ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​​​ដែល​បាន​ជួយ​​រាំង​ខ្ទប់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​វេណេស៊ុយអេឡា


រូបឯកសារ៖ ក្រដាសប្រាក់​ចិន​ និង​ដុល្លារ​អាមេរិក​ត្រូវ​បាន​ដាក់​បង្កប់​ពី​ក្រោម​ទង់ជាតិ​ចិន និង​ទង់ជាតិ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃចន្ទ​លើ​ក្រុមហ៊ុន​វិស្វកម្ម​និង​អេឡិច​ត្រូនិច​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ចិន​ ដែល​បាន​ជួយប្រទេស​វេណេស៊ុយអេឡា​រារាំងក្រុម​អ្នកប្រឆាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ខ្លួន​បាន​រឹត​បន្តឹងការ​ធ្វើ​ជំនួញ​ជា​មួយ​ក្រុមហ៊ុន​អាហរណ​និង​នីហរណជាតិរបស់​ប្រទេស​ចិន ​(CEIEC) ​និងរាំង​ខ្ទប់ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ចិន​ណា​ ដែលរដ្ឋ​មាន​ភាគហ៊ុនចាប់​ពី​៥០%​ឡើង​ទៅ។​

ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​បាន​គូស​បញ្ជាក់​ថា​ក្រុមហ៊ុននាំ​ចេញ​នាំ​ចូល​របស់​ចិន​មួយនេះ​ បាន​ផ្តល់​អ្នកជំនាញ​ទៅ​ជួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ វេណេស៊ុយអេឡា​ដែល​បាន​ធ្វើ​ការ​រាំង​ខ្ទប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ការ​ផ្សាយ​បន្តផ្ទាល់របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ Juan Guaido​ ដែល​ត្រូវបាន​គេ​ចាត់​ទុក​ថា​ ជា​ប្រធានាធិបតី​ស្តី​ទី​របស់​ប្រទេស​វេណេស៊ុយអេឡា ដោយ​ប្រទេសយ៉ាង​ហោច​ណាស់​ចំនួន​៥០​ដែល​ក្នុង​នោះរួម​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ លោក Steven Mnuchin ​បាន​គូស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ «សហរដ្ឋ​អាមេរិកនឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការកំណត់​មុខ​សញ្ញា​នរណាម្នាក់ ដែល​បាន​ជួយ​បង្ក្រាប​សុឆន្ទៈ​ប្រជា​ធិបតេយ្យ​របស់​ពលរដ្ឋ​វេណេស៊ុយអេឡា​ និង​ពលរដ្ឋ​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​លើ​ពិភព​លោក​នោះ​ទេ»។​

ប្រទេស​ចិន​ជា​អ្នក​គាំទ្រ និង​ជា​ដៃ​គូ​ពាណិជ្ជកម្មក្នុង​ការ​ផលិត​ប្រេង​ដ៏​សំខាន់​មួយរបស់​ប្រទេស​វេណេស៊ុយអេឡា ​ដោយ​បាន​ជួយ​មេដឹកនាំ​ក្រុម​ឆ្វេង​និយម​លោកNicolas Maduro​ ​ឲ្យ​បន្ត​អំណាច​របស់​លោក ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​ នៃ​យុទ្ធនា​ការ​ ដែល​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​ការ​ទម្លាក់​គាត់​ចេញ​ពី​តំណែង​ជា​ប្រធានាធិប​តី​ ខណៈដែល​ការ​ដឹក​នាំ​របស់​លោក​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់​ចុះយ៉ាង​ខ្លាំង។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុនអាហរណ​និង​នីហរណ របស់​ប្រទេស​ចិន​មួយ​នេះ​បាន​គាំ​ទ្រ​សកម្មភាព​ព្យាបាទ​របស់​របប​លោក​ Maduro​ ក្នុង​ការបង្រ្កាប​ក្រុម​អ្នក​ប្រឆាំង​នយោបាយ​និង​បាន​បំផ្លាញ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ៕​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG