ចាប់តាំងពីស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅខែមករាមក លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយជាមួយពួកមេដឹកនាំ ពិភពលោកជាង១០ប្រទេស។
បញ្ជីឈ្មោះដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះដោយសេតវិមាន មាន ១៦ ប្រទេស ហើយរួមមានប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រាប់បញ្ចូលទាំងតែប្រទេសរុស្ស៊ី។ ប្រទេសមួយដែលប្រធានាធិបតីអាមេរិកមិនទាន់បាននិយាយជាមួយគឺប្រទេសចិន។ ការខកខានមិនបានធ្វើដូច្នេះបានធ្វើឲ្យពួកអ្នកឃ្លាំមើលពីប្រទេសចិនខ្លះ មិនត្រឹមតែឆ្ងល់អំពីមូលហេតុអ្វីទេ ក៏ប៉ុន្តែពួកគេមានចម្ងល់ថាតើលោកប្រធានាធិបតី ត្រាំ នឹងនិយាយជាមួយប្រធានាធិបតីស៊ី ជីងពីងនៃប្រទេសចិននៅពេលណា។
ចាប់តាំងពីចូលកាន់ដំណែងមក ការផ្តោតការយកចិត្តទុកដាក់របស់លោកប្រធានាធិបតី ត្រាំ ភាគច្រើនគឺបញ្ហានៅក្នុងប្រទេសហើយនឹងសន្តិសុខជាតិ។ ហើយពួកអ្នកវិភាគនិយាយថា ការសន្យារបស់លោកគិតគូពីប្រទេសអាមេរិកមុនមានន័យថា លោកប្រធានាធិបតីចាំបាច់ផ្តោតលើការនាំការងារមកកាន់សហរដ្ឋអាមេរិកវិញ មិនមែនផ្តោតលើប្រទេសដែលលោកប្រធានាធិបតី បានចោទប្រកាន់ថា បានលួចការងាររបស់អាមេរិកទេ។
ការសន្យាក្នុងយុទ្ធនាការឃោសនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីនាំយក ការងារមកកាន់សហរដ្ឋអាមេរិកវិញ មិនត្រឹមតែប៉ះពាល់ផលប្រយោជន៍របស់ចិនទេ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលលោកចំពោះអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកជាថាជាបញ្ហានៃផលប្រយោជន៍ដ៏សំខាន់ដូចជាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងឬការសម្រេចចិត្តនិយាយជាមួយលោកស្រីប្រធានា ធិបតី Tsai Ing-wen នៃកោះតៃវ៉ាន់ បានធ្វើឲ្យចិនខ្វល់ខ្វាយខ្លាំង។
លោក Wong Ming-hsien សាស្រ្តាចារ្យនៅឯវិទ្យាស្ថានថ្នាក់ក្រោយឧត្តមសិក្សារសម្រាប់ការសិក្សាកិច្ចការអន្តរជាតិនិងយុទ្ធសាស្រ្តនៅសាកលវិទ្យាល័យ តាំកាង កោះតៃវ៉ាន់និយាយថា ការពន្យាពេលនេះមិនមែនមានន័យថា ចិនមិនស្ថិតនៅក្នុងប្រព័ន្ធរ៉ាដារបស់ប្រធានាធិបតីត្រាំទេ។
លោក Wong និយាយថា នៅពេលដោះស្រាយជាមួយចិន វាមិនមែនបញ្ហាតែមួយទេ។ពេលដែលនិយាយពីទំនាក់ទំនងសហរដ្ឋអាមេរិកនិងចិន មានបញ្ហាច្រើនណាស់ រួម មានរូបិប័ណ្ណចិន ឱនភាពពាណិជ្ជកម្ម បញ្ហាសន្តិសុខប្រព័ន្ធកំព្យូទ័រ ហើយនិងបញ្ហាផ្សេងៗទៀត៕