ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឯកអគ្គរដ្ឋ​ទូត​​ចិន​ថា ​ចិន​និង​អាមេរិក​ប្រឈម​បញ្ហា​ជាមួយគ្នា​ជា​ប្រវត្តិសាស្ត្រ


នាយ​ឧត្តមសេនីយ៍​ Joseph Dunford (កណ្តាលឆ្វេង) ​ និង​នាយឧត្តមសេនីយ៍​ Fang Fenghui ចាប់ដៃគ្នា​បន្ទាប់ពី​ពិធីចុះហត្ថ​លេខាព្រមព្រៀង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កងទ័ពប្រទេស​ទាំងពីរ​(ស.រ.អា និងចិន)។

សហរដ្ឋ​អាមេរិក​និងប្រទេស​ចិន​ ប្រឈម​នឹងបញ្ហា​ជាមួយគ្នា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការកំណត់​អនាគត​នៃទំនាក់ទំនង​របស់ប្រទេស​ទាំង​ពីរ នេះបើតាម​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំស.រ.អា.​នាពេល​ថ្មីៗ​នេះ។

លោក​ Cui Tiankai ឯក​អគ្គរដ្ឋ​ទូត​ប្រទេស​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​កាលពីថ្ងៃទី​២៥ ខែ​កក្កដា​ថា​ ដោយ​សារ​តែ​ហានិភ័យ​នៃ​ការប្រឈម​ផ្នែក​សេដ្ឋកិច្ច​ឬ​ជម្លោះ​យោធា​ ប្រទេស​ទាំងពីរ​យល់ឃើញ​ថា «វា​មិនមែន​ជា​ជម្រើស​ផ្សេង​ទៀត​នោះ​ទេ»។

លោក​ Cui បាន​ថ្លែង​ថា​៖ «ប្រទេសចិន​ និងស.រ.អា.​ ត្រូវតែ​ធ្វើការរួមគ្នា​កសាង​ទំនាក់ទំនង​ឲ្យ​បាន​រឹងមាំ​និង​មាន​ស្ថិរភាព​ ដោយ​ឈរលើ​គោលការណ៍​គ្មានជម្លោះ​ គ្មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ គោរពគ្នា​ទៅវិញទៅមក​និង​កិច្ចសហ​ប្រតិបត្តិការ​ឈ្នះឈ្នះ»។

លោក​ Cui បាន​សង្កត់ធ្ងន់​លើ​និន្នាការ​វិជ្ជមាន​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ នេះ​បើតាម​ពាក្យពេចន៍​របស់​លោក​ក្នុងសន្ទរកថា​នៅ​ឯ​សន្និសីទ​ប្រចាំឆ្នាំ​នៅវិទ្យាស្ថាន​សម្រាប់​ការសិក្សា​អំពី​ទំនាក់​ទំនង​ចិន-អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ Donald Trump ចូលកាន់​តំណែង​មក​ក្នុង​ឆ្នាំ​នេះ​ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំងពីរ​បាន​កំណត់​យក​ «ពាក្យពេចន៍​ដែល​មាន​ន័យ​ស្ថាបនា» ប្រើ​ប្រាស់​នៅ​ក្នុង​ទំនាក់​ទំនង​នេះ។

សុទិដ្ឋិនិយម​ទៅ​លើ​កិច្ចពិភាក្សា​អំពី​វិស័យ​សេដ្ឋកិច្ច

លោក​មាន​សុទិដ្ឋិនិយម​អំពី​កិច្ច​ពិភាក្សា​សេដ្ឋកិច្ច​ទូលំទូលាយ​ជុំ​ទី​មួយ​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ខែកក្កដា​កន្លង​ទៅ។

លោក​បាន​ថ្លែង​ថា​៖«ការ​ដែល​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំបំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក​បាន​ជ្រើសរើស​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដែល​ស្ថិត​ក្នុង​ន័យ​ស្ថាបនា​ ដើម្បី​ផល​ប្រយោជន៍​រួម​នោះ ពិត​ជា​បាន​ផ្តល់​នូវ​ភាព​វិជ្ជមាន​ដែល​ពិភពលោក​កំពុង​តែ​ត្រូវ​ការ​យ៉ាង​ខ្លាំង»។

ទោះ​ជា​យ៉ាង​ណា កិច្ច​ពិភាក្សា​នេះ​មិន​បាន​ផ្តល់​ជា​ជំហាន​អ្វី​ថ្មី​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាងស.រ.អា. ​និង​ចិន​នោះ​ទេ។ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​មាន​ការ​សង្ស័យ​ថា​ សហរដ្ឋអាមេរិក​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​យក​ពន្ធ​ទៅ​លើ​ការ​នាំចូល​ដែក​ថែប​ពី​ប្រទេស​ចិន​ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ផលិត​ដែកថែប​របស់ស.រ.អា ស្រប​ពេល​ដែល​ប្រទេស​ចិន​បន្ទាប​តម្លៃ​លក់ដែក​ថែក​ក្នុង​ទីផ្សារ​ពិភពលោក។

លោក​ Cui ក៏បាន​ព្រមាន​ពី​បញ្ហា​ប្រឈម​នៃ​ទំនាក់​ទំនង​នេះ​ផង​ដែរ។ បញ្ហា​ប្រឈម​ធំ​មួយក្នុង​ចំណោម​បញ្ហា​ប្រឈម​ទាំងនោះ​គឺ​ «ការវិវត្ត​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ» ដែលអាច​ធ្វើឲ្យ​គោល​នយោបាយ​ចិន​តែ​មួយ​ចុះ​ខ្សោយ​ ដែលរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនទទួល​ស្គាល់​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​តែមួយ​គត់ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទើប​តែ​មាន​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​ជាមួយកោះ​តៃវ៉ាន់។ ចិន​ចាត់​ទុក​កោះតៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​ដាច់ស្រយាល​មួយ​របស់​ខ្លួន។

«ចិន​ប្រឆាំង​ដាច់​ខាត​លើការ​បង្កហេតុ​បែបនេះ» ខណៈពេល​ដែលកងទ័ព​ស.រ.អា.​ លក់​អាវុធ​ទៅ​ឲ្យកោះតៃវ៉ាន់​ ដែល​ការណ៍នេះ​ត្រូវបាន​លោក​ Cui និយាយ​ថា​ជាកិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​បង្កើន​ទំនាក់ទំនង​ផ្លូវការរវាង​កោះតៃវ៉ាន់​ និងរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ទស្សនៈ​ខុសគ្នា​ទៅលើបញ្ហា​កូរ៉េខាង​ជើង

លោក​ Cui ក៏បាន​លើកឡើង​ពី​ ទស្សនៈ​ខុសគ្នា​រវាង​ស.រ.អា​និងប្រទេស​ចិន​ ទៅ​លើ​ដំណោះស្រាយ​ក្នុង​ការ​បញ្ចប់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​របស់កូរ៉េ​ខាងជើង។ លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុងប៉េកាំង​មានគោល​បំណងចង់​ប្រើប្រាស់​ការ​ចរចារ​ និង​ព្យួរ​ការ​ដាក់​ទណ្ឌកម្ម​ជា​បណ្តើរៗ​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង​ដើម្បីឲ្យ​ប្រទេសនេះ​ខិតខំ​អនុលោម​ទៅ​តាម។ លោក​បានសង្កត់​បញ្ជាក់​ថា​ ប្រទេស​ចិន​ជំទាស់នឹង​ការពង្រាយ​ប្រព័ន្ធ​ការ​ពារ​កាំជ្រួច​មីស៊ីល​របស់ស.រ.អា​ក្នុងប្រទេស​កូរ៉េខាងត្បូង​ ហើយ​ប្រឆាំង​នឹង​ការ​ដាក់ទណ្ឌកម្ម​បន្ទាប់បន្សំ​ទៅ​លើ​ពាណិជ្ជកម្ម​និង​ពលរដ្ឋ​របស់​ចិន​ដែល​ធ្វើ​ពាណិជ្ជកម្មជាមួយ​នឹង​កូរ៉េ​ខាងជើង។

លោក​ Cui ក៏​បាន​បញ្ជាក់​យ៉ាង​មោះមុត​ថា​ សហរដ្ឋ​អាមេរិក​គ្មានតួនាទី​ក្នុងសមុទ្រ​ចិនខាងត្បូង​នោះ​ទេ។ រដ្ឋាភិបាល​ក្រុងប៉េកាំង​អះអាង​ទាមទារ​ចំណែកភាគ​ច្រើន​នៃផ្លូវទឹក​ បើទោះជា​មានការ​ទាមទារ​ដូចគ្នា​ទៅ​លើដែនទឹក​ត្រួត​ស៊ី​គ្នា​ដែលទាមទារ​ដោយប្រទេស​ផ្សេងៗមួយ​ចំនួន​ទៀត​ផងដែរ។

លោក​ Cui បាន​បញ្ជាក់ថា​ បញ្ហានេះ​ គឺជម្លោះ​លើដែន​សមត្ថកិច្ចនៃ​ដែនដី​ និង​ដែនសមុទ្រ​រវាង​ប្រទេសជិត​ខាងតែប៉ុណ្ណោះ​ «មិនមែន​ជា​ការប្រជែង​យុទ្ធសាស្រ្ត​រវាងប្រទេស​ចិន​ និងស.រ.អា​នោះ​ទេ»។

លោក​បានបន្ថែមថា​ ប្រតិបត្តិការ​កងទ័ព​ជើងទឹក​របស់ស.រ.អា​ក្នុងតំបន់​នោះ «គឺជា​ការរំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​របស់​ចិន​ ដែល​បាន​បង្កើន​ភាពតាងតឹង​ក្នុងតំបន់​ហើយ​ប្រឆាំង​នឹង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រ។ លោក​បាន​បញ្ចាក់​ទៀត​ថា​ ស.រ.អា​ខ្លួនឯង​ក៏​មិន​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នោះផង​ដែរ៕

ប្រែ​សម្រួល​ដោយ ​កោះ​ សុគន្ធី​

XS
SM
MD
LG