រដ្ឋាភិបាលចិនបានប្រើប្រាស់ក្រុមហ៊ុនរដ្ឋមួយ ដែលផ្តោតលើវិស័យការពារជាតិ ឱ្យដឹកប្រេងរាប់លានបារ៉ែលពីវ៉េណេស៊ុយអេឡា បើទោះបីមានទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ជាផ្នែកមួយនៃការទូទាត់បំណុលរាប់ពាន់លានដុល្លារ ដែលរដ្ឋាភិបាលក្រុងការ៉ាកាសជំពាក់រដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងទៅតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ពីប្រភពចំនួនបី និងទិន្នន័យតាមដាននាវាដឹកប្រេង។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនប្រេងឥន្ធនៈជាតិចិន China National Petroleum Corp (CNPC) បានឈប់ដឹកប្រេងពីប្រទេសវ៉េណេស៊ុយអេឡាកាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានពង្រឹងការដាក់ទណ្ឌកម្មលើក្រុមហ៊ុននាំចេញប្រេងពីតំបន់អាមេរិកខាងត្បូងមួយនេះ។ ប៉ុន្តែក្រុមហ៊ុនប្រេងប្រទេសនេះរកវិធីដើម្បីដឹកជញ្ជូនទៅចិនតាមរយៈឈ្មួញនានា ដែលបានផ្លាស់ប្តូរថា ជាប្រេងរបស់ម៉ាឡេស៊ី។
ប្រភពព័ត៌មានបាននិយាយថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មក ក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន China Aerospace and Industry Corp (CASIC) បានដឹកប្រេងពីប្រទេសវ៉េណេស៊ុយអេឡាតាមរយៈនាវាចំនួនបីដែលខ្លួនទទួលបានកាលពីឆ្នាំនោះ ពីក្រុមហ៊ុនប្រេងចិន PetroChina ដែលចុះបញ្ជីជាកម្មសិទ្ធិរបស់ក្រុមហ៊ុន CNPC។ ប្រភពដដែលបានបន្តថា ប្រេងនោះត្រូវបានផ្ទុកនៅកន្លែងស្តុកប្រេងដែលក្រុមហ៊ុននេះទទួលបានកម្មសិទ្ធិពីក្រុមហ៊ុនប្រេងចិន PetroChina ផងដែរ។
ទិន្នន័យពីកម្មវិធី Eikon បង្ហាញថា នាវាដឹកប្រេងចំនួនបីរបស់ក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC បានបើកឧបករណ៍បង្ហាញវត្តមាននៅប្រទេសវ៉េណេស៊ុយអេឡា។ ការបើកឧបករណ៍នេះអនុញ្ញាតឱ្យភាគីទីបីអាចតាមដានបាន។
មកទល់ពេលនេះ ក្រុមហ៊ុនខាងលើបានធ្វើការដឹកប្រេងចំនួន ១៣លើក ដែលមានប្រេងសរុបប្រមាណ ២៥លានបារ៉ែល ក្នុងនោះនាវាចំនួនពីរនឹងត្រូវមកដល់ប្រទេសចិន នៅខែកញ្ញា។ នេះបើយោងតាមកាលវិភាគនៃការដឹកទំនិញរបស់ក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA និងទិន្នន័យពីក្រុមហ៊ុន Refinitiv និង Vortexa Analytics ដែលតាមដាននាវាដឹកប្រេង។
ប្រភពព័ត៌មានមួយបាននិយាយថា ការដឹកប្រេងចំនួន ១៣ លើកដែលមានតម្លៃប្រមាណ ១.៥០០លានដុល្លារចំពោះតម្លៃប្រេងឆៅប្រភេទ Merey Crude ដែលជាប្រភេទប្រេងចម្បងរបស់ប្រទេសវ៉េណេស៊ុយអេឡានោះ ត្រូវបានប្រកាសថា ជា«ប្រេងឆៅ» នៅកន្លែងត្រួតពិនិត្យគយរបស់ចិន ដោយមិនមានបញ្ជាក់ពីប្រភព។
ប្រភពដដែលនេះបាននិយាយថា៖ «ការដឹកប្រេងទាំងបីជើងនោះគឺស្ថិតក្រោមការគ្រប់គ្រងតឹងរ៉ឹងដោយរដ្ឋាភិបាល (ចិន) ហើយក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC ត្រូវបានកំណត់ឱ្យដឹកប្រេងជាផ្នែកមួយក្នុងការទូទាត់បំណុលរដ្ឋដែលប្រទេសវ៉េណេស៊ុយអេឡាជំពាក់ចិន»។
ប្រភពទាំងបីសុំមិនបញ្ចេញឈ្មោះ ដោយសាររឿងនេះជាបញ្ហារសើប។
ផ្នែកព័ត៌មានរបស់ក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC ក្រសួងការបរទេសចិន និងមន្ទីររដ្ឋបាលគយចិនមិនបានឆ្លើយតបសំណើសុំការអធិប្បាយនោះទេ។
តំណាងក្រុមហ៊ុនប្រេងឥន្ធនៈជាតិចិន CNPC មួយរូបក៏សុំមិនបញ្ចេញយោបល់ផងដែរ។
ប្រភពទីពីរបាននិយាយថា បើទោះបីជាប្រេងនោះមួយផ្នែកសម្រាប់ទូទាត់បំណុលក៏ដោយ ទំនិញដទៃទៀត ដូចជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក៏ត្រូវបានទូទាត់ពីការលក់ប្រេងផងដែរ។
បុគ្គលនេះបាននិយាយថា៖ «ថវិកាពីការលក់នេះចូលទៅប្រទេសចិន។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡាទទួលខុសត្រូវលើផ្នែកសម្របសម្រួល និងគណនេយ្យភាព»។
ដោយមានប្រេងប្រមាណ ៤ម៉ឺន២ពាន់ បារ៉ែលក្នុងមួយថ្ងៃ ការដឹកប្រេងទាំងនោះបានបង្កើនការនាំចេញប្រេងសរុបរបស់ប្រទេសវ៉េណេស៊ុយអេឡាទៅកាន់ចិនឡើងដល់ប្រមាណ ៤២ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ រវាងខែមករា និងខែសីហា ឆ្នាំនេះ គឺសើ្មនឹងប្រមាណ ៣ភាគរយនៃបរិមាណប្រេងដែលចិនប្រើប្រាស់។ នេះបើយោងទៅតាមអ្នកស្រី Emma Li អ្នកវិភាគប្រចាំក្រុមហ៊ុន Vortexa ដែលតាមដានលំហូរនៃការដឹកប្រេងនេះ។
ជាផ្លូវការ ចិនមិនបានរាយការណ៍ពីការនាំប្រេងចូលពីប្រទេសវ៉េណេស៊ុយអេឡានោះទេ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩មក។
បំណុលរដ្ឋរបស់ប្រទេសវ៉េណេស៊ុយអេឡាគឺមានចាប់តាំងពីឆ្នាំ ២០០៧ ក្នុងសម័យដឹកនាំដោយអតីតប្រធានាធិបតីលោក Hugo Chavez នៅពេលដែលប្រទេសនេះបានខ្ចីប្រាក់ជាង ៥០ពាន់លានដុល្លារពីរដ្ឋាភិបាលក្រុងប៉េកាំងក្រោមគម្រោងកម្ចីដោះដូរជាមួយប្រេង។
ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចកំណត់ពីទំហំបំណុលដែលរដ្ឋវ៉េណេស៊ុយអេឡានៅជំពាក់ចិននោះទេ។ ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ថា ក្នុងខែសីហា ឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំងបានយល់ព្រមពន្យារពេលចំពោះការសងកម្ចី ចំនួន១៩ពាន់លានដុល្លារ ប៉ុន្តែប្រទេសចិន និងប្រទេសវ៉េណេស៊ុយអេឡា មិនបាននិយាយថា រយៈពេលពន្យារនេះត្រូវបានបញ្ចប់ហើយ ឬនៅនោះទេ។
«ច្រកចូលពិសេស»
ចិន ដែលជាអ្នកទិញប្រេងធំជាងគេនៅលើពិភពលោក នៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ បានទទួលផលប្រយោជន៍ពីការផ្គត់ផ្គង់ប្រេងថោកជាងមុនពីប្រទេសអ៊ីរ៉ង់ និងប្រទេសវ៉េណេស៊ុយអេឡា ហើយនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចិនបានបង្កើនការនាំចូលកាន់តែច្រើនពីរុស្ស៊ី ខណៈប្រទេសនេះកំពុងមានបញ្ហាទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ប្រភពទីមួយនិយាយថា ចិនចាត់ចែងនាំចូលប្រេងក្រោមប្រព័ន្ធកូតាតឹងរ៉ឹងចំពោះរោងចក្រចម្រាញ់ប្រេងណាដែលបានបំពេញលក្ខខណ្ឌសមស្រប។ ប៉ុន្តែការដឹកប្រេងរបស់ក្រុមហ៊ុនអាកាសនិងឧស្សាហកម្មចិន CASIC គឺជាករណីលើកលែង ដែលមិនមានកូតានោះទេ។
បុគ្គលនេះនិយាយថា៖ «ពួកគេចូលទៅប្រទេសចិនក្រោមច្រកផ្លូវពិសេសមួយ។
ក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA ក្រសួងប្រេង និងក្រសួងការបរទេសវ៉េណេស៊ុយអេឡាមិនបានឆ្លើយតបសំណើសុំការអធិប្បាយនោះទេ។
ក្រសួងហិរញ្ញវត្ថុអាមេរិកដែលអនុវត្តការដាក់ទណ្ឌកម្មក៏បដិសេធមិនធ្វើអធិប្បាយផងដែរ។
ក្រុមហ៊ុនអាកាសនិងឧស្សាហកម្មចិន CASIC ដែលបានចាប់ផ្តើមកាលពីឆ្នាំ ១៩៥៦ ជាក្រុមហ៊ុនស្រាវជ្រាវវិស័យការពារជាតិ ដែលបង្កើតគ្រាប់មីស៊ីលដំបូងរបស់ចិននោះ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះបានពង្រីកខ្លួនចូលទៅក្នុងវិស័យការពារជាតិលើជំនាញផ្នែកបច្ចេកវិទ្យាលំហអាកាស។
ប្រភពទីមួយបាននិយាយថា ក្រុមហ៊ុននេះត្រូវបានជ្រើសរើសសម្រាប់ការងារទទួលបន្ទុកដឹកប្រេង ដោយសារតែក្រុមហ៊ុននេះមានអំណាចធំធេងផ្នែកនយោបាយ និងមិនមានការលាតត្រដាងផ្នែកហិរញ្ញវត្ថុខ្លាំងក្លានៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យក្រុមហ៊ុននេះមិនងាយរងការប៉ះពាល់ខ្លាំងពីការដាក់ទណ្ឌកម្ម។
ចាប់តាំងពីឆ្នាំ ២០១៥ មក ក្រុមហ៊ុននេះបានធ្វើការជាមួយនឹងក្រុមហ៊ុនប្រេងរដ្ឋធំៗរបស់ចិន រួមមានក្រុមហ៊ុនប្រេងឥន្ធនៈជាតិចិន CNPC និងក្រុមហ៊ុន Sinopec នៅក្នុងផ្នែកផលិតគ្រឿងសម្ភារៈសម្រាប់វិស័យប្រេងឥន្ធនៈ បច្ចេកវិទ្យាឌីជីថល និងគម្រោងក្រៅប្រទេសផ្សេងៗ។ នេះបើយោងទៅតាមវេបសាយរបស់ក្រុមហ៊ុន។
ការផ្ទេរនាវាដឹកប្រេង និងការស្តុកទុក
ការដឹកប្រេងពីប្រទេសវ៉េណេស៊ុយអេឡាដោយក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC ត្រូវធ្វើឡើងដោយនាវាដឹកប្រេងយក្សធំៗបីគឺនាវា Xingye នាវា Yongle និងនាវា Thousand Sunny។ នេះបើយោងទៅតាមកាលវិភាគលើកដាក់ទំនិញរបស់ក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA និងការតាមដាននាវាដឹកប្រេងដោយក្រុមហ៊ុន Vortexa និងក្រុមហ៊ុន Refinitiv។
ប្រភពចំនួនពីរបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមហ៊ុនអាកាសនិងឧស្សាហកម្មចិន CASIC បានទទួលគ្រប់គ្រងលើនាវាពីក្រុមហ៊ុនប្រេងចិន PetroChina នៅក្នុងឆ្នាំ ២០២០ មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន ប្រេងចិន PetroChina បានកាន់កាប់នាវាទាំងនោះ បន្ទាប់ពីមានជម្លោះផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA ទាក់ទងនឹងទ្រព្យធនពាក់ព័ន្ធនឹងការក្ស័យធនក្នុងការចូលរួមធុរកិច្ចជាមួយគ្នា។ ក្រុមហ៊ុនប្រេងចិន PetroChina បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីឆ្នាំ ២០២០ ថា ខ្លួនបានផ្ទេរនាវាទាំងនោះ ប៉ុន្តែមិនបាននិយាយថា ទៅកាន់នរណានោះទេ។
ប្រភពខាងលើបានបន្ថែមថា ក្រុមហ៊ុនប្រេងចិន PetroChina ក៏បានផ្ទេរឱ្យក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC នូវកន្លែងដាក់នាវាដឹកប្រេង ដែលមានមូលដ្ឋាននៅក្រុង Ningbo ភាគខាងកើតប្រទេសចិន ជាទីដែលទំនិញដឹកជញ្ជូនត្រូវបានប្រគល់។
គ្រប់ទំនិញប្រេងទាំងអស់ពីប្រទេសវ៉េណេស៊ុយអេឡា ដែលទទួលដោយក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC នោះពីដំបូងឡើយត្រូវបានប្រគល់នៅកំពង់ផែ Jose ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Cirrostrati Technology Co LTD ដែលមិនមានប្រវត្តិនៅក្នុងពាណិជ្ជកម្មប្រេងពីមុនមកទេ ដោយគ្រាន់តែដើរតួជាភ្នាក់ងារកណ្តាលសម្រាប់ទំនិញទាំងនោះប៉ុណ្ណោះ។ នេះបើយោងទៅតាមកាលវិភាគរបស់ក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA។
ទីភ្នាក់ងារព័ត៌មាន Reuters បានព្យាយាមទាក់ទងក្រុមហ៊ុន Cirrostrati ដើម្បីសុំការអធិប្បាយ ប៉ុន្តែមិនអាចទាក់ទងបាននោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនអាចស្វែងរកព័ត៌មានអំពីការចុះបញ្ជី និងព័ត៌មានសាជីវកម្មរបស់ក្រុមហ៊ុននេះ ឬមិនមិនអាចកំណត់ដោយឯករាជ្យអំពីទំនាក់ទំនងរវាងក្រុមហ៊ុនបច្ចេកវិទ្យាCirrostrati និងក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC បាននោះទេ។
ប្រេងដែលត្រូវបានដឹកចេញដោយក្រុមហ៊ុនអាកាស និងឧស្សាហកម្មចិន CASIC នោះគឺត្រូវបានប្រើប្រាស់ភាគច្រើនដោយក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យរបស់ចិន ដែលកាន់តែពឹងផ្អែកយ៉ាងខ្លាំងលើតម្លៃប្រេងថោកពីប្រទេសអ៊ីរ៉ង់ និងប្រទេសវ៉េណេស៊ុយអេឡា ហើយនាពេលថ្មីៗនេះពឹងផ្អែកលើរុស្ស៊ីដើម្បីរក្សាប្រតិបត្តិការផ្សេងៗ។
ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមួយបាននិយាយថា មានគេចង់លក់ប្រេងឱ្យតម្លៃ៨ដុល្លារមួយបារ៉ែលថោកជាងតម្លៃស្តុកស្តង់ដារ ឬចុះថ្លៃជាង៣០ដុល្លារចំពោះប្រេងឆៅគុណភាពស្រដៀងគ្នានេះ ដែលត្រូវបានដាក់ស្លាកជាប្រេងនាំចេញពីប្រទេសម៉ាឡេស៊ី។
នាយកប្រតិបត្តិម្នាក់នៅក្រុមហ៊ុនចម្រាញ់ប្រេងបាននិយាយថា៖ «វាមានតម្លៃខ្ពស់ជាងមុន ប៉ុន្តែជារឿងល្អដែលឥឡូវនេះរដ្ឋាភិបាលកំពុងទទួលបន្ទុកលើការផ្គត់ផ្គង់ប្រេងពីប្រទេសវ៉េណេស៊ុយអេឡា ដែលជួយបន្ធូរបន្ថយការឈឺក្បាលផ្នែកដឹកជញ្ជូន និងហានិភ័យពាក់ព័ន្ធនឹងទណ្ឌកម្មផ្សេងៗមកលើពួកយើង៕
Daphne Psaledakis នៅរដ្ឋធានីវ៉ាស៊ីនតោន Vivian Sequera នៅទីក្រុងការ៉ាកាស Eduardo Baptista នៅទីក្រុងប៉េកាំង និង ការិយាល័យព័ត៌មាននៅទីក្រុងប៉េកាំងរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា និងលោក ខ្ញុំ ពិន ស៊ីសុវណ្ណ