ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ថា ប្រទេស​ដែល​ធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​កីឡា​អូឡាំពិក​នៅ​ចិន​នឹង «រង​ផល​វិបាក»


រូបឯកសារ៖ មនុស្សដើរ​កាត់​បដា​កីឡាអូឡាំពិក​រដូវ​រងា​ឆ្នាំ២០២២ ១០០ថ្ងៃ​មុន​នឹង​ដល់​ថ្ងៃ​បើក​ការ​ប្រកួត​កីឡា​អូឡាពិក​​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Reuters)
រូបឯកសារ៖ មនុស្សដើរ​កាត់​បដា​កីឡាអូឡាំពិក​រដូវ​រងា​ឆ្នាំ២០២២ ១០០ថ្ងៃ​មុន​នឹង​ដល់​ថ្ងៃ​បើក​ការ​ប្រកួត​កីឡា​អូឡាពិក​​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Reuters)

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​បស្ចិម​ប្រទេស​មួយ​ចំនួន​ថា ពួកគេ​នឹង «រង​ផល​វិបាក» សម្រាប់​ការ​ធ្វើ​ពហិការ​ការទូត​របស់​ពួកគេ​មិន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២២ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​ការ​ធ្វើ​ពហិការ​នេះ​កាលពី​ដើម​សប្តាហ៍​នេះ ដោយ​លើកឡើង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដោយសារតែ​ប្រទេស​ចិន​បាន​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធំធេង និង​ប្រព្រឹត្តិ​នូវ​អ្វី​ដែល​ខ្លួន​យល់ឃើញ​ថា​ជា «អំពើ​ប្រល័យពូជសាសន៍» ប្រឆាំង​នឹង​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​តំបន់ Xinjiang។

ចំណែក​ឯ​ប្រទេស​អូស្ត្រាលី ចក្រភពអង់គ្លេស និង​ប្រទេស​កាណាដា​វិញ កាលពី​ថ្ងៃពុធ​ម្សិលមិញ ក៏​បាន​ប្រកាស​ជំហរ​ដូច​សហរដ្ឋ​អាមេរិក​ផងដែរ​នៅ​ក្នុង​ការ​ធ្វើ​ពហិការ​នេះ។

ការ​ប្រកាស​ធ្វើ​ពហិការ​របស់​ប្រទេស​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ការ​ខឹង​សម្បា និង​បាន​ឲ្យ​តម្រុយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​នឹង​សងសឹក​តបត​ទៅវិញ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស និង​កាណាដា ដែល​បាន​យក​វេទិកា​កីឡា​អូឡាំពិក​ធ្វើ​ជា​នយោបាយ គឺ​មិនមាន​ប្រជាប្រិយភាព​និង​កំពុង​ផ្ដាច់​ខ្លួន​ឲ្យ​នៅ​ឯកោ ហើយ​ពួកគេ​នឹង​រង​នូវ​ផលវិបាក​ដែល​មិន​អាច​ជៀសផុត សម្រាប់​ទង្វើ​ខុសឆ្គង​របស់​ពួកគេ»។

កន្លង​មក អង្គការ​តស៊ូមតិ​នានា​បាន​គាំទ្រ​ការ​ធ្វើ​ពហិការ​នេះ។ ចំណែកឯ​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​អូឡាំពិក​លោក Thomas Bach វិញ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស្ថិត​នៅជា​អព្យាក្រឹត​ផ្នែក​នយោបាយ និង​បាន​លើកឡើង​ថា អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​ចូលរួម​របស់​ក្រុម​កីឡាករ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ៕

XS
SM
MD
LG