រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson និងប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃអាទិត្យនេះថា ពួកគេមានសេចក្ដីរីករាយចំពោះទំព័រសករាជថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បន្ទាប់ពីលោកទាំងពីរបានជួបប្រជុំគ្នារយៈពេលខ្លីមួយនៅក្នុងទីក្រុងប៉េកាំង លោក Tillerson បាននិយាយថា៖ «យើងដឹងថា តាមរយៈកិច្ចពិភាក្សាបន្ថែមទៀត យើងនឹងសម្រេចបាននូវការស្វែងយល់កាន់តែប្រសើរជាងមុនមួយ ដែលឈានទៅដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក»។
លោក Xi Jinping បាននិយាយថា នៅពេលដែលលោកបាននិយាយជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីខែមុន លោកទាំងពីរបានឯកភាពគ្នាថា ចាំបាច់នឹងសហការគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
លោក Tillerson ក៏បានបញ្ជាក់ផងដែរថា លោក Trump មានសេចក្ដីរីករាយចំពោះឱកាសធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃអនាគត។
លោក Tillerson និងលោក Xi Jinping មិនបានលើកឡើងពីបញ្ហានៅក្នុងតំបន់ ឬក៏បញ្ហារវាងប្រទេសទាំងពីរមកពិភាក្សាគ្នានោះទេ។
ប្រទេសចិនគឺជាប្រទេសចុងក្រោយនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Tillerson ទៅកាន់ទ្វីបអាស៊ី ដែលមុននៅទៅដល់ប្រទេសចិន លោកបានធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង៕