ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ធ្វើ​ប្រតិបត្តិការ«សេរីភាព​នាវាចរណ៍»​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖ នាវា​ចម្បាំង​ USS Mustin (DDG-89) នៅ​ក្នុង​ដែន​ទឹក​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​កន្លង​ទៅ។

នាវា​ចម្បាំង​មួយ​គ្រឿង​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ​«សេរីភាព​នាវា​ចរណ៍‍»​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​ដែនសមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​រ៉យទ័រ។

មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារ​រ៉យទ័រ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ នាវា​ចម្បាំង ​USS Mustin ​បាន​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​២២​គីឡូម៉ែត្រពី​តំបន់​ថ្ម​ប៉ប៉្រះ​ទឹក​ម៉ីជី​ដែល​ជា​កោះ​សិប្បនិម្មិត​កសាង​ឡើង​ដោយ​ប្រទេស​ចិន​នៅ​លើ​ប្រជុំ​កោះ​ស្ប្រ៉ាតលី ហើយ​បាន​ធ្វើ​ប្រតិបត្តិការ​ហ្វឹក​ហាត់។

ក្រសួង​ការពារជាតិ​និង​ក្រសួង​ការ​បរទេស​ចិន​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នកយក​ព័ត៌មាន​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​នៅ​ឡើយ​ទេ។

សហរដ្ឋ​អាមេរិក​បាន​រិះ​គន់​ប្រទេស​ចិន​ចំពោះ​ការ​សាង​សង់​កោះ​សិប្បនិម្មិត​និង​ការ​សាង​សង់​មូលដ្ឋាន​យោធា​នៅ​ក្នុង​ដែន​សមុទ្រ ហើយ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​មូលដ្ឋាន​ទាំង​នេះ​អាច​ប្រើ​ប្រាស់​ដើម្បី​រឹត​ត្បិត​សេរីភាព​នាវាចរណ៍​នៅ​ក្នុង​ដែន​ទឹក​យុទ្ធសាស្រ្ត​នេះ។

ប្រទេស​ចិន​មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រតិបត្តិការ​នៅ​ថ្ងៃ​សុក្រ​នេះ​កើត​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតីមួយ​ដែល​នឹង​កំណត់​ពន្ធ​គយ​លើ​ទំនិញ​របស់​ប្រទេស​ចិន​មាន​តម្លៃ​៦០​ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG