន​តែង​ប្រើប្រាស់​កម្ពុជា​ជាទី​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​នេះ​ គឺ​ដោយសារ​ការ​ខ្វះ​ចន្លោះ​ និង​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថ​កិច្ច​កម្ពុជា។​

«ការ​អនុវត្ត​ច្បាប់​ហ្នឹង​វា​ត្រូវ​តែ​មាន​ប្រសិទ្ធ​ភាព។​ វា​ត្រូវ​ឲ្យ​ម៉ឺងម៉ាត់​បាន​ឲ្យ​អ្នក​ផ្សេង​ហ្នឹង​រាង​ចាល។ ​ប្រសិន​បើ​គាត់​ប្រព្រឹត្ត​បទ​ល្មើស ​ហើយ​គ្រាន់​តែ​ចាប់​បញ្ជូន​ទៅ​រួច​ខ្លួន​ ​មាន​ន័យ​ថា ​ម៉េច? ​មាន​ន័យ​ថា​ យើង​បន្ធូរ​បន្ថយ ​លើក​ទឹក​ចិត្ត​ឲ្យ​ជន​បរទេស​ហ្នឹង​កាន់​តែ​មក​ស្រុក​ខ្មែរ ព្រោះ​អត់​មាន​ច្បាប់​ណា​ដែល​ត្រូវ​ឲ្យ​គាត់​ប្រឈម​ពន្ធនាគារ​អី​ជា​ដើម។​ គ្រាន់​តែ​ចាប់​បញ្ជូន​ទៅ​វិញ​ មាន​អី​ធ្ងន់ធ្ងរ?»​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ​ដែល​ VOA​ ទទួល​បាន​កាល​ពី​ថ្ងៃ សុក្រ​បាន​បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​និង​ការ​បំភ្លឺ​អំពី ចំណាត់​វិធាន​ការ​របស់​អាជ្ញាធរ​ចំពោះ​ជនជាតិ​ចិន។

«អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​សូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង របស់​អ្នកវិភាគ​មួយ​ចំនួន​ចំពោះ​បញ្ហា​នេះ​ ដែល​បាន​លើក​ឡើង​ដោយ​ខ្វះ​មូលដ្ឋាន ព័ត៌មាន​និង​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់​លាស់​ ដែល​អាច​បណ្ដាល​ឲ្យ​សាធារណ​មតិ​ជាតិ អន្តរជាតិ ​មាន​ការ​ភ័ន្តច្រឡំ​ចំពោះ​វិធានការ​និង​ដំណើរការ​នីតិវិធី​របស់​អាជ្ញាធរ​មាន សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​តាម​ដាន​ស្ដាប់​ការ​ផ្សាយ​និង​អាន​អត្ថបទ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​(VOA)​ អំពី​ការ​ចាប់​បញ្ជូន​ខ្លួន​ជន​ជាតិ ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទៅ​ប្រទេស​ចិន​វិញ​នោះ​ អ្នក​នាំ​ពាក្យ ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​បំភ្លឺ​ថា​ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ ប្រព្រឹត្ត​បទល្មើស​និង​ការ​បណ្ដេញ​ជនជាតិ​ចិន​ទាំងនេះ​ចេញ​ពី​ប្រទេស​កម្ពុជា​គឺ​ផ្អែក តាម​អនុស្សរណៈ ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា​និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ស្រប​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​របស់​កម្ពុជា ​ជន​ទាំងនោះ​មាន​ដីកា​ស្វែង​រក​ចាប់ ខ្លួន​ពី​អាជ្ញាធរ​ចិន ​ហើយ​ស្រប​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ និង​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង បញ្ជីខ្មៅ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​ជា​ថ្មី​ទៀត​ឡើយ​ ហើយ​រាល់​ការ​ចុះ​ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​និង​ចាប់​ខ្លួន​ជន​ល្មើស ​ទោះ​បី​ជា​ជន​ល្មើស​នោះ​ជា​ពលរដ្ឋ​ខ្មែរ​ឬ​ជា​ជន​បរទេស​ក្ដី​ អាជ្ញាធរ​កម្ពុជា​តែងតែ​ធ្វើ​ការ​ស៊ើប​អង្កេត ​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង ឲ្យ​បាន​គ្រប់​តាម​ផ្លូវច្បាប់​ជា​មុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ ក្រសួង​មហាផ្ទៃ​បាន​បន្ថែម​ថា​សមត្ថកិច្ច​កម្ពុជា​ធ្លាប់ បាន​ចាប់​បញ្ជូន​ជន​បរទេស​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​ខ្លួន​ឲ្យ​ទៅ​ប្រទេស​ខ្លួន​វិញ​ស្រប​តាម​ស្មារតី​នៃ​អនុស្សរណៈ​នៃ​ប្រទេស​ទាំងពីរ ដែល​ក្នុង​នោះ ​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​បន្ថែម​ថា​ចាប់​តាំងពី​ឆ្នាំ ​២០១៤​ ដល់ ខែកក្កដា​ ឆ្នាំ​២០១៩ ​អាជ្ញាធរ​កម្ពុជា​បាន​បណ្ដេញ​ចេញ​ជនជាតិ​ចិន​ប្រមាណ​ជាង ២៧០០​នាក់​ ដែល​ចំនួន​នេះ​អាច​ជា​អម្រែក​ដ៏​ធ្ងន់​ធ្ងរ​មួយ​នៃ​ថវិកា​ជាតិ ​ប្រសិន​បើ​ជន ទាំងនេះ​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​២០១១។​ ជន​ជាតិ​ចិន​ដែល​ជា​ចំណូល​ថ្មី​មួយ​ចំនួន​លើទឹក​ដី​កម្ពុជា​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ​បាន​និង​កំពុង​បង្ក​បទ​ល្មើស​ជាច្រើន​ ​ដែល​មួយ​ចំនួន​ធំ​នៃ​បទ​ល្មើស​ធ្ងន់​ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​គ្នា​ឯង​ ​ការ​ធ្វើ​ទារុណ​កម្ម​និង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត​ជាដើម។

គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨បញ្ជាក់ថា​ នៅ​ចុង​ឆមាស​ទី២ឆ្នាំ​២០១៨ ​ជនជាតិ​ចិន​នៅ​កម្ពុជា​កើន​ឡើង​ដល់​ជាង​២០​ម៉ឺន​នាក់។ ​ប៉ុន្តែ​ចំនួន​នេះ​មិន​បូក​បញ្ចូល​ជាមួយ​អ្នក​ការ​ទូត​ ​អ្នក​ទេសចរណ៍​ ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ទេ។ ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​២០​ម៉ឺន​នាក់​នោះ​មាន​ជាង​៧៨.០០០​នាក់​ កំពុង​រស់​នៅ​ខេត្ត​ព្រះ​សីហនុ។​ ​ក្នុង​នោះ​ជនជាតិ​ចិន​ដែល​មាន​ប័ណ្ណ​ការ​ងារ​ត្រឹម​ត្រូវ​មាន​ត្រឹម​តែ​ជាង​២​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

XS
SM
MD
LG