ការបង្កើនសកម្មភាពខ្លាំងខុសធម្មតារបស់ទាហានជើងទឹកសហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងកាលពីខែមុន បានបង្ហាញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្រៀនប្រទេសចិននូវក្បួនច្បាប់មួយចំនួនសម្រាប់ការធ្វើប្រតិបត្តិការនៅក្នុងដែនទឹកដែលមានជម្លោះ។ នេះបើយោងតាមសេចក្ដីប្រកាសផ្លូវការមួយចំនួន និងការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវនានា។
កាលពីពេលថ្មីៗនេះ ទាហានជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាពីរគ្រឿងទៅកាន់សមុទ្រចិនខាងត្បូង។ ប្រទេសចិនកំពុងបង្កើនការត្រួតត្រាលើសមុទ្រចិនខាងត្បូងនេះ ប៉ុន្តែរងការប្រឆាំងពីរដ្ឋាភិបាល ៥ ផ្សេងទៀត បន្ទាប់ពីរដ្ឋាភិបាលចិនបានបញ្ជូននាវាដឹកយន្តហោះដែលផលិតនៅចិនផ្ទាល់ជាលើកដំបូងបង្អស់ទៅកាន់សមុទ្រចិនខាងត្បូងនេះសម្រាប់ធ្វើការស្រាវជ្រាវ និងសាកល្បង។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បង្ហាញប្រទេសចិនថាត្រូវតែទុកសមុទ្របែបយុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយនេះឲ្យនៅបើកចំហ ជាជាងព្យាយាមវាតទីសម្រាប់ការប្រើប្រាស់ផ្ដាច់មុខតែខ្លួនឯង។ នេះបើតាមការបញ្ជាក់របស់បញ្ជាការដ្ឋានទាហានជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងការបញ្ជាក់របស់អ្នកវិភាគនានា ទោះបីជាអ្នកជំនាញមួយចំនួនយល់ឃើញថា កត្តាដែលអាចមានជម្លោះប្រដាប់អាវុធនោះគឺមានតិចតួចក៏ដោយ។
លោក Stephen Nagy សាស្ត្រាចារ្យផ្នែកនយោបាយ និងការសិក្សាកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Christian University នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បាននិយាយថា៖ «ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងព្យាយាមតម្រែតម្រង់ និងកែប្រែឥរិយាបថរបស់ចិន ហើយការធ្វើដូច្នេះគឺពិតជាពិបាក»។
លោកបានបន្ថែមថា៖ «ការដាក់សម្ពាធដ៏ទូលំទូលាយនេះគឺជាមធ្យោបាយដើម្បីចាប់ផ្ដើមកែប្រែឥរិយាបថរបស់ចិន នៅក្នុងវិធីមួយដែលមិនធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងហួសពីការគ្រប់គ្រងបានរហូតដល់ក្លាយទៅជាជម្លោះ»។
ការកើនឡើងនូវការដាក់សម្ពាធយោធាជើងទឹក
នាវាដឹកយន្តហោះរបស់ចិនបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ដើម្បីធ្វើការស្រាវជ្រាវ និង «ហ្វឹកហាត់ជាប្រចាំ» នៅក្នុង «ដែនទឹកដែលពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង»។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ Xinhau ផ្លូវការរបស់ចិនកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ដោយស្រង់សម្ដីរបស់អ្នកនាំពាក្យយោធារំដោះប្រជាជនចិន។
នាវាដឹកយន្តហោះនេះទទួលបានការចាប់អារម្មណ៍ពីបណ្ដាប្រទេសនៅទ្វីបអាស៊ី និងពីសហរដ្ឋអាមេរិក ដោយសារតែវាជានាវាដឹកយន្តហោះទីពីររបស់ចិន និងជានាវាដឹកយន្តហោះលើកដំបូងដែលចិនបានផលិតឡើងដោយខ្លួនឯង។ ប្រទេសចិនកម្រប្រកាសថា ខ្លួនបានបញ្ជូននាវាដឹកយន្តហោះទៅកាន់សមុទ្រចិនខាងត្បូងណាស់។
ទាហានជើងទឹកសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ខ្លួនបានបញ្ជូននាវាចម្បាំងរបស់ខ្លួនពីរគ្រឿងទៅកាន់សមុទ្រចិនខាងត្បូងនៅថ្ងៃទី ២០ និងទី ២១ ខែវិច្ឆិកា។ ទាហានជើងទឹកសហរដ្ឋអាមេរិកបានហៅបេសកកម្មទាំងពីរនេះថាជា «សេរីភាពនៃប្រតិបត្តិការនាវាចរណ៍» ប៉ុន្តែ មិនបានបញ្ជាក់លំអិតអំពីថាតើនាវាទាំងពីរគ្រឿងនេះធ្វើប្រតិបត្តិការអ្វីខ្លះនោះទេ។
នាវា USS Gabrielle Giffords ដែលជានាវាចម្បាំងប្រតិបត្តិការក្បែរមាត់សមុទ្រ បានធ្វើដំណើរទៅជិតថ្មប៉ប្រះទឹក Mischief Reef នៅក្នុងប្រជុំកោះ Spratly។ នេះបើតាមការបញ្ជាក់របស់សេចក្ដីប្រកាសនោះ។ ប្រទេសចិនបានអភិវឌ្ឍ និងគ្រប់គ្រងថ្មប៉ប្រះទឹកនេះសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ដែលក្នុងនោះមានទាំងការដំឡើងប្រព័ន្ធយោធាផងដែរ។
នាវាមួយគ្រឿងទៀតរបស់សហរដ្ឋអាមេរិក គឺនាវា USS Wayne E. Meyer។ នាវាពិឃាដនេះបានធ្វើដំណើរទៅជិតប្រជុំកោះ Paracel ដែលជាបណ្ដុំកោះគ្រប់គ្រងដោយចិន ប៉ុន្តែការគ្រប់គ្រងនេះត្រូវបានប្រឆាំងដោយប្រទេសវៀតណាម។
តាមធម្មតា ទាហានជើងទឹកសហរដ្ឋអាមេរិកបញ្ជូននាវាម្ដងមួយគ្រឿងក្នុងចន្លោះពេលប្រហែលជាមួយខែម្ដង។
ក្រៅពីប្រទេសចិន ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ទាមទារកាន់កាប់ទាំងស្រុង ឬក៏មួយផ្នែកនៃសមុទ្រចិនខាងត្បូងនេះ ដែលមានទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េ លាតសន្ធឹងពីទីក្រុងហុងកុងដល់កោះ Borneo។ ពួកគេផ្ដល់តម្លៃដល់សមុទ្រនេះ ដោយសារតែវាសំបូរធនធានមច្ឆា ធនធានធម្មជាតិ និងជាផ្លូវដឹកជញ្ជូនតាមកប៉ាល់។
អន្តរជាតិបានចាប់អារម្មណ៍លើប្រទេសចិនក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដោយសារតែចិនមានកម្លាំងយោធាខ្លាំងជាងគេបំផុតក្នុងចំណោមភាគីជម្លោះទាំង ៦ ហើយចិនបានកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបបំផុត ដូចជាកន្លែងផ្ទុកយន្តហោះចម្បាំងជាដើម នៅលើកូនកោះតូចៗរាប់រយក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក្រុងប៉េកាំងយោងលើតឹកតាងប្រវត្តិសាស្ត្រសម្រាប់គាំទ្រការទាមទារកាន់កាប់របស់ខ្លួនលើសមុទ្រចិនខាងត្បូងនេះ។
ការព្យាយាមបង្ហាញឲ្យចិនឃើញពីសេរីភាពធ្វើនាវាចរណ៍
កាលពីឆ្នាំ ២០១៦ រដ្ឋាភិបាលចិនបានច្រានចោលការសម្រេចប្រឆាំងនឹងការទាមទាររបស់ខ្លួនរបស់តុលាការមួយ ដែលបានបង្កើតក្រោមតុលាការអាជ្ញាកណ្ដាលអន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ពាក់ព័ន្ធនឹងការសម្រេចនៃអាជ្ញាកណ្ដាលពិភពលោកលើបញ្ហាសមុទ្រចិនខាងត្បូង ដែលស្នើឲ្យប្រទេសចិនគោរពតាមច្បាប់ដែនសមុទ្រអន្តរជាតិ។
បេសកកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ចង់បង្ហាញថា ថ្មប៉ប្រះទឹក Mischief Reef មិន «ស្ថិតក្នុងរង្វង់ដែនសមុទ្ររបស់ប្រទេសណាមួយ» នៅក្រោមច្បាប់អន្តរជាតិនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ទាហានជើងទឹកសហរដ្ឋអាមេរិក។
សេចក្ដីប្រកាសរបស់ទាហានជើងទឹកសហរដ្ឋអាមេរិកដដែលនេះបានបញ្ជាក់ថា ក្នុងការធ្វើដំណើរទៅកាន់ប្រជុំកោះ Paracels រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បង្ហាញថា «ច្បាប់អន្តរជាតិមិនអនុញ្ញាតឲ្យប្រទេសនៃទ្វីបណាមួយ» ដូចជា ប្រទេសចិន និងសហរដ្ឋអាមេរិកជាដើម បង្កើតមូលដ្ឋាននៅជុំវិញប្រជុំកោះទាំងមូលនោះទេ។
មន្ត្រីអាមេរិកាំងនឹងតាមដានប្រទេសចិនជាបន្តជាប់រហូតនៅតាមសមុទ្រ។ នេះបើតាមការបញ្ជាក់របស់លោក Andrew Yang អគ្គលេខាធិការក្រុមប្រឹក្សាសិក្សាគោលនយោបាយជាន់ខ្ពស់របស់ចិននៅកោះតៃវ៉ាន់។
លោកនិយាយដូច្នេះថា៖ «វាជាកិច្ចប្រឹងប្រែងជាបន្តមួយដើម្បីបង្ហាញថា សហរដ្ឋអាមេរិកគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះសេរីភាពនៃប្រតិបត្តិការនាវាចរណ៍»។
លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសចិនប្រហែលជាបានបញ្ជូននាវាដឹកយន្តហោះចម្បាំងដែលទើបតែផលិតថ្មីរបស់ខ្លួនទៅកាន់សមុទ្រ ដើម្បីជាការសាកល្បងដំណើរការតែប៉ុណ្ណោះ មិនមែនជាការបង្កហេតុណាមួយទេ។
គ្មាននរណាម្នាក់រំពឹងថា ប្រទេសចិននឹងបញ្ឈប់ការទាមទារដែនសមុទ្ររបស់ខ្លួននោះទេ ប៉ុន្តែនៅទីបំផុត ប្រទេសចិន និងសហរដ្ឋអាមេរិកប្រហែលជាអាចឈានទៅដល់ «ការយល់ស្របគ្នាលើក្បួនច្បាប់សម្រាប់ប្រតិបត្តិការ» នៅក្នុងសមុទ្រដែលមានជម្លោះ។ នេះបើតាមការបញ្ជាក់របស់លោក Nagy.
លោកបានប្រៀបធៀបលទ្ធផលនោះជាមួយនឹងការយល់ស្របគ្នារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតកាលពីសម័យសង្គ្រាមត្រជាក់។
អ្នកស្រី Rachel McMarr អ្នកតំណាងបញ្ជាការដ្ឋានទាហានជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រាប់ VOA ថា៖ «ទាហានជើងទឹកសហរដ្ឋអាមេរិកនឹងបន្តធ្វើការហោះហើរយន្តហោះ បញ្ជូននាវា និងធ្វើប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត និងបង្ហាញការតាំងចិត្តតាមរយៈវត្តមានធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងៗទៀត»៕
ប្រែសម្រួលដោយ ភី សុភាដា