សហរដ្ឋអាមេរិកមិនបានច្រានចោលជំនួបពិភាក្សាជាមួយនឹងមន្ត្រីកូរ៉េខាងជើងនៅក្នុងជំនួបបន្ទាប់បន្សំពីកិច្ចប្រជុំតំបន់អាស៊ានក្នុងប្រទេសថៃក្នុងសប្តាហ៍នេះទេ។ អ្នកជំនាញការគូសបញ្ជាក់ថា ការបាញ់កាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្រុង Pyongyang នឹងមិនធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដកថយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួនក្នុងពេលថ្មីៗនេះឡើយ។
នៅថ្ងៃទី១ ខែសីហា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរការទៅកាន់ទីក្រុងបាងកក ទីដែលលោកនឹងធ្វើជាសហប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាមេរិកអាស៊ាន។
នៅថ្ងៃទី២ ខែសីហា លោក Pompeo នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើត វេទិកាតំបន់អាស៊ាន និងប្រជុំលក្ខណៈទ្វេភាគីមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ដើម្បីពិភាក្សារកវិធីសាស្ត្រពង្រឹងសម្ព័ន្ធមិត្តរវាងអាមេរិកនិងថៃ។
លោក Pompeo បានឆ្លើយតបនឹងសំណួរមួយកាលពីថ្ងៃចន្ទពាក់ព័ន្ធនឹងចំណងការទូតជាមួយនឹងកូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ខ្ញុំនឹងធ្វើដំណើរទៅតំបន់អាស៊ីនៅថ្ងៃស្អែក។ ខ្ញុំនឹងទៅទីក្រុងបាងកក រយៈពេលប៉ុន្មានថ្ងៃ។ យើងសង្ឃឹមថា យើងអាចពិភាក្សាម្ដងទៀតក្នុងពេលឆាប់ៗនេះ»៕