ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីស៊ីល​ចិន​គឺ​ជា​ការ​ប្រឈម​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ


បាតុករ ដែល​មាន​ពាក់​មួក​ក្រដាស​មាន​រូប​ទូក​ និង​មីស៊ីល​ ចូលរួម​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ស្ថាន​កុងស៊ុល​ចិន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​មូលដ្ឋាន​យោធា​នៅ​លើ​កោះ​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Makati ប្រទេស​ហ្វីលីពីន។
បាតុករ ដែល​មាន​ពាក់​មួក​ក្រដាស​មាន​រូប​ទូក​ និង​មីស៊ីល​ ចូលរួម​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ស្ថាន​កុងស៊ុល​ចិន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​មូលដ្ឋាន​យោធា​នៅ​លើ​កោះ​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Makati ប្រទេស​ហ្វីលីពីន។

ការ​ដំឡើង​មីស៊ីល​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មាន​គោល​បំណង​ដើម្បី​ប្រឈម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា។

ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដំឡើង​មីស៊ីល​បាញ់​កប៉ាល់ និង​មីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាស​នៅ​លើ​កោះ​តូចៗ​នៅ​ក្នុង​សមុទ្រ​នៃ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ មីស៊ីល​ទាំង​នេះ​អាច​បង្អាក់​ដល់​ការ​ធ្វើ​នាវាចរណ៍​របស់​នាវា​ទាហាន​ជើង​ទឹក​នានា​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​របស់​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូចជា​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ជប៉ុន​ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

កន្លង​មក ប្រទេស​វៀតណាម ដែល​ទាមទារ​កាន់កាប់​ផ្នែក​មួយ​ចំនួន​នៃ​ដែន​សមុទ្រ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន បាន​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

រដ្ឋាភិបាល​ចិន​បាន​ដំឡើង​មីស៊ីល​នៅ​ក្នុង​ប្រជុំ​កោះ Spratly នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​តាំង​ពី​ដើម​ខែ​មេសា​មក​ម្ល៉េះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​មួយ​នា​ពេល​ថ្មីៗ​នេះ​របស់​ទូរទស្សន៍ CNBC ដែល​បាន​ស្រង់​សម្ដី​របស់ «អ្នក​ដែល​មាន​ការ​យល់​ដឹង​ផ្ទាល់​អំពី​របាយការណ៍​ផ្នែក​ស៊ើបការណ៍​សម្ងាត់​នានា​របស់​សហរដ្ឋ​អាមេរិក»។

ប្រទេស​ចិន​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​ប្រហែល ៩០ ភាគរយ និង​ប្រឆាំង​ចំពោះ​ការ​ធ្វើ​នាវាចរណ៍​ណា​មួយ​របស់​នាវា​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក ដែល​ការ​ធ្វើ​នាវាចរណ៍​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហៅ​ថា​ជា​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ ឬ​ក៏​សេរីភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍ ដែល​ហៅ​កាត់​ថា FONOP ឬ​ ក៏​សេរីភាព​នៃ​ការ​ធ្វើ​សមយុទ្ធ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ហៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​សមុទ្រ​ដែល​ទាមទារ​កាន់កាប់​ដោយ​រដ្ឋាភិបាល ៥ ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី ថា​ជា​ផ្លូវ​ទឹក​អន្តរជាតិ។

ប្រទេស​អូស្ត្រាលី និង​ជប៉ុន​គាំទ្រ​គោលការណ៍​របស់​សហរដ្ឋ​អាមេរិក ហើយ​ប្រទេស​ទាំង​ពីរ​បាន​ចេញ​មុខ​តតាំង​ខ្លាំង​ជាង​មុន​លើ​បញ្ហា​នេះ​នៅ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​កន្លង​មក​នេះ។ ប្រទេស​ជប៉ុន​បាន​បញ្ជូន​កប៉ាល់​ដឹក​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ធ្វើ​សមយុទ្ធ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧។ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ នាវា​ទាហាន​ជើង​ទឹក​អូស្ត្រាលី​បាន​ប្រឈម​ជាមួយ​នឹង​កប៉ាល់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Trung Nguyen ព្រឹទ្ធបុរស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ​ទីក្រុង​ហូជីមិញ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា រឿង​មីស៊ីល​នេះ​គឺ​ពាក់ព័ន្ធ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ ដូចជា​អូស្ត្រាលី និង​ជប៉ុន​ជា​ដើម ដោយ​ហេតុ​ថា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​របស់​ប្រទេស​ទាំង​នេះ​នឹង​ជួប​គ្រោះថ្នាក់ នៅ​ពេល​ដែល​ប្រទេស​ចិន​អាច​ដំឡើង​មីស៊ីល​ទំនើប​ជា​ច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

ការ​តាមដាន​មើល​ការ​ដំឡើង​មីស៊ីល​របស់​ចិន

ប្រទេស​ចិន​បាន​សាងសង់​កន្លែង​ដាក់​មីស៊ីល​នៅ​លើ​កោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាំង​ពី​ដើម​ឆ្នាំ ២០១៧ មក​ម្ល៉េះ ប៉ុន្តែ ការ​ដំឡើង​មីស៊ីល​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ «គឺ​ជា​ការ​ដំឡើង​ដែល​មាន​ការ​បញ្ជាក់​អះអាង​ច្បាស់លាស់​ដំបូង​បង្អស់​នៃ​មីស៊ីល​ដូច​នេះ​នៅ​លើ​កោះ​នានា»។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​វិបសាយ​របស់​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS ដែល​ជា​អង្គការ​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កង​យោធា​ចិន​ប្រហែល​ជា​បាន​បញ្ជូន​មីស៊ីល​ចូល​ទៅ​កាន់​កន្លែង​ដាក់​មីស៊ីល​ទាំង​នោះ បន្ទាប់ពី​ការ​ធ្វើ​សមយុទ្ធ​បាន​បញ្ចប់​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Gregory Poling ប្រធាន​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​នៃ​វិទ្យាស្ថាន CSIS នេះ។

ប្រទេស​ចិន​ក៏​បាន​ដំឡើង​ឧបករណ៍​យោធា​ផ្សេង​ទៀត​ផង​ដែរ​នៅ​ក្នុង​ប្រជុំ​កោះ Spratly ដែល​គ្មាន​មនុស្ស​រស់នៅ​នេះ។ កម្មវិធី​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​នៃ​វិទ្យាស្ថាន CSIS បាន​បញ្ជាក់​ថា ប្រទេស​ចិន​ធ្វើ​ប្រតិបត្តិការ​ឧបករណ៍​រ៉ាដា​របស់​ខ្លួន​នៅ​លើ​កូន​កោះ​តូចៗ​ចំនួន ៣ ដែល​នោះ​គឺ​ថ្ម​ប៉ប្រះ​ទឹក Fiery Cross ថ្ម​ប៉ប្រះ​ទឹក Mischief និង​ថ្ម​ប៉ប្រះ​ទឹក Subi។ កម្មវិធី​របស់​អង្គការ CSIS នេះ​បាន​បន្ថែម​ទៀត​ថា នា​ពេល​កន្លង​មក យន្តហោះ​ចម្បាំង​របស់​ចិន​បាន​ចុះ​ចត​នៅ​លើ​កូន​កោះ​ទាំង ៣ នេះ។

ការ​រារាំង​សហរដ្ឋ​អាមេរិក

អ្នក​វិភាគ​នានា​បាន​រំពឹង​ថា ប្រទេស​ចិន​នឹង​មិន​បាញ់​មីស៊ីល​ដើម្បី​បង្ក​ជា​ការ​បំផ្លិចបំផ្លាញ​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ អ្នក​សិក្សា​ស្រាវជ្រាវ​នានា​បាន​បញ្ជាក់​ថា ប្រទេស​ចិន​អាច​ប្រើ​មីស៊ីល​ទាំង​នោះ​ដើម្បី​រារាំង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង «ពិចារណា ៣ ដង» អំពី​ការ​ធ្វើ​នាវាចរណ៍​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់។

លោក Alexander Huang បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «វា​គ្រាន់តែ​ជា​ការ​ដំឡើង​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​បាញ់​ប្រហារ​ដោយ​មីស៊ីល​នោះ​ទេ។ ដូច្នេះ រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​សញ្ញា​នយោបាយ ក៏​ដូចជា​សញ្ញា​យោធា​មួយ​ទៅ​ឲ្យ​កង​ទាហាន​ជើង​ទឹក​ទី ៧ (Seventh Fleet) របស់​សហរដ្ឋ​អាមេរិក និង​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏​ដូចជា​ទៅ​ឲ្យ​សមាជិក​សភា​អាមេរិក​ផង​ដែរ ដែល​សញ្ញា​នោះ​ចង់​បញ្ជាក់​ថា សមុទ្រ​ចិន​ខាង​ត្បូង​មាន​មហា​អំណាច​ដែល​មាន​ឥទ្ធិពល​យ៉ាង​តិច​ពីរ ហើយ​ប្រទេស​ចិន​គឺ​ជា​មហា​អំណាច​មួយ​ក្នុង​ចំណោម​នោះ»។

កង​ទាហាន​ជើង​ទឹក​ទី ៧ របស់​សហរដ្ឋ​អាមេរិក​នេះ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ប្រទេស​ចិន​អាច​បាញ់​មីស៊ីល​ជា «និមិត្តរូប» ប្រសិនបើ​នាវា​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ម្ដង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Alan Chong សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ S. Rajaratnam នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក Alan Chong បាន​បន្ថែម​ថា សកម្មភាព​របស់​ចិន​ដូច​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​ពិចារណា​ផង​ដែរ។

លោក Alan Chong បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រហែល​ជា​អាច​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច ដោយ​ហេតុ​ថា ប្រសិនបើ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ធ្វើ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​ក្នុង​នាម​ជា​និមិត្តរូប​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង នោះ​ប្រធានាធិបតី​ចិន​លោក Xi Jinping ប្រាកដ​ជា​រង​សម្ពាធ​ជា​មិន​ខាន ហើយ​លោក Xi Jinping ប្រហែល​ជា​និយាយ​ថា លោក​ចង់​ការពារ​ប្រទេស​ជាតិ​របស់​លោក ដូច្នេះ​លោក​ត្រូវ​បាញ់​មីស៊ីល​សំដៅ​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​នោះ»។

ប្រទេស​ចិន​ប្រហែល​ជា​ប្រើ​មីស៊ីល​នេះ​ដើម្បី «រារាំង‍» ដល់​ការ​ធ្វើ​នាវាចរណ៍​របស់​ប្រទេស​ណា​មួយ​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Trung Nguyen នៃ​សាកលវិទ្យាល័យ​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ​ទីក្រុង​ហូជីមិញ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ «សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍‍» ៦ ដង​រួច​មក​ហើយ តាំង​ពី​លោក​ប្រធានាធិបតី Donald Trump បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ ២០១៧ មក។

ការ​តាមដាន​ហ្មត់ចត់

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់ បាន​ទាមទារ​កាន់កាប់​ទាំង​ស្រុង ឬ​ក៏​មួយ​ផ្នែក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ទាមទារ​របស់​ប្រទេស​ទាំង​នេះ​ជាន់​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​របស់​ចិន។ ភាគ​ច្រើន​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ​សម្លឹង​ឃើញ​ធនធាន​មច្ឆា ក៏​ដូចជា​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ផង​ដែរ​នៅ​ក្នុង​សមុទ្រ​នេះ។

ប្រទេស​វៀតណាម​បាន​តវ៉ា​ជាមួយ​នឹង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី ៨ ខែ​ឧសភា​កន្លង​ទៅ​នេះ និង​បាន​ទាមទារ​ឲ្យ​ចិន​ដក​មីស៊ីល​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង។ ចំណែក​ឯ​ប្រទេស​ហ្វីលីពីន​វិញ​កំពុង​ស្ទាបស្ទង់​មើល​ថា​តើ​គួរតែ​ធ្វើ​ការ​តវ៉ា ឬ​ក៏​យ៉ាង​ណា​នោះ។

គ្រាប់​មីស៊ីល​នេះ​អាច​បង្ក​ជា​គ្រោះថ្នាក់«រយៈពេល​វែង‍»ចំពោះ​ផល​ប្រយោជន៍​របស់​ប្រទេស​វៀតណាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជា​ពិសេស​វាល​យន្តហោះ​របស់​វៀតណាម​ដែល​នៅ​ក្បែរ​នោះ។

ប៉ុន្តែ ប្រទេស​ក្បែរ​ខាង​ប្រទេស​ចិន​នានា​នឹង​ប្រហែល​ជា​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ពួកគេ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​មីស៊ីល​ទាំង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jonathan Spangler ប្រធាន​អង្គការ​ស្រាវជ្រាវ​កិច្ចការ​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea Think Tank) នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

លោក Jonathan Spangler យល់​ឃើញ​ថា គ្មាន​ការ​គំរាមកំហែង​ណា​មួយ​ចំពោះ​ការ​ធ្វើ​នាវាចរណ៍​នោះ​ទេ ហើយ​លោក​កត់​សម្គាល់​ឃើញ​ថា ជា​រឿយៗ ប្រទេស​ចិន​បាន​ធ្វើ​នាវាចរណ៍​នាវា​ល្បាត​សមុទ្រ​របស់​ខ្លួន​នៅ​ពាសពេញ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​អស់។

លោក​បាន​បន្ថែម​ទៀត​ថា មីស៊ីល​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី «ដំណើរ​វិវឌ្ឍ​ទៅ​មុខ​យឺតៗ‍» ផ្នែក​យោធា ដែល​មាន​គោល​បំណង​បញ្ឈប់​ការ​ឈ្លានពាន​ណា​មួយ​លើ​កូន​កោះ​ទាំង​ឡាយ​ណា​ដែល​កាន់កាប់​ដោយ​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG