ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​​នឹង​ជួប​ជាមួយ​មេដឹក​នាំ​ អង្គការ​ណាតូ


រូបភាព​ឯកសារ៖ ស្លាក​សញ្ញា​អង្គការ​ណាតូ​និង​ទង់ជាតិ​ប្រជាជាតិ​ណាតូ​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង​ប្រ៊ុចសែល។

លោកប្រធានាធិបតី​ស.រ.អា. Donald Trump បាន​យល់ព្រម​ចូល​រួម​ក្នុង​ការ​ប្រជុំមួយ​របស់​ពួក​មេដឹកនាំ​នៃ​អង្គការណាតូ​ (NATO) ក្នុង​ខែ​ឧសភា​នៅ​ក្នុង​ការ​និយាយ​គ្នា​តាមទូរស័ព្ទ​មួយកាល​ពី​ថ្ងៃ​អាទិត្យ​ជាមួយ​លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​នេះ។​ ការ​សន្ទនា​គ្នានេះ​ក៏​មាន​ទាក់ទិន​នឹងជម្លោះ​ទាមទារ​បំបែក​រដ្ឋ​ក្នុង​ប៉ែក​ខាង​កើត​នៃប្រទេសអ៊ុយក្រែន​ផងដែរ​ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់សេតវិមាន។​

សេចក្តី​ថ្លែងការណ៍​នេះ​បាននិយាយ​ថា​លោក Trump និង​លោកអគ្គលេខាធិការ​អង្គការណាតូ «បានពិភាក្សា​គ្នា​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​លើកទឹកចិត្ត​ប្រទេស​ជាសមាជិក​នៃ​សម្ព័ន្ធភាព​ណាតូ​ទាំង​អស់​ឱ្យ​បំពេញ​តាមការ​សន្យា​របស់ពួកគេ​ក្នុង​ចំណាយ​ខាង​ការពារ​ប្រទេស»។

នៅ​ពេលលោកធ្វើការ​ឃោសនា​បោះឆ្នោត លោក Trump ដែល​កាលនោះ​ជា​បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​រិះ​គន់​អង្គការ​ណាតូ​ដោយ​ហៅ​អង្គការ​នេះ​ថា «ហួស​សម័យ» ដែល​នាំ​ឱ្យ​ពួក​មេដឹកនាំអឺរ៉ុបខ្លះព្រួយ​បារម្ភ​អំពី​កម្រិត​នៃ​ការ​ប្តេជ្ញា​របស់លោក។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ លោក​ Trump បាន​សម្តែង​ការគាំទ្រ​ខ្លាំង» ដល់​អង្គការ​ណាតូ។​

សេចក្តីថ្លែង​ការណ៍នេះ​របស់​សេតវិមាន​បាននិយាយ​ថា​លោក Trump និង​លោក Stoltenberg ក៏​បាន «ពិភាក្សា​គ្នា​ដែរ​អំពី​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី​ចំពោះជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​អ៊ុយក្រែន»។

អរិភាព​បានកើត​មានឡើង​រវាង​ក្រុម​យោធា​នៃ​រដ្ឋាភិបាល​អ៊ុយក្រែន​និង​ពួក​ទាមទារ​បំបែក​រដ្ឋ​គាំទ្រ​ដោយ​រុស្សី​នា​ប៉ែកខាងកើតនៃ​ប្រទេសអ៊ុយក្រែន​ដោយ​ភាគី​នីមួយៗ​បាន​ចោទ​ប្រកាន់គ្នា​ទៅ​វិញ​ទៅមក​ថា​បាន​ធ្វើ​ការ​បាញ់បោះ​ជាថ្មី។​មានមនុស្ស​ជាង​៤០នាក់​បានស្លាប់នៅ​ក្នុង​តំបន់កាន់កាប់​ដោយ​រដ្ឋាភិបាល​និង​ផ្នែក​កាន់កាប់​ដោយ​ពួក​ឧទ្ទាម។​

លោក​ Trump បាន​បណ្តាល​ឱ្យមានការ​រិះ​គន់ពី​ពួក​ប្រជាធិបតេយ្យ​និងសាធារណរដ្ឋ​ក្នុង​ប្រទេស​ដោយសារ​លោកបានសម្តែង​បំណង​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​កក់ក្តៅ​ជាង​មុន​ជាមួយ​ប្រធានាធិបតី​រុស្សី Vladimir Putin ដែល​សុទ្ធ​តែ​ជា​សេចក្តី​ថ្លែងការណ៍​នាំ​ឱ្យ​មេដឹកនាំ​ខ្លះ​ក្នុង​ទ្វីបអឺរ៉ុប​មានការ​មិន​ស្រួល​ក្នុង​ចិត្ត៕

XS
SM
MD
LG