ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​មក​​ចិន​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ​អាច​នាំ​ឲ្យ​ពួកគេ​បន្ត​ទៅ​ទស្សនា​កោះ​ដែល​មាន​ជម្លោះ


រូបឯកសារ៖​ ទេសចរ​ចិន​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នឹង​ទង់ជាតិ​ជិន​ នៅពេល​ដែល​ពួកគេ​មក​កោះ Quanfu Island ដែល​ជា​កោះ​មួយ​ក្នុង​ចំណោម​ប្រជុំ​កោះ​ Paracel ភាគខាង​ត្បូង​នៃ​ខេត្ត​ Hainan ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៤។

ការ​បើក​ចំហ​ខេត្ត​ភាគ​ខាង​ត្បូង​បំផុត​របស់​ចិន​ ឲ្យ​ភ្ញៀវ​ទេសចរ​បរទេសមក​ទស្សនា​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ អាចនឹង​បើក​ទូលាយ​ដល់​តំបន់​ដែល​នៅ​ក្បែរ​នោះ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចូលចិត្ត​ទៅ​កន្លែងថ្មីៗ។ ​

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា​ ខេត្ត​ ហៃណាន់ ក្នុង​ប្រទេស​ចិន​បាន​បើក​ទូលាយ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចំនួន​៥៩​ចូលលេង​កម្សាន្ត ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ ខែ​ឧសភា មក។ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​រយៈ​ពេល​៣០​ថ្ងៃ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​នេះ ភ្ញៀវ​ទេសចរ​មួយ​ចំនួន​អាច​ទៅ​ទស្សនា​តំបន់​ថ្ម​ប៉ប្រះទឹក​ដែល​ប្រទេស​ចិន​បាន​ទាមទារ​ជាន់​គ្នា​ជាមួយ​នឹង​ប្រទេស​ដទៃទៀត ដែល​ស្ថិត​ក្នុង​ប្រជុំ​កោះ​ប៉ែក​អាគ្នេយ៍​នៃ​ខេត្ត ហៃណាន់។ ការ​វិវត្តន៍​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ជំរុញ​មហិច្ឆតា​ពាណិជ្ជកម្ម​សេរី​របស់​ខេត្ត​នេះ​ នេះ​បើយោង​តាម​សម្តី​របស់​លោក Zhao Xijun ដែល​ជា​ព្រឹទ្ធបុរស​រង​នៃ​សាលា​ហិរញ្ញវត្ថុ​នៃ​សាកលវិទ្យាល័យ Renmin ​ចិន។ ​

កន្លែង​ទាំង​នោះ​គឺ​ស្ថិត​នៅ​លើ​ប្រជុំកោះ​ Paracel ដែលចិន​បាន​គ្រប់គ្រង​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រទេស​វៀតណាម​និង​កោះ​តៃវ៉ាន់ទាមទារ​ថា​ជា​របស់​ខ្លួន​ផង​ដែរ។

​លោក​ Zhao បាន​និយាយ​ថា៖ «នេះ​គឺ​ជា​អ្វី​មួយ​សម្រាប់​ពេល​អនាគត។ វា​មិន​មែន​គ្រាន់​តែ​សម្រាប់​អ្នក​ទស្សនា​មក​ពី​ខាង​ក្រៅ​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដំណើរ​ក្នុង​ស្រុក​ក៏​នឹង​ធ្វើ​ដូចគ្នា​នេះ​ដែរ»។

រូបឯកសារ៖​ អ្នកទេសចរចិន​មក​កំសាន្តនៅ​កោះ Quanfu Island ដែល​ជា​កោះ​មួយ​ក្នុង​ចំណោម​ប្រជុំ​កោះ​ Paracel ភាគខាង​ត្បូង​នៃ​ខេត្ត​ Hainan ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៤។
រូបឯកសារ៖​ អ្នកទេសចរចិន​មក​កំសាន្តនៅ​កោះ Quanfu Island ដែល​ជា​កោះ​មួយ​ក្នុង​ចំណោម​ប្រជុំ​កោះ​ Paracel ភាគខាង​ត្បូង​នៃ​ខេត្ត​ Hainan ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៤។

ការ​បញ្ជូនសារ​តាមរយៈ​ទេសចរណ៍​

អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយថា ការ​បើក​ចំហ​ប្រជុំកោះ​ Paracel សម្រាប់​អ្នក​ដំណើរ​បរទេស​នឹង​ជួយ​ចិន​ខាង​ផ្នែក​នយោបាយ។

លោក​ Collin Koh ​ដែល​ជា​អ្នក​ស្រាវជ្រាវ​អំពី​សន្តិសុខ​ផ្លូវ​សមុទ្រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang ​ក្នុង​ប្រទេស​សិង្ហបុរី ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​មក​ពី​ប្រទេស​ជា​ច្រើន​ឃើញ​ថា​ ខ្លួន​មាន​ «រដ្ឋបាល​ដ៏​មាន​ប្រសិទ្ធភាពមួយ» នៅ​លើ​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ​។​ លោក​បាន​បន្ថែម​ថា​ ប្រទេស​ផ្សេង​ទៀតទំនង​ជា​មិន​អាច​រំខាន​ប្រទេស​ចិន​បាន​ទេ​ ប្រសិន​បើ​ពួក​គេ​ដឹង​ថា​អ្នក​ទេសចរ​បរទេស​បាន​ទៅ​លេង​សមុទ្រ​នោះ។​

លោក​ Koh បាន​និយាយ​ថា៖​ «ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ចិន​ការពារ​ការ​ទាម​ទារលើ​អធិបតេយ្យភាព​សមុទ្រ​នោះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ វា​ក៏​បាន​គូស​បញ្ជាក់​ថា​ ចិន​ពិត​ជា​មាន​រដ្ឋបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៅ​លើ​តំបន់​នោះ។ វា​ពិត​ជា​បាន​ផ្ដល់​ឲ្យ​ចិននូវ​សន្តិសុខ​បន្ថែម​ទៀត​ ពីព្រោះ​ប្រសិន​បើជនបរទេស​មក​ពី​ប្រទេស​នានា​លើ​ពិភពលោក​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​នោះ​ វា​នឹង​កាត់​បន្ថយ​ឱកាស​សម្រាប់ប្រទេស​ផ្សេង​ទៀត​ក្នុង​ការ​ចាត់​វិធាន​កម្រោល​ប្រឆាំង​នឹង​ចិន»។

ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី វៀតណាម​ និង​ហ្វីលីពីន​ បាន​ទាមទារ​ផ្នែក​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង​សម្រាប់​ជលផល​និងជា​អាង​ផ្ទុក​ថាមពល​នៅ​បាត​សមុទ្រ។​ ទាំង​ប្រទេស​ចិន​និង​កោះ​តៃវ៉ាន់​ បាន​ចាត់ទុក​តំបន់​ដែល​មាន​ទំហំ​ ៣,៥ លាន​គីឡូម៉ែត្រ​ការ៉េ​នោះ​ ថា​ជា​ដែនដី​របស់​ខ្លួន។

ប្រទេស​ផ្សេង​ទៀត​ខឹង​សម្បារ​នឹង​សកម្មភាព​របស់​ចិន​ក្នុង​ការ​ពង្រីក​យក​ដែនដី​នៅ​លើ​ប្រជុំកោះ​ Paracel និង​ Spratly សម្រាប់​ប្រើ​ប្រាស់​ផ្នែកយោធា។ ប្រទេស​ចិន​ ដែល​ជា​ប្រទេស​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ខ្លាំង​បំផុត​នៅ​អាស៊ី​នោះ​ កំពុង​សាងសង់​កោះ​សិប្បនិម្មិត​ចំនួន​បី​បន្ថែម​ទៀត​នៅ​លើប្រជុំ​កោះ​ Paracel នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​អាមេរិកម្នាក់​ដែល​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​មុន។

កោះ​ Woody ដែល​ជា​កោះ​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ជាង​គេ​ក្នុង​ប្រជុំកោះ​ Paracel មាន​មនុស្សរស់​នៅ​ប្រហែល​១០០០​នាក់។ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ទីនោះ​រួម​មាន​ផ្លូវ​រត់​សម្រាប់​យន្តហោះ​មួយ​និង​ថាមពល​សម្រាប់​កាំជ្រួច​មីស៊ីល​ ក៏​ដូច​ជា​មាន​មន្ទីរពេទ្យ​មួយ​និង​ផ្សារ​ទំនើប​មួយ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុមហ៊ុនផ្តល់​សេវាកម្ម​កក់​ដំណើរ​កម្សាន្ត​ទេសចរណ៍​ចិនឈ្មោះ​ថា​ Ctrip.com បាន​ឲ្យ​ដឹង​ថា​ គេ​នៅ​មិន​ទាន់ច្បាស់​ការនៅ​ឡើយ​ទេ​ថា​អ្នក​ទេសចរ​បរទេស​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ទស្សនា​ប្រជុំកោះ​ Paracel នោះ ឬ​យ៉ាងណា។

អ្នក​ផ្សព្វផ្សាយ​ម្នាក់​របស់​ទីក្រុង​ Sanya ដែល​ជា​ទីក្រុង​រមណីយដ្ឋាន​ភាគ​ខាង​ត្បូង​ខេត្ត ហៃណាន់ និង​ជា​ទីក្រុង​នៅ​ជិត​ប្រជុំ​កោះ​ Paracel ​បំផុត បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេហទំព័រ​រដ្ឋាភិបាល​ក្រុង​នេះ​នឹង​បង្ហោះ​ព័ត៌មាន​នា​ពេល​ក្រោយ​ថា​តើ​អ្នក​ណាអាច​ទៅទស្សនា​សមុទ្រ​ចិន​ខាង​ត្បូង​បាន។

ការ​រំពឹង​ទុក​របស់​ភ្ញៀវ​ទេសចរ

លោក​ Lin Qi អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សមុទ្រ​ចិន​ខាង​ត្បូង​ ក្នុង​ខេត្ត​ ហៃណាន់ បាន​និយាយ​ថា​ អ្នក​ទេសចរ​ទៅ​លេង​ប្រជុំ​កោះ​ Paracel រំពឹង​ថា​ ចិន​នឹង​រក្សា​បរិស្ថាន​សមុទ្រ​ឲ្យ​នៅ​ស្អាត​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ឃើញ​ទេសភាពស្អាតៗ​នៅ​ទីនោះ។

លោក​ Lin ថ្លែង​ថា៖ «​ចាប់​តាំង​ពីការ​បើក​ទូលាយ​រហូត​ដល់ទស្សនៈ​សម្រាប់​ទេសចរណ៍​ អ្នក​ប្រាកដ​ជា​ត្រូវ​ការ​កន្លែង​មួយ​ ដែល​មាន​បរិស្ថាន​ធម្មជាតិ​ល្អ​ដែល​សម​នឹង​ផ្ដល់​តម្លៃ​ឲ្យ​ដំណើរ​កម្សាន្ត​នោះ។ ផល​ប៉ះពាល់​ដទៃទៀត​ពី​វិស័យ​ទេសចរណ៍​គឺ​ថា​ វិស័យ​ផ្សេង​ទៀត​ដូច​ជា​ ការ​នេសាទ​ជា​ដើម​នឹង​ត្រូវ​ថយ​ចុះ។​ ប្រសិន​បើ​ទេសចរណ៍​ចាប់​បើក​ទូលាយ ​នោះ​ការ​នេសាទ​សម្រាប់​អាជីវកម្ម​ប្រាកដ​ជា​នឹង​ត្រូវ​កាត់​បន្ថយ​យ៉ាង​ច្រើន»។

ដំណើរ​លំបាក​តែ​អាច​ទៅ​រួច​

ប្រទេស​ចិន​បាន​ព្យាយាម​បើក​ឲ្យ​ដំណើរ​ការ​វិស័យ​ទេសចរណ៍​នៅ​លើ​សមុទ្រ​មាន​ជម្លោះ​នោះរួច​ទៅ​ហើយ​ ជាមួយ​នឹង​គោល​ដៅ​យូរ​អង្វែង​មួយ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​លេង​កីឡា​ជិះ​ក្ដារ​រំអិល​លើ​រលក​សមុទ្រ​ និង​កីឡា​ច្រមុជ​ចុះ​ទៅ​ក្រោម​បាត​សមុទ្រ​នេះ។

នាវា​កម្សាន្ត​ដំបូង​បង្អស់​របស់​ចិន​ឆ្ពោះ​ទៅ​កាន់​ប្រជុំ​កោះ​ Paracel បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១៣ ហើយ​ក្នុង​ឆ្នាំ​២០១៦​ ជើង​ហោះ​ហើរ​ចិន​មួយ​បាន​ហោះហើរ​ពី​រដ្ឋធានី​ Haikou នៃ​ខេត្ត ហៃណាន់ ​មក​កាន់​កោះ​ Woody។ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៧​ នាវា​កម្សាន្ត​មួយ​ពី​ប្រទេស​ចិន​ បាន​ដឹក​មនុស្ស​៣០០​នាក់​ ទៅ​កាន់​ប្រជុំ​កោះ​ Paracel ​ហើយ​ប្រទេស​វៀតណាម​បាន​ប្រឆាំង​ ដោយ​ផ្អែក​លើ​ជំហរ​ថា ខ្លួន​មាន​អធិបតេយ្យ​ភាព​លើ​ប្រជុំកោះ​នោះ។

លោក​ Michael Shih ​អនុ​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​និង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ Textron ក្នុង​ទីក្រុង​ សៀងហៃ បាន​ឲ្យ​ដឹង​ថា​ ប្រភេទ​យន្តហោះ​ឯកជន​ដែល​អាច​បើក​បាន​ទាំង​នៅ​លើ​ផ្ទៃ​ដី​និង​នៅ​លើ​ផ្ទៃ​ទឹក​អាច​បើក​ទៅ​ដល់​កោះ​តូចៗ​ទាំង​នោះ​ដោយ​មិន​ចាំបាច់​មាន​អាកាសយានដ្ឋាន​សម្រាប់​ចុះចត​នោះ​ទេ។ លោក​បន្ថែម​ថា​ ទេសចរណ៍​តាម​អាកាស​បាន​ចាប់​ផ្ដើម​ធ្វើ​រួច​ទៅ​ហើយ​នៅ​ក្នុង​ខេត្ត​ ហៃណាន់។

លោក​ Shih បាន​និយាយ​សំដៅ​ទៅ​លើ​យន្តហោះ​ប្រភេទ​ Cessna 208 Caravan ថា៖​ «ខ្ញុំ​ជឿជាក់​ថា​ យន្តហោះ​ប្រភេទ​ ២០៨ ​នេះ​ នឹង​អាច​នាំ​ភ្ញៀវទេសចរ​ទៅ​កាន់​កោះ​មួយ​ចំនួន​ឬ​ក៏​ទៅ​ដល់​កោះ​សឹង​តែ​ទាំង​អស់។​ ប្រាកដ​ណាស់ ចំពោះ​កោះ​មួយ​ចំនួន​ដែល​នៅ​ឆ្ងាយ​ យន្តហោះ​ប្រហែល​ជា​ត្រូវចុះ​ចាក់​សាំង​នៅ​កន្លែង​ណា​មួយ។ ប៉ុន្តែ​ប្រសិន​បើ​យន្តហោះ​នោះ​អាច​ប្រតិបត្តិការ​នៅ​លើ​ទឹក​បាន ​នោះ​អ្នក​មិន​ត្រូវ​ការ​ព្រលានឬ​ផ្លូវ​ឡើង​ចុះ​នោះ​ទេ»។

កោះ​ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន​ ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​សកម្មភាព​ទេសចរណ៍​ ដូច​ជា​សណ្ឋាគារ​និង​ទឹក​ស្អាត​សម្រាប់​បរិភោគ​។ លោក​ Zhao បាន​លើក​ឡើង​ថា​ កង្វះ​ខាតទាំងនោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​អ្នក​ទេសចរ​ដែលមក​កម្សាន្ត។ ​

លោក​ Zhao និយាយ​ថា៖​ «ការកម្សាន្ត​តាម​សមុទ្រ​គឺ​ជា​វិស័យ​មួយ​កំពុង​អភិវឌ្ឍ​នៅ​ប្រទេស​ចិន។ ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​អភិវឌ្ឍ​ទូទៅ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ»។

ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​វៀតណាម​ក៏​កំពុង​បើក​ចំហ​កោះ​តូចៗ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ​នោះ​សម្រាប់​អ្នកទេសចរ​ផង​ដែរ​ ដើម្បី​ជា​វិធី​មួយសម្រាប់​បង្ហាញពី​ការ​ទាមទារ​របស់​ខ្លួន។ លោក​ Christian de Guzman មន្ត្រី​ឥណទាន​ជាន់​ខ្ពស់​ និង​ជា​អនុ​ប្រធាន​នៃ​ក្រុមហ៊ុន​ឥណទាន​ Moody's​ ក្នុង​ប្រទេស​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ដែល​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទាំង​នេះ​ប្រហែល​ជា​សង្ឃឹម​ថា​ ការ​ធ្វើ​ដូច្នេះ​នឹង​ពន្លឿន​ការ​ទាមទារ​ផ្នែក​នយោបាយ​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG