ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស៉្បាញ​យល់ព្រម​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ជន​ចំណាក​ស្រុក​ចំនួន៦២៩នាក់​ចូលចត​ក្នុង​កំពង់ផែ​របស់​ខ្លួន​ បន្ទាប់​ពី​អ៊ីតាលី​និង​ម៉ាល់ត៍​បដិសេធ​មិន​ឲ្យ​ចូលចត


ឆ្មាំ​សមុទ្រ​អ៊ីតាលី​ធ្វើ​ការ​ជាមួយ​នឹង​កប៉ាល់ Aquarius របស់​អង្គការ​បារាំង​ឈ្មោះ SOS Mediterranee ខណៈ​ដែល​ជន​ទេសន្តរប្រវេសន៍​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​កប៉ាល់​នោះ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ឆ្មាំ​សមុទ្រ​អ៊ីតាលី​ធ្វើ​ការ​ជាមួយ​នឹង​កប៉ាល់ Aquarius របស់​អង្គការ​បារាំង​ឈ្មោះ SOS Mediterranee ខណៈ​ដែល​ជន​ទេសន្តរប្រវេសន៍​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​កប៉ាល់​នោះ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​អេស៉្បាញ​បាន​ប្រកាស​កាល​ពី​ថ្ងៃចន្ទ​ថា​នឹង​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ជនចំណាកស្រុក​ចំនួន៦២៩នាក់​ចូលចត​នៅ​កំពង់ផែ​ក្នុង​ទីក្រុង Valencia ប្រទេស​អេស៉្បាញ។ នាវា​ជួយ​សង្គ្រោះ​ឈ្មោះ Aquarius បាន​ស្ថិត​នៅក្នុង​សមុទ្រ​អន្តរជាតិ​តាំង​ពី​បាន​ជួយ​សង្គ្រោះ​ជនចំណាកស្រុក​ពី​កប៉ាល់​ជួញដូរ​មនុស្ស​នៅក្នុង​សមុទ្រ​ប្រទេស​លីប៊ី។

ទាំង​ប្រទេស​ម៉ាល់ត៍​និង​អ៊ីតាលី​មិន​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូលចត​នៅ​កំពង់​ផែ​ក្នុង​ទឹកដី​របស់​ពួកគេ​ទេ។ ប្រទេស​ទាំងពីរ​បាន​អះអាង​ថា​ពួកគេ​មិន​អាច​ទទួល​យក​ជនចំណាកស្រុក​និង​ជនភៀសខ្លួន​បន្ថែម​ទៀត​ទេ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​នាវា​សង្គ្រោះ​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Valencia ដែល​មាន​រយៈចម្ងាយ​១៤០០គីឡូម៉ែត្រ​បាន​ឬ​ទេ និង​ថា​តើ​នឹង​មាន​រឿង​អ្វី​កើត​នៅ​ពេល​ជនចំណាកស្រុក​ទាំងនេះ​ទៅ​ដល់​ប្រទេស​ក្នុង​សហភាពអឺរ៉ុប​នេះ។

នាវា​ផ្ទុក​មនុស្ស​ដ៏​ច្រើន​លើស​ចំនួន​នេះ​បាន​ធ្វើ​ដំណើរ​លើ​សមុទ្រ​មេឌីទែរ៉ាណេ​ចាប់​តាំង​ពី​ថ្ងៃសៅរ៍​មក។ ក្រុម​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃចន្ទ​បាន​និយាយ​ថា​ពួកគេ​មាន​ម្ហូប​អាហារ​និង​ទឹក​គ្រប់គ្រាន់​សម្រាប់​រយៈពេល​ពីរ​បីថ្ងៃ។ ប៉ុន្តែ​ពួកគេ​គ្មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ជនចំណាកស្រុក​ទាំងអស់​នេះ​ទេ។ លោក ALOYS VIMARD មក​ពី​ទីភ្នាក់ងារ​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន Doctors Without Borders បាន​ថ្លែង​ថា៖ «យើង​មាន​អាហារ​និង​ទឹក​គ្រប់គ្រាន់​សម្រាប់​ពួក​ជនចំណាកស្រុក​ទាំងនេះ​បាន​បីថ្ងៃ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ថា​វា​ចង្អៀត​ណាស់។ យើង​គ្មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ទេ។ ពួកគេ​ត្រូវ​ដេក​នៅ​តាម​យ៉រ​កប៉ាល់។ កន្លែង​ទាំងនោះ​មិន​សមរម្យ​សម្រាប់​ពួកគេ​ទេ។ ជនចំណាកស្រុក​ទាំងនោះ​មាន​សភាព​ទន់ខ្សោយ​ ហេវហត់​ និង​អស់​កម្លាំង»។

រដ្ឋាភិបាល​អេស៉្បាញ​បាន​ឆ្លើយតប​ភ្លាមៗ​បន្ទាប់​ពី​សហភាពអឺរ៉ុប​និង​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ UNHCR បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស នៅ​តាម​សមុទ្រ​ម៉េឌីទែរ៉ាណេ​អនុញ្ញាត​ឲ្យ​នាវា​សង្គ្រោះ​នេះ​អាច​ចូលចត​នៅ​កំពង់ផែ ក្នុង​ប្រទេស​របស់​ខ្លួន​បាន​រហូត​ដល់​មាន​ដំណោះស្រាយ​រក​ប្រទេស​ដែល​ជា​ទិសដៅ​ ចុងក្រោយ​របស់​ជនចំណាកស្រុក​ទាំងអស់​នេះ។

អ្នកស្រី CARLOTTA SAMI អ្នក​នាំ​ពាក្យ​អង្គការ UNHCR បាន​ថ្លែង​ថា៖ «ចូរ​ចងចាំ​ថា​មាន​កុមារ​ជាង១២០នាក់​នៅ​លើ​នាវា​នេះ។ មាន​ការ​រាយការណ៍​មក​ថា​ជនចំណាក​ស្រុក​ខ្លះ​រលាក​ស្បែកធ្ងន់ធ្ងរ​ និង​មាន​ជនរងគ្រោះ​ទទួល​រង​ទារុណកម្ម​និង​ការ​រំលោភបំពាន»។

វិបត្តិ​ជនចំណាកស្រុក​ចុងក្រោយ​បង្អស់​កើតឡើង​ខណៈ​ដែល​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប​លែង​ចង់​ទទួល​យក​ជនចំណាកស្រុក​ដែល​ឆ្លង​ចូល​ដោយ​ខុសច្បាប់​មិន​ឈប់ឈរ​តាម​សមុទ្រ​ពី​ឆ្នេរសមុទ្រ​អាហ្វ្រិក​ខាងជើង។ ការ​ចូលចត​ក្នុង​ប្រទេស​អេស៉្បាញ​គឺ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​មួយ​តែ​ប៉ុណ្ណោះ។

លោក JOSEP BORRELL រដ្ឋមន្ត្រី​ការបរទេស​អេស្ប៉ាញ​បាន​ថ្លែង​ថា៖ «នេះ​មិនមែន​ជា​បញ្ហា​របស់​ប្រទេស​អ៊ីតាលី​ អេស៉្បាញ​ឬ​ប្រទេសក្រិក​នោះ​ទេ។ នេះ​គឺ​ជា​បញ្ហា​សម្រាប់​ទ្វីប​អឺរ៉ុប​ទាំងមូល។ ក្រុមប្រឹក្សា​សហភាពអឺរ៉ុប​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​មួយ​ដែល​ច្បាស់លាស់​ និង​រឹងមាំ​ប្រកប​ដោយ​សាមគ្គីភាព។ មាន​ន័យ​ថា​យើង​ទាំងអស់​គ្នា​មិន​អាច​ដើរ​គេច​ចេញ​ ខណៈ​ប្រទេស​ដែល​នៅ​ជិត​បញ្ហា​ជាងគេ​ជា​អ្នក​រក​ដំណោះស្រាយនោះ»។

ជនចំណាកស្រុក​ជាង៦សែននាក់​បាន​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ដល់​ប្រទេសអ៊ីតាលីនៅ​អំឡុងពេល៥ឆ្នាំ​កន្លង​មក​នេះ​ ហើយ​ឥឡូវ​នេះ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេសអ៊ីតាលី​បាន​បដិសេធ​មិន​ទទួល​យក​ជនចំណាកស្រុក​បន្ថែម​ទៀត​ទេ។ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក GIUSEPPE CONTEបាន​ថ្លែង​ថា៖ «យើង​បាន​ស្នើ​ទៅ​សហភាពអឺរ៉ុប​ឲ្យ​ជួយ​ចែករំលែក​បន្ទុក​នៃ​វិបត្តិ​ជនចំណាក​ទាំងនេះ​ និង​មិន​ត្រូវ​ទុក​ឲ្យ​ប្រទេស​យើង​ដោះស្រាយ​តែ​ម្នាក់​ឯង​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។ ឥឡូវ​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​តែ​ពី​ពាក្យ​អរគុណ​ចំពោះ​អាជ្ញាធរ​អេស៉្បាញ​ដែល​បាន​យល់ព្រម​ទទួល​យក​សំណើ​របស់​យើង»។

គោលនយោបាយ​របស់​សហភាពអឺរ៉ុប​ដែល​ត្រូវ​បាន​ស្គាល់​ថា «បទបញ្ជា​ទីក្រុង​ឌុយប្លាំង» បាន​ចែង​ថា​ជនចំណាកស្រុក​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ត្រូវ​ដាក់​ពាក្យ​សុំ​ជ្រកកោន​នៅក្នុង​ប្រទេស​អឺរ៉ុប​ណា​ដែល​ពួកគេ​បាន​ទៅ​ដល់​ដំបូង។ បទបញ្ជា​នេះ​បាន​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​នៅ​តាម​សមុទ្រ​ម៉េឌីទែរ៉ាណេ​ដូចជា​ប្រទេសក្រិក​ អ៊ីតាលី​ និង​ប្រទេសម៉ាល់ត៍​ ដែល​ជា​ប្រទេស​នៅ​ជិត​ឆ្នេរសមុទ្រ​អាហ្វ្រិក​ខាងជើង​ជាង​គេ​បំផុត៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG