ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅពេល​​ចិន​បង្កើន​ការ​យាម​ល្បាត​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ ​តើ​​ម៉ាឡេស៊ី​និង​ប្រទេស​វៀតណាម​នឹង​ធ្វើ​ដូចម្តេច​?


រូបឯកសារ៖ ផែនទីបង្ហាញពីតំបន់សមុទ្រចិនភាគខាងត្បូង។
រូបឯកសារ៖ ផែនទីបង្ហាញពីតំបន់សមុទ្រចិនភាគខាងត្បូង។

គេ​រំពឹង​ថា​ ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​វៀតណាម​ដែល​មាន​កម្លាំង​ខាង​យោធា​ខ្សោយ​ជាង​ប្រទេស​ចិន ​នឹង​ធ្វើ​ការ​តវ៉ា​តាម​ការទូត​អំពី​កង​នាវា​ចិនដែល​បាន​បើក​ចូល​ទៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ក្នុង​ខែ​មេសា​ ហើយ​ការណ៍​នេះ​បណ្តាល​ឱ្យ​មាន​ភាពជាប់គាំងដែល​នឹង​មាន​រយៈ​ពេល​យូរតទៅទៀត។​

ប្រទេស​ទាំង​ពីរ​នេះ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​កំពុង​ឃ្លាំ​មើល​ចលនា​នៃ​កង​នាវា​ចិន​ Haiyang Dizhi 8​ ដែល​របាយ​ការណ៍​ព័ត៌មាន​ជា​ច្រើន​និយាយ​ថា​ បាន​បើក​កាត់​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មេសា។​កប៉ាល់​នេះ​បាន​ចំណាយ​ពេល​បួន​ខែ​កាល​ពី​ឆ្នាំ​២០១៩​នៅ​ក្នុង​តំបន់​សម្បូរ​ប្រេង​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​វៀតណាម​បាន​ទាមទារ​ថា ​ជា​របស់ខ្លួន​ ហើយ​កប៉ាល់​នេះ​បាន​រារាំង​មិន​ឱ្យ​ប្រទេស​វៀតណាម​រុក​រក​ប្រេង​នៅ​ក្រោម​ទឹក​ទេ។​

ពួក​អ្នក​វិភាគ​មាន​ជំនឿថា​ នៅ​ពេល​នេះ​រដ្ឋ​ទាំង​ពីរ​នេះ​នឹង​ប្រហែល​ធ្វើការ​តវ៉ា​តាម​ការ​ទូត​ដល់​ប្រទេស​ចិន​ក៏​ប៉ុន្តែ​តវ៉ា​ខ្លាំង​ជាង​មុន​បន្តិច។​ ប្រទេស​ទាំង​ពីរ​នេះ​គ្មាន​កម្លាំង​យោធា​ខ្លាំង​ដូច​ប្រទេស​ចិន​ទេ។​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​កាន់​តំណែង​តិច​ជាង​ពីរ​ខែ​ក៏​មាន​បទ​ពិសោធន៍​បន្តិច​បន្តួច​ខាង​ការទូត​ដែរ។​

ពួក​អ្នក​ជំនាញ​មាន​ជំនឿ​ថា ​ដោយ​គ្មាន​ការ​ឆ្លើយ​តប​នឹង​សកម្ម​ភាព​របស់​ចិន​ ប្រទេស​ចិន​អាច​រក្សា​ទុក​កង​នាវា​ធ្វើ​ការ​ស្ទង់​នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ ​ហើយ​រារាំង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ខួង​រក​ថាមពល​របស់​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​វៀតណាម។​

លោក​ Carl Thayer ​ដែល​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ New South Wales​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​និយាយ​ថា៖ ​«នេះ​គ្រាន់តែ​ជា​ស្ថានភាព​នៅ​នឹង​ដដែល»។​

លោក​ Thayer​ បាន​និយាយ​ថា៖ ​«ប្រទេស​ចិន​កំពុង​ធ្វើការ​ស្ទង់នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​នោះ​ ហើយ​ប្រទេស​ម៉ាឡេស៊ី​កំពុង​ស្វែង​រក​ប្រេង​ដែរ​ហើយ​ជួន​កាល​បាន​ត្រូវ​រំខាន​ហើយ​ហៀប​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែរ។ ​បន្ទាប់​មក​ក៏​មាន​សម្ពាធ​ខាង​ការទូត​នៅ​ក្រោយ​ឆាក។ ​ជួន​កាល​ក៏​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ​ហើយ​ប្រសិន​បើ​ម៉ាឡេស៊ី​មិន​ចុះចាញ់​ទេ ​ ប្រទេស​ចិន​ក៏​យក​នាវា​ ហើយ​ប្រគល់​ត្រឡប់​មក​វិញ​នៅ​ពេល​ក្រោយ»។​

ការរង្គាស​ចិត្ត​គ្នា​បែប​នេះ​បាន​កើត​មាន​ឡើង​ជា​ទៀងទាត់​នៅ​ក្នុង​ជម្លោះ​នេះ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង​ដែល​មាន​ភាព​ខ្លាំង​ឡើងៗ។​

ប្រទេស​ចិនម៉ាឡេស៊ី​និង​ប្រទេស​វៀតណាម​ព្រម​ទាំង​រដ្ឋាភិបាល​បី​ទៀត​បាន​ទាមទារ​តំបន់​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​នៃ​ដែន​សមុទ្រ​នេះ​ដែល​មាន​ទំហំ​៣​លាន​៥​សែន​គ.ម.​ក្រឡា។​ ប្រទេស​ទាំង​នេះ​ចង់​កាន់​កាប់​តំបន់​ទាំង​នេះ​ដែល​ជា​ផ្លូវ​នាវា​ចរណ៍​ សំបូរ​ត្រី​ ប្រេង​និង​ឧស្ម័ន​ធម្មជាតិ។​ ប្រទេស​ចិន​ខ្លាំង​ជាង​ប្រទេស​ឯ​ទៀតៗ​ដែល​ទាមទារ​តំបន់​សមុទ្រ​ទាំង​នេះ​កាល​ពី​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ដោយ​ចាក់​ដី​បំពេញ​កោះ​តូចៗ​សម្រាប់​ស្ថាបនា​ទីតាំង​យោធា។​

ពួក​រដ្ឋ​ដែល​ទាមទារ​តំបន់​សមុទ្រ​ទាំង​នេះ​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ចម្រើន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​នេះ​ទេ។ ​យូរៗ​ម្តង​កង​នាវា​ចម្បាំង​នៃ​កង​ទ័ព​ជើង​ទឹក​ស.រ.អា.​បាន​បើក​កាត់​តំបន់​នោះ​ជាការ​ព្រមាន​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

នាយក​រដ្ឋមន្ត្រី​ថ្មី​នៅ​ប្រទេស​ម៉ាឡេស៊ី

ពួក​អ្នក​វិភាគ​និយាយ​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​Muhyiddin Yassin​ នៃ​ប្រទេស​ម៉ាឡេស៊ី ​ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ត្រូវ​តែងតាំង​កាល​ពី​ខែ​មីនា​ប្រហែល​ជា​ នឹង​រក​វិធី​ដោះស្រាយ​មិន​ចេញ​មុខ​មាត់​ទាក់ទង​នឹង​វត្តមាន​របស់​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​នេះ។​ លោក ​Mahathir Mohamad ​ដែល​កាន់​តំណែង​មុន​លោក​ Yassin​ បាន​សាកសួរ​ជា​សាធារណៈ​អំពី​មូលដ្ឋាន​នៃ​ការ​ទាមទារ​របស់​ចិន​ហើយ​លោក​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​នាវា​ចម្បាំង​ថែម​ទៀត​ផង។​

លោក​ Oh Ei Sun ​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​នៅ​ប្រទេស​សិង្ហ​បូរី។ លោក​បាន​និយាយ​ថា៖​ «នាយក​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ​មិនមែន​ដូច​លោក​ Mahathir ​ទេ។ ​លោក​មិន​ដែល​កាន់​យក​គោល​ជំហរ​តឹង​រ៉ឹង​ខាង​ការទូត​ឬ​ខាង​នយោបាយ​ទេ»។​

លោក​ Oh Ei Sun ​បាន​និយាយ​ថា​ គេ​រំពឹង​ថា​ នឹង​មាន​ការ​ចរចា​មិន​ចេញ​មុខ​រវាង​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ចិន​ ដែល​នឹង​ធ្វើ​ចលនា​កង​នាវា​ខ្លួន ​«ដោយ​សន្តិវិធី​និង​ដោយ​គិត​ទុក​ជា​មុន»​ នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​នេះ។​

លោក ​Thayer​ បាន​និយាយ​ថា ​ ប្រទេស​ចិន​បាន​អាក់​អន់​ចិត្ត​នឹង​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​ដាក់​សំណុំ​ឯកសារ​កាល​ពី​ខែ​ធ្នូ​ទៅ​កាន់​គណៈ​កម្មការ​អ.ស.ប.​ទទួល​បន្ទុក​ការ​កម្រិត​ខ្ពង់​រាប​បាត​សមុទ្រ​អំពី​ផែនការ​ពង្រីក​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហួស​ពី​៣៧០​គ.ម.​ពី​ឆ្នេរ​សមុទ្រ​ខ្លួន។​ ប្រទេស​ចិន​បាន​ទាមទារ​ដែន​សមុទ្រ​នេះ​ប្រមាណ​៩០ភាគរយ ហើយ​បាន​និយាយ​យោង​ដល់​ឯកសារ​ប្រវត្តិ​សាស្ត្រ​ដែល​ខ្លួន​បាន​ប្រើ​ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ផង​ខ្លួន។​

កាល​ពី​ខែតុលា​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់​ផ្តើម​រុក​រក​ប្រេង​និង​ឧស្ម័ន​នៅ​ខាងក្រៅ​កម្រិត​៣៧០​គ.ម.​នោះ។ ​អង្គការ​ស្រាវ​ជ្រាវ​របស់​ស.រ.អា.​ឈ្មោះ​ Asia Maritime Transparency Initiative​ និយាយ​នៅ​លើ​គេហ​ទំព័រ​ខ្លួន​ថា ​នាវា​ខួង​រក​ប្រេង​ឈ្មោះ ​West Capella ​របស់​ក្រុម​ហ៊ុន​អង់គ្លេស​មួយ​បាន​ក្លាយ​ទៅ​ជា ​«មជ្ឈមណ្ឌល​នៃ​ភាព​មិន​ឈ្នះ​មិន​ចាញ់»​ដែល​នាំ​ឲ្យ​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ធ្វើ​សកម្មភាព។​

អ្នកស្រាវ​ជ្រាវ​ម្នាក់​ដែល​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​ថា ​នាវា​ធ្វើ​ការ​ស្ទង់របស់​ចិន​បាន​ទៅ​ដល់​តំបន់​នោះ​កាល​ពី​សប្តាហ៍​ទីពីរ​នៃ​ខែ​មេសា​ជា​មួយ​នាវា​អម​ដំណើរ​ចំនួន​ប្រមាណ​១០​គ្រឿង​ហើយ​អាច​វិល​ត្រឡប់​មក​វិញ​ជាមួយ​កប៉ាល់​អម​ដំណើរ​២០​ឬ​៣០​គ្រឿង​ដែល​ជា​ការ​បង្ហាញ​កម្លាំង​របស់​ចិន​ប្រាប់​ប្រទេស​ម៉ាឡេស៊ី។​

គេហទំព័រ​តាម​ដាន​នាវា​ឈ្មោះ ​Marine Traffic ​ឲ្យ​ដឹង​ថា​ នាវា​ស្ទង់​របស់​ចិន​នេះ​បាន​បើក​ជិត​ប្រទេស​ចិន​ដី​គោក​នៅ​ខាង​កើត​ក្រុង​ហុងកុង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៩​ខែ​មេសា។​

ប្រទេស​វៀតណាម​បាន​រៀន​ពី​ហេតុ​ការណ៍​កាល​ពី​ឆ្នាំ​២០១៩​

កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​មិញ ​នាវា​ស្ទង់​ខាង​ថាមពល​របស់​ចិន​ដដែល​នេះ​បាន​ចាប់​ផ្តើម​យាម​ល្បាត​នៅ​ជិត​ឆ្នេរ ​Vanguard Bank​ នៅ​ចម្ងាយ​៣៥២​គ.ម.​ពី​ឆ្នេរ​សមុទ្រ​ភាគ​ឦសាន​នៃ​ប្រទេស​វៀតណាម។ ​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ឯ​សើន​រុក​រក​ថាមពល​ក្រោម​សមុទ្រ​មួយ​នៅ​ជិត​ឆ្នេរ​ Vanguard Bank។ ​នាវា​ចិន​នេះ​បាន​ចាក​ចេញ​ពី​ទី​នោះ​នៅ​ខែតុលា។​

នាវា​វៀតណាម​និង​ចិន​បាន​បុក​គ្នា​កាលពី​ឆ្នាំ​២០១៤​នៅ​ពេល​ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​មាន​កន្លែង​បូម​ប្រេង​មួយ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​នោះ។​ លោក ​Thayer​ បាន​និយាយ​ថា ​នៅ​ពេល​ដែល​នាវា​ស្ទង់​នេះ​បាន​បង្ហាញ​ខ្លួន​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ប្រទេស​ចិន​បាន​រារាំង​វៀតណាម​មិន​ឱ្យ​ចូល​ទៅ​ជិត​កន្លែង​ខួង​រក​ប្រេង​របស់​ខ្លួន​ទេ​ហើយ​ភាព​មិន​ឈ្នះមិន​ចាញ់​នេះ​បាន​ក្លាយ​ទៅ​ជា​ស្ថានភាព​មិនព្រម​ដក​ថយ​មុន​រៀង​ខ្លួន»។​

ពួក​អ្នកស្រាវ​ជ្រាវ​និយាយ​ថា ​លើក​នេះ​ប្រទេស​វៀតណាម​នឹង​តវ៉ា​ទៀត​ហើយ​ចៀសវាង​មិន​ប្រើ​កម្លាំង​ទេ។​

លោក ​Nguyen Thanh Trung ​ជានាយក​នៃ​មជ្ឈមណ្ឌល​ខាងការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ខាង​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ​ក្នុង​ក្រុង​ហូជីមិញ​ ដែល​ជា​អតីត​ក្រុង​ព្រៃនគរ​នៃ​ដែនដី​កម្ពុជា​ក្រោម។​ លោក​បាន​និយាយ​ថា​ នៅ​ក្នុង​ករណី​នេះ​កង​នាវា​ Haiyang Dizhi 8​ អាច​ចំណាយ​ពេល​ពីពីរ​ទៅ​បី​ខែ​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​នេះ​ក្នុង​ឆ្នាំ​នេះ​ដោយ​ប្រើ​កោះ​តូចៗ​ដែល​ត្រូវ​ចាក់​ដី​បំពេញ​ជា​កន្លែង​សម្រាប់​ទទួល​ការ​ផ្គត់ផ្គង់។​

លោក​បាន​ថ្លែង​ថា ​ប្រទេស​វៀតណាម​សង្ឃឹម​ថា ​នឹង​មាន​ការ​គាំទ្រ​ពី​រដ្ឋ​ឯ​ទៀតៗ​ក្នុង​អាស៊ី​អាគ្នេយ៍។​

លោក ​Nguyen Thanh Trung ​បាន​និយាយ​ថា៖​« នេះ​ជា​ហេតុ​ការណ៍​កើត​មាន​ប្រចាំ​ឆ្នាំ។​ខ្ញុំ​យល់​ថា​នេះ​ជា​លើកទី​ពីរ​ហើយ​ដែល​នាវា​ស្ទង់​នេះ​បាន​មក​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​វិញ។​ ប្រសិន​បើ​ប្រទេស​នានា​ក្នុង​អាស៊ី​អាគ្នេយ៍​មិន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ពេល​នេះ​ទេ​ ប្រហែល​នៅ​ឆ្នាំ​ក្រោយ​កប៉ាល់​ស្ទង់​នេះ​នឹង​វិល​ត្រឡប់​មក​វិញ​ទៀត​ហើយ​វា​ប្រហែល​ជ្រើស​រើស​តំបន់​មួយ​ទៀត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ធ្វើការ​ស្ទង់​ខាង​ភូគម្ភសាស្ត្រ»។​

ប្រែសម្រួល​ដោយ​ឈឹម សុមេធ​

XS
SM
MD
LG