ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin ប្តេជ្ញាចិត្តជាមួយអាជ្ញាធរខេត្តព្រះសីហនុដើម្បីកែប្រែមុខមាត់ខេត្តដែលសម្បូរដោយជនជាតិចិនមួយនេះ ទៅជាខេត្តគំរូសម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងប្រទេសទាំងពីរ ដោយនឹងធ្វើការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ល្បែងអនឡាញ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម។
ការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតចិនកើតឡើងនៅក្នុងជំនួបជាមួយអភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ដែលបានជជែកពិភាក្សាការងារជាមួយគ្នា ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤។
លោក Wang Wenbin បានផ្តល់ការអត្ថាធិប្បាយក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទថា៖ «ឯកឧត្តម ម៉ាង ស៊ីណេត និងខ្ញុំ បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងប្រទេសទាំងពីរ»។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជារូបនេះបានឲ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលវិនិយោគដោយប្រទេសចិនរយៈពេល ១៦ ឆ្នាំមកនេះ បានរួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ ហើយទេសចរចិនបានមកទស្សនាខេត្តព្រះសីហនុច្រើនជាងគេ។
លោក Wang Wenbin បន្ថែមថា៖ «ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា»។
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងអភិបាលខេត្តព្រះសីហនុនិងឯកអគ្គរដ្ឋទូតចិន គឺជាការប្តេជ្ញាចិត្តបន្ថែមទៀតលើការផ្លាស់ប្តូរយោបល់និងការគិតគូរការសហការគ្នា ទាំងវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការរួមគ្នាបង្ក្រាបល្បែងអនឡាញខុសច្បាប់ជាដើមដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកថ្លែងថា៖ «ឯកឧត្តមឯកអគ្គរដ្ឋទូតចិនជាមួយឯកឧត្តមអភិបាលក៏បានប្តេជ្ញាចិត្តគ្នាក្នុងការសហការគ្នា ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក រួមគ្នាធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រប់ប្រភេទ ប្រយុទ្ធប្រឆាំងជាមួយការល្បែងអនឡាញខុសច្បាប់ទាំងអស់ ដើម្បីបង្កើតបរិយាកាសឲ្យបានល្អបន្ថែមទៀតដល់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្លៀវទេសចរ ក៏ដូចជាអ្នកវិនិយោគចិនផងដែរ។ ហើយយើងបានដឹងហើយការប្តេជ្ញាចិត្តនេះ គឺជាការប្តេជ្ញាចិត្តខ្ពស់មែនទែន តាំងពីរាជរដ្ឋាភិបាលរហូតដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ប្រភេទទាំងអស់»។
អភិបាលរងខេត្តព្រះសីហនុរូបនេះបានលើកឡើងបន្ថែមថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលនិងជាគំរូនៃកិច្ចសហប្រត្តិបត្តិការល្អរវាងប្រទេសកម្ពុជានិងចិន។ លោក ឡុង ឌីម៉ង់ បន្តថា ចិនក៏នឹងជំរុញអ្នកវិនិយោគនិងអ្នកទេសចរចិនមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។
បើតាមលោក ឡុង ឌីម៉ង់ ឆ្នាំ ២០២៥ គឺជាឆ្នាំដែលរដ្ឋបាលគ្រោងធ្វើយ៉ាងណាដើម្បីសម្អាតខេត្តព្រះសីហនុ ដើម្បីទទួលយកនូវផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា។
លោកបានឲ្យដឹងទៀតថា បញ្ហាសេសសល់ក្នុងខេត្តព្រះសីហនុ ដូចជាអគារជាប់គាំងជាដើម នៅឆ្នាំ ២០២៤ គឺអគារជាប់គាំងចំនួន ២១៣ គម្រោងទទួលបានការលើកទឹកចិត្តតាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» ដោយក្នុងនោះអគារជាប់គាំងចំនួន ១០១ ទទួលបានការលើកទឹកចិត្តសាងសង់បន្ត ដោយមានគម្រោងខ្លះកំពុងស្ថិតក្នុងការសាងសង់ ហើយខ្លះទៀតនឹងចាប់ផ្តើមបន្តសាងសង់នាពេលខាងមុខ។ លោក ឡុង ឌីម៉ង់ ថា បញ្ហាអគារជាប់គាំងនេះ រដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ដោះស្រាយជាមួយវិយោគិនផ្សេងទៀត។
កាលពីដើមឆ្នាំ ២០២៤ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា អគារជាប់គាំងនៅខេត្តព្រះសីហនុមានចំនួន៣៦២ ដែលត្រូវការទុនវិនិយោគប្រមាណ ១.១៦១ លានដុល្លារអាមេរិក ដើម្បីបញ្ចប់ការសាងសង់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថា កិច្ចប្រតិបត្តិការរវាងអភិបាលខេត្តព្រះសីហនុលោក ម៉ាង ស៊ីណេត និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា គឺជារឿងល្អ។ លោកក៏កត់សម្គាល់ផងដែរថា កន្លងមក កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក៏ធ្លាប់មានផងដែរនៅក្នុងការបង្ក្រាបបទល្មើសជាច្រើនពាក់ព័ន្ធជនជាតិចិន។ ក៏ប៉ុន្តែការឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងអនឡាញនៅតែមិនទាន់អាចទប់ស្កាត់មានប្រសិទ្ធិភាពនៅឡើយទេ។
បើតាមលោក លោក អំ សំអាត កន្លងមក ខេត្តព្រះសីហនុសម្បូរទៅដោយជនជាតិចិនជាងគេ ហើយក៏សម្បូរទៅដោយការឆបោកតាមអនឡាញដែលធ្វើឲ្យមានការរិះគន់ជាបន្តបន្ទាប់និងបានប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិស័យទេសចរណ៍ ការវិនិយោគ និងសណ្តាប់ធ្នាប់សង្គម។
លោក អំ សំអាត ថ្លែងថា៖ «មកទល់ពេលនេះ បញ្ហាការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងល្បែងអនឡាញនៅតែជាចំណុចមួយដែលគួរឲ្យព្រួយបារម្ភនៅឡើយទេ។ ហើយកន្លងមក យើងក៏ឃើញមានកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក្នុងការចាប់ និងការបង្ក្រាបលើជនជាតិចិនជាច្រើនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណានៅតែបន្តកើតឡើង នេះជាចំណុចព្រួយបារម្ភ។ តែបើសិនជាមានកិច្ចប្រតិបត្តិការនៅក្នុងការបង្ក្រាប និងការទប់ស្កាត់ទៅលើបញ្ហានេះឲ្យមានប្រសិទ្ធិភាព អាហ្នឹងវាជារឿងមួយល្អ ប៉ុន្តែយើងត្រូវរង់ចាំមើលទាំងអស់គ្នា»។
ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ លោក អំ សំអាត លើកឡើងទៀតថា រដ្ឋាភិបាលកម្ពុជាត្រូវតែពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព បណ្តុះបណ្តាលមន្ត្រីជំនាញបន្ថែមទៀតពាក់ព័ន្ធការបង្ក្រាបបទល្មើស លុបបំបាត់អំពើពុករលួយ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាង ទាំងក្នុងតំបន់និងអន្តជាតិនៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងអស់នោះ ព្រោះកម្ពុជានៅតែទទួលបានចំណាត់ថ្នាក់មិនល្អ ពាក់ព័ន្ធបញ្ហាទាំងនេះ។
ក្នុងការទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញនេះ ក្រសួងហរិញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើលោកឧកញ៉ា លី យ៉ុងផាត់ ដោយការបង្កកទ្រព្យសម្បត្តិរបស់សេដ្ឋីរូបនេះ ក្រោយលោកត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្តើមចេញពីមុខជំនួញរបស់លោកដូចជា ការជួញដូរមនុស្សនៅក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ (Scam) និងសកម្មភាពឧក្រិដ្ឋផ្សេងទៀត ដូចជាការវិនិយោគបោកប្រាស់តាមរូបិយបណ្ណគ្រីបតូ (cryptocurrency)។ លោក លី យ៉ុងផាត់ ក៏ត្រូវគេស្គាល់ថាជាសមាជិកព្រឹទ្ធសភាមួយរូបរបស់គណបក្សកាន់អំណាច ហើយក៏ជាអ្នកដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជា គឺលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាផងដែរ៕
វេទិកាបញ្ចេញមតិ