ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ប្រកាស​ធ្វើ​ពហិកា​រការទូត​មិន​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវរងា​នៅ​ចិន


មនុស្សម្នា ដើរ​កាត់​ស្លាក​សញ្ញា​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង ឆ្នាំ​២០២២ នៅ​ឧទ្យាន Shougang ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ធ្វើ​ពហិកា​រការទូត​មិន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២២ ខាង​មុខ​នេះ។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា រដ្ឋបាល​របស់​លោក Biden «នឹង​មិន​បញ្ជូន​តំណាង​ការទូត​ ឬ​តំណាង​ផ្លូវការ​ណា​មួយ» ទៅ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នេះ​ទេ ដោយសារតែ​ចិន​នៅ​បន្ត​ប្រព្រឹត្តិ «អំពើ​ប្រល័យ​ពូជសាសន៍ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ក្នុង​តំបន់ Xinjiang និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត»។

ការ​ធ្វើ​ពហិកា​រការទូត​នេះ​មាន​ន័យ​ថា មិនមាន​មន្ត្រី​ផ្លូវការ​អាមេរិក​ណា​ម្នាក់​នឹង​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ​ទេ ប៉ុន្តែ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​សហរដ្ឋ​អាមេរិក​ នឹង​នៅតែ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​នេះ​ដដែល។

អ្នកស្រី Psaki បាន​និយាយ​ថា៖ «ក្រុម​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ យើង​នឹង​គាំទ្រ​លើក​ទឹកចិត្ត​ពួកគេ ១០០% ពី​សហរដ្ឋ​អាមេរិក»។

មុន​ពេល​សេតវិមាន​ប្រកាស​អំពី​ការ​ធ្វើ​ពហិការ​ការទូត​នេះ​កាលពី​ថ្ងៃ​ចន្ទ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ចោទ​ប្រកាន់​សមាជិក​សភា​អាមេរិក​ដែល​ដាក់​សម្ពាធ​លើ​លោក Biden ឲ្យ​ធ្វើ​ពហិការ​ការទូត​នេះ​ថា ធ្វើ​ឡើង​ដើម្បី «ទាក់ទាញ​ចំណាប់​អារម្មណ៍» តែ​ប៉ុណ្ណោះ។

លោក Lijian បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​នឹង​ចាត់ «វិធានការ​តបត​វិញ» ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពិតជា​ធ្វើ​ដូច​នេះ​មែន​នោះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

XS
SM
MD
LG