ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​និង​ចិន​ព្រមព្រៀង​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង


លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទះដៃ​ក្នុង​ការ​ប្រគុំ​តន្រ្តី​ដើម្បី​សាទរ​ដល់​ខួប​ទី៧០​នៃ​ក្រុម​តន្រ្តី​យោធា​របស់​កងទ័ព​ប្រជាជន​កូរ៉េ ឬ Korean People's Army (KPA) នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​កាល​ពី​ថ្ងៃ​ពុធ​ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាងជើង​ចំពោះ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​រយៈ​ចម្ងាយ​វែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​ចិត្ត​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ។​ សេចក្តី​លម្អិត​នៃ​សេចក្តី​ព្រាង​នោះ​មិន​ទាន់​បាន​ចេញ​ផ្សាយ​នៅ​ឡើយ​ទេ។

ការ​ប្រកាស​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន​បំពេញ​ដំណើរ​ទស្សនកិច្ចនៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​នៅ​ទី​នោះ​លោក ​បាន​ជួបកាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​លោករដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ John Kerry ​ហើយ​នឹង​ជួប​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​លោកស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។

លោក Ned Price អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​លោកស្រី Rice ​និង​លោក​ Wang រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​បាន​ព្រម​ព្រៀង​គ្នា​លើ​ការ​ឆ្លើយ​តប​ដ៏​ខ្លាំង​មួយ ​ហើយ​និង​ក្នុង​សំឡេង​តែ​មួយ​ដល់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​រួម​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ផង។

​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ​លោក Cho June-hyuck អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​កូរ៉េ​ខាង​ត្បូង ​បាន​ហៅ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​នោះ​ថា ​ខ្លាំង​ និង​ធំ​ទូលាយ។​ លោក​បាន​និយាយ​ថា «សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​ចិត្តនោះ​មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល​ខ្លាំង​ជាង​សេចក្តី​សម្រេច​ចិត្ត​កាល​ពី​អតីត​កាល‍»៕

XS
SM
MD
LG