រដ្ឋាភិបាលចិននឹងផ្តល់ឱ្យកងទ័ពជើងទឹកកម្ពុជានូវនាវាចម្បាំងពីរគ្រឿង នៅគ្រាដែលប្រទេសមហាអំណាចមួយនេះបានជួយធ្វើទំនើបកម្មដល់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ត្រូវបានដកស្រង់សម្តីដោយវិទ្យុបារាំង កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ ថា ជំនួយនាវាចម្បាំងចិនពីរគ្រឿងនេះជាសំណើរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា។ អ្នកនាំពាក្យរូបនេះត្រូវបានសារព័ត៌មានដកស្រង់សម្តីបន្ថែមថា កម្ពុជាទទួលស្វាគមន៍ដល់គ្រប់ភាគីទាំងអស់ដែលចង់ជួយកម្ពុជាដោយស្មោះ ហើយនេះជាកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសជាដៃគូផ្សេងទៀត។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើង ក្រោយពីមានសេចក្តីរាយការណ៍នានាពីវិទ្យុអាស៊ីសេរី និងសារព័ត៌មាន Diplomat ថា ចិននឹងប្រគល់ផែដែលចិនជួយធ្វើទំនើបកម្ម ព្រមទាំងផ្តល់នាវាចម្បាំងពីរគ្រឿងឱ្យកម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បាននៅឡើយទេ។
វីអូអេបានទាក់ទងទៅលោក ម៉ី ឌីណា មេបញ្ជាការកងទ័ពជើងទឹករាម តែលោកបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយឱ្យមើលតាមសារព័ត៌មានដែលបានផ្សព្វផ្សាយវិញ។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ទៀត គឺលោក ឈុំ សុជាត ប្រាប់វីអូអេថាលោកមិនដឹងពីព័ត៌មាននេះទេ ដោយសារតែលោកកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបានដែរ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ប្រាប់វីអូអេថា សហរដ្ឋអាមេរិកមិនមានមតិយោបល់អ្វីទេពាក់ព័ន្ធនឹងការផ្តល់នាវាចម្បាំងពីរគ្រឿងរបស់ចិនមកឱ្យកម្ពុជាឡើយ។
កន្លងទៅ សហរដ្ឋអាមេរិកបានបង្ហាញក្តីព្រួយបារម្ភអំពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន។ សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ស័យថា ចិននឹងប្រើប្រាស់មូលដ្ឋានទ័ពរាមនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានបដិសេធម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់វីអូអេថា កម្ពុជាអាចរងហានិភ័យនៃការរិះគន់ពាក់ព័ន្ធនឹងការផ្តល់នាវារបស់ចិននេះ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែបើសិនជាព័ត៌មានហ្នឹង វាពិតប្រាកដនឹងធ្វើឱ្យកម្ពុជាកាន់តែរងហានិភ័យនៃការរិះគន់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់ ដែលកម្ពុជាតែងតែទទួលបានពីសារព័ត៌មានតំបន់ និងបស្ចិមប្រទេស ហើយជាពិសេសការចោទប្រកាន់របស់អាមេរិកថា កម្ពុជាបានផ្តល់មូលដ្ឋានទ័ពជើងទឹកផ្តាច់មុខ ដែលជាផ្នែកសំខាន់មួយនៃការធ្វើទំនើបកម្មជើងទឹករាមឱ្យចិនឈរជើង»។
បើតាមលោក សេង វណ្ណលី កម្ពុជាក៏នឹងរងការរិះគន់ខ្លាំងពីប្រទេសជាសមាជិកអាស៊ាន ជាពិសេសប្រទេសដែលមានជម្លោះជាមួយចិនលើបញ្ហាសមុទ្រចិនខាងត្បូង៕
វេទិកាបញ្ចេញមតិ