ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​កំពុង​ស្រាវ​ជ្រាវ​ករណី​ជន​ជាតិ​ចិន​ចាប់​បង្ខំ​មនុស្ស​ពីរ​នាក់​ចូល​រថយន្ត


ជនសង្ស័យ ៨នាក់ (ជនជាតិចិន ៦នាក់ និងខ្មែរ២នាក់) ត្រូវបានឃាត់ខ្លួនដោយនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងករណីចាប់ជនរងគ្រោះដាក់រថយន្ត។ (Facebook/ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)
ជនសង្ស័យ ៨នាក់ (ជនជាតិចិន ៦នាក់ និងខ្មែរ២នាក់) ត្រូវបានឃាត់ខ្លួនដោយនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងករណីចាប់ជនរងគ្រោះដាក់រថយន្ត។ (Facebook/ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​កំពុង​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​ជន​ជាតិ​ចិន​ចាប់​បង្ខំ​ជន​ជាតិ​ចិន​ម្នាក់​ និង​ស្ត្រី​ខ្មែរ​ម្នាក់​ឲ្យ​ចូល​រថយន្ត ​ក្នុង​សង្កាត់​លេខ​២ ​ក្រុង​ព្រះ​សីហនុ។​

សកម្ម​ភាព​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​យប់ ​រំលង​ចូល​ថ្ងៃ​ទី​៦ ​ខែ​សីហា​ ឆ្នាំ​២០២៤ ​នៅ​ម្តុំ​ស្តុប​ផ្សារ​ពាណិជ្ជ​កម្ម​ ស្ថិត​នៅ​ភូមិ​២ ​សង្កាត់​លេខ​២ ​ក្រុង​ព្រះ​សីហនុ។​ នេះ​បើ​តាម​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ។​

ក្រោយ​ពី​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង ​ដោយ​មាន​ជន​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​ចាប់​ជន​រងគ្រោះ​ដាក់​រថយន្ត​នោះ ​កង​កម្លាំង​ជំនាញ​ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ​ណុប បញ្ញា ​ស្នងការ​រង​ផែន​ការងារ​ព្រហ្ម​ទណ្ឌ ​បាន​បើក​ប្រតិបត្តិ​ការ​ស្រាវ​ជ្រាវ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​ជា​បុរស​ចំនួន​៨​នាក់​ រួម​មាន​ជន​ជាតិ​ចិន​៦​នាក់ ​និង​ជន​ជាតិ​ខ្មែរ​២​នាក់ ​នៅ​វេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ដដែល​នោះ។ ​អាជ្ញាធរ​ក៏​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​ផង​ដែរ។ ​នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ។​

ក្រៅពី​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​នោះ ​សមត្ថ​កិច្ច​ក៏​បាន​ដក​ហូត​កាំភ្លើង​ខ្លី​ចំនួន​២​ដើម​ ខ្នោះ​ដៃ​ចំនួន​២​គូ ​និង​វត្ថុតាង​មួយ​ចំនួន​ទៀត។ ​កម្លាំង​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​បន្ត ​ដើម្បី​កសាង​នីតិវិធី​បញ្ជូន​ទៅ​តុលាការ។ ​នេះ​បើ​តាម​ការ​បង្ហោះ​ព័ត៌មាន​ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ។​

សកម្ម​ភាព​ចាប់​បង្ខំ​ជន​ជាតិ​ចិន​ម្នាក់ ​និង​ស្ត្រី​ខ្មែរ​ម្នាក់​ចូល​រថយន្ត ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ថត​ជា​វីដេអូ​ និង​ចែក​រំលែក​តាម​បណ្តាញ​សង្គម​ និង​បាន​ដាក់​ការសង្ស័យ​ថា ​ជា​ករណី​ចាប់​ជំរិត។​ នៅ​ក្នុង​វីដេអូ​ដែល​ប្រជា​ពលរដ្ឋ​ថត​បាន​នោះ ​គេ​ឃើញ​ជន​ជាតិ​ចិន​មួយ​ក្រុម ​មក​ចាប់​អូស​មនុស្ស​២​នាក់​បង្ខំ​ឱ្យ​ចូល​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ដែល​គេ​ស្គាល់​ថាឡាន​តូយូតា​អាល់ហ្វា ​រួច​ពួក​គេ​បើក​ចេញ​ពី​កន្លែង​កើត​ហេតុ​នៅ​ក្រុង​ព្រះ​សីហនុ​នោះ។ ​ពល​រដ្ឋ​ដែល​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​បាន​ព្យាយាម​ជួយ​ជន​រង​គ្រោះ​នោះ ​ប៉ុន្តែ​មិន​អាច​រារាំង​ក្រុម​ជន​ជាតិ​ចិន​នោះ​បាន​ឡើយ។​

លោក ​ណុប បញ្ញា ​ស្នង​ការរង​ផែន​ការងារ​ព្រហ្ម​ទណ្ឌ​ ខេត្ត​ព្រះសីហនុ ​ដែល​បាន​ដឹកនាំ​ប្រតិបត្តិ​ការ​លើ​ករណី​មួយ​នេះ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា ​អាជ្ញាធរ​កំពុង​ស្រាវ​ជ្រាវ​បន្ត ​ដូច្នេះ​លោក​មិន​អាច​សន្និដ្ឋាន​ថា​ ករណី​នេះ​ជា​ករណី​អ្វី​ឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំអត់​អាច​បញ្ជាក់​បាន​ទេ ​ព្រោះ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​នៅ​ឡើយ»។​

លោក​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​តែង​តែ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​នានា​ ក្នុង​ការ​ទប់ស្កាត់​និង​បង្ការ​កុំឱ្យ​មាន​បទ​ល្មើស​កើត​ឡើង។​

លោក​បន្ថែម​ថា៖​ «រាល់​ថ្ងៃ​ហ្នឹង​យើង​ពង្រឹង​ហើយ​តើស៍!​យើង​ពង្រឹង​តាំង​ពីមុន​មក​ហើយ​តើស៍ ​បាន​ឈាន​ដល់​កើត​បទ​ល្មើស ​យើង​បង្ក្រាប​បាន»។​

លោក ​ឡុង ​ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ ប្រាប់​វីអូអេ​ថា​ ករណី​នេះ ​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ ក្នុង​លក្ខណៈ​បច្ចេក​ទេស ​ដូច្នេះ​លោក​មិន​អាច​បញ្ជាក់​ព័ត៌មាន​លម្អិត​បាន​នៅ​ឡើយ​ទេ។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​នឹង​ពង្រឹង​វិធាន​នានា​បន្ថែម ​ព្រោះ​បទ​ល្មើស​នានា​គឺ​ជា​ក្តី​បារម្ភ​របស់​ប្រជា​ពលរដ្ឋ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «ហើយ​បើ​ពាក់​ព័ន្ធ​ថា​ ការ​ព្រួយ​បារម្ភ​របស់​សាធារណ​ជន​ គឺ​យើង​ខ្ញុំ​ជឿ​ថា​ដល់​ពេល​បទ​ល្មើស​ជាក់​ស្តែង​កើត​ឡើង ​បទ​ល្មើស​នៅ​ក្នុង​ប្រទេស​ណា ​ក៏​ដូច​ប្រទេស​ណា ​ទី​ក្រុង​ណា​ក៏​ដូចទី​ក្រុង​ណា ​ខេត្ត​ណា​ក៏​ដូច​ខេត្ត​ណា ​[កាលណា]​ តែ​បទ​ល្មើស​កើត​ឡើង​ ប្រជា​ពល​រដ្ឋ​តែង​តែ​បារម្ភ​ហើយ។​ អាជ្ញាធរ​ក៏​តែង​តែ​បារម្ភ​ដូច​គ្នា ​ហើយ​ទន្ទឹង​នឹង​ការ​បារម្ភ ​គឺ​យើង​ដាក់​នូវ​ រៀបចំ​វិធាន​ការ​ពង្រឹង​វិធាន​ការ​បន្ថែម​ទៀត​ផង​ដែរ»។​

ការ​ពង្រឹង​វិធាន​ការ​ឆែក​ឆេរ​អាវុធ​ជាតិ​ផ្ទុះ ​ការ​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់​និង​ការចែក​ចាយ​អាវុធ​ជាតិ​ផ្ទុះ​ និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​ គឺ​ជា​ផែន​ការ ​និង​កិច្ចការ​បង្ការ​កុំ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ នេះ​បើ​តាម​លោក​ ឡុង ​ឌីម៉ង់។​

លោក​បន្ថែម​ថា​ ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​បទ​ល្មើស​នានា​ ក៏​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សមត្ថ​កិច្ច ​ដើម្បី​បង្ក្រាប​បទ​ល្មើស​បាន​ទាន់​ពេល​វេលា។

លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​របស់​អង្គការ​លីកាដូ ​ ថ្លែង​ថា​ ករណី​ចាប់​មនុស្ស​ដាក់​រថយន្ត​ទាំង​បង្ខំ​នេះ​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​ភ្ញាក់​ផ្អើល ​និង​ភ័យ​ខ្លាច​ពាក់​ព័ន្ធ​នឹង​សន្តិសុខ ​និង​សុវត្ថិ​ភាព​ ដូច្នេះ​លោក​ស្នើ​ឱ្យ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​នានា។​

លោក​ថ្លែង​ថា៖ ​«សមត្ថ​កិច្ច​ត្រូវ​តែ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ដើម្បី​អនុវត្ត​ទៅ​លើ​ជន​ដែល​បង្ក​ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ទង្វើ​ទាំង​អស់​ហ្នឹង​កើត​ឡើង​ត​ទៅ​ទៀត​ ពីព្រោះ​ប្រទេស​យើង​មាន​ច្បាប់​ត្រឹម​ត្រូវ​ហើយ​ជន​ជាតិ​ណា​ក៏​ដោយ ​កាល​ណា​មក​កម្ពុជា​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​កម្ពុជា»។​

លោក​បន្ថែម​ថា​ ជន​បរទេស​មិន​មាន​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់​អាវុធ​នោះ​ទេ ​ដូច្នេះ​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ​និង​ការ​ចាប់​មនុស្ស​ដោយ​អនា​ធិបតេយ្យ ​ក៏​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ជាតិ ​និង​អន្តរ​ជាតិ​ ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​ពួក​គេ ​នៅ​ពេល​មក​លេង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG