លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពនៅក្នុងសុន្ទរកថាមួយទៅកាន់ពួកកងទ័ព ខណៈដែលលោកបំពេញទស្សនកិច្ចនៅទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកឬ CENTCOM នៅឯមូលដ្ឋានទ័ពអាកាស MacDill នៅក្នុងទីក្រុងតាំប៉ា រដ្ឋផ្លរីដា។
លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា៖ «យើងនឹងគាំទ្រអស់លោក អ្នក១០០ភាគរយ។យើងនឹងការពារអ្នកទាំងឡាយណាដែលការពារយើងហើយយើងនឹងមិនធ្វើឲ្យអស់លោក អ្នក ខកចិត្តទេ»។
ក្នុងសុន្ទរកថាដ៏ខ្លីមួយបន្ទាប់ពីការទទួលទានអាហារថ្ងៃត្រង់ជាមួយបុគ្គលិកយោធា លោកប្រធានាធិបតី ត្រាំ បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងដល់អង្គការអូតង់ ក៏ប៉ុន្តែ លោកប្រធានាធិបតី មានប្រសាសន៍បន្តទៀតថា៖ «យើងសុំតែម្យ៉ាងគត់ថា សមាជិកទាំងអស់របស់អង្គការអូតង់ត្រូវរួមវិភាគទានប្រាក់ឲ្យបានពេញលេញនិងសមស្រប»។
លោកប្រធានាធិបតីក៏បាននិយាយប្រឆាំងក្រុមរដ្ឋឥស្លាមដែរ ដែលលោកបានមានប្រសាសន៍ថា ក្រុមរដ្ឋឥស្លាមកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅទូទាំងសាកលលោក។ ដោយមិននិយាយចំៗពីបទបញ្ជាប្រធានាធិបតីដែលលោកបានចុះហត្ថលេខាកាលពីសប្តាហ៍កន្លងមកដែលកម្រិតជនអន្តោប្រវេសន៍ចូលក្នុងសហរដ្ឋអាមេរិក លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា លោកបានធ្វើការហើយនឹងបន្តធ្វើការដើម្បីធ្វើឲ្យពួកក្រុមរដ្ឋឥស្លាមជ្រុលនិយមស្ថិតនៅក្រៅសហរដ្ឋអាមេរិក។
ប្រធានាធិបតី ត្រាំ ក៏នឹងទទួលបាននូវការផ្តល់ព័ត៌មានសង្ខេបក្នុងដំណើរបំពេញទស្សនកិច្ចនៅ CENTCOM ដែលជាដំណើរទស្សនកិច្ចជាសាធារណៈលើកដំបូងរបស់លោកជាមួយកងទ័ពចាប់តាំងពីលោកចូលកាន់ដំណែងនៅខែមករាមក។
ទីបញ្ជាការ CENTCOM បញ្ជាកិច្ចប្រតិបត្តិការ និងសកម្មភាពយោធាជាមួយសម្ព័ន្ធមិត្តនិងដៃគូនានាដើម្បីបង្កើនសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូពារ និងតំបន់អាស៊ីកណ្តាល៕