ប្រទេសអូស្ត្រាលីបានប្រកាសថា ខ្លួននឹងធ្វើពហិការការទូតមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដែលនេះគឺជាជំហរមួយដែលមានលក្ខណៈប្រហាក់ប្រហែលនឹងជំហររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដែរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានប្រកាសអំពីការធ្វើពហិការនេះនៅថ្ងៃពុធនេះក្នុង ទីក្រុងកង់បេរ៉ា ដោយលើកឡើងអំពីបញ្ហាជាច្រើន ដូចជាការចោទប្រកាន់ថាចិនបានរំលោភសិទ្ធិមនុស្ស និងការបដិសេធរបស់ចិននៅក្នុងការពិភាក្សាទ្វេភាគីជាមួយអូស្ត្រាលីដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មនិងការទូតជាដើម។
អ្នកនាំពាក្យក្រសួងការបរទសចិនលោក Wang Wenbin បានទាត់ចោលនូវការប្រកាសរបស់លោក Morrison នេះ ដោយបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «គ្មានអ្នកណាខ្វល់នោះទេ» ទោះបីជាអូស្ត្រាលីបញ្ជូនឬមិនបញ្ជូនមន្ត្រីរបស់ខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ។
ទំនាក់ទំនងរវាងប្រទេសចិននិងអូស្ត្រាលីមានភាពល្អក់កករក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានចាប់ផ្តើមដំបូងនៅពេលដែលអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន មិនឲ្យសាងសង់បណ្តាញ 5G ថ្មីរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី។
ទំនាក់ទំនងនេះបានធ្លាក់ចុះកាន់តែខ្លាំងថែមទៀត នៅពេលដែលអូស្ត្រាលីបានជំរុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យរកប្រភពនៃជំងឺកូវីដ១៩។ ជំងឺកូវីដ១៩ ត្រូវបានគេរកឃើញដំបូងកាលពីចុងឆ្នាំ ២០១៩ នៅភាគកណ្តាលប្រទេសចិន៕