ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ត្រៀម​ដំឡើង​ទីតាំង​ខួងប្រេង​កម្ពស់​១០ជាន់​ក្នុង​ដែន​សមុទ្រចិន​ខាងត្បូង​ដែល​មាន​ជម្លោះ បើ​ទោះ​បី​ជា​ធ្វើ​ឲ្យ​វៀតណាម​ខឹង​សម្បា


សំណង់អណ្តូង​ប្រេងកាត​ក្នុងទីជ្រៅ​ មាន​ឈ្មោះ​ Offshore Oil 981 ក្នុងទី​តាំងសាង​សង់​របស់​ក្រុមហ៊ុន​ Shanghai Waigaoqiao Shipbuilding Co., Ltd ក្នុង​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន (រូបថត​ ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១១​)។

ប្រទេស​ចិន​សាងសង់​ទីតាំង​រុករកប្រេង​ក្នុង​សមុទ្រ​ដ៏​ធំ​ថ្មី​មួយ​ទៀត​ក្នុង​គោលបំណង​ប្រើប្រាស់​ដែន​សមុទ្រ​មាន​ជម្លោះ។ ​ចំណាត់​ការ​នេះ​អាច​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម​មាន​ការ​ខឹងសម្បា និង​ធ្វើ​ឱ្យ​ជម្លោះ​ផ្នែក​ថាមពល​រវាង​ប្រទេស​ជិត​ខាង​នៅអាស៊ី​ទាំង​ពីរ​នេះ​រាលដាល​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ចិន​មួយ​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​នីតិកម្ម​ និង​នយោបាយ​មជ្ឈិម​ផ្សាយ​កាល​ពី​ថ្ងៃទី២​ ខែតុលា​ឲ្យ​ដឹង​ថា ទីតាំង​ខួង​ប្រេង​ដែល​មាន​ឈ្មោះថា​ Haiyang Shiyou 982 ​ត្រូវ​បាន​ដំឡើង​រួច​ស្រេច​ក្នុង​ដែន​សមុទ្រ​ ហើយ​មាន​លទ្ធភាព​រុករក​ប្រេង​ក្រោម​ដី​ជម្រៅ​រហូត​ដល់​៩ពាន់​ម៉ែត្រ។

ទូក​របស់​វៀតណាម​និង​ចិន​ ធ្លាប់​ប៉ះទង្គិច​គ្នា​ជារឿយៗ​ក្នុងឆ្នាំ​២០១៤​ បន្ទាប់​ពី​ចិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេង​មួយ​បូមប្រេង​នៅទីតាំង​ខួង​ប្រេង​ពី​មុន​ដែល​មាន​ឈ្មោះ​ថា​ Haiyang Shiyou 981​ នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ។ កាល​ពីដើម​ឆ្នាំ​២០១៩នេះ​ ប្រទេស​វៀតណាម​បាន​ស្នើ​ឱ្យ​នាវា​ស្រាវជ្រាវ​របស់​ចិនចាក​ចេញ​ពី​តំបន់ Vanguard Bank ​តំបន់​ដែន​សមុទ្រ​ដែល​ប្រទេស​សមាគម​អាស៊ាន​មួយ​នេះ​កំពុង​រុករក​ប្រេង​នៅ​ក្រោម​បាត​សមុទ្រ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា គេរំពឹង​ថា​នឹង​មាន​ការ​ប្រឆាំង​តវ៉ា​កាន់​តែច្រើន​ឡើង​ ប្រសិន​បើ​ទីតាំង​ខួង​ប្រេង Haiyang Shiyou 982 រំខាន​ដល់​ប្រទេស​វៀតណាម។

លោក​ Alan Chong សាស្ត្រាចារ្យ​នៃ​សាលា​សិក្សា​អន្តរជាតិ S. Rajaratnam នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ Nanyangក្នុង​ប្រទេស​សិង្ហបុរី​ និយាយ​ថា៖

«ប្រាកដ​ណាស់​ ពួកគេ​នឹង​មាន​ប្រតិកម្ម​បែប​ហ្នឹង​ ពីព្រោះ​យ៉ាង​ណា​ក៏​ដោយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​ជា​រឿង​ក្តៅ​កគុក។ វា​អាច​ផ្ទុះ​ឡើង​គ្រប់​ពេល»។

ករណី​អាក្រក់​បំផុត​មួយ​អាច​នឹង​បញ្ឆេះ​ហិង្សា​ទ្វេភាគី​នៅ​ពេល​ណា​មួយ​ ទៅ​លើ​បូរណភាព​ដែនទឹក​ដែល​មាន​ជម្លោះ​តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៧០​មក​ម៉្លេះ។

ទីតាំង​ខួង​ប្រេង​ Haiyang Shiyou 982

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សាយ​ជា​ភាសាចិន​បាន​រាយការណ៍​ថា នៅ​ដើមឆ្នាំ​២០១៨​ ទីតាំង​ខួងប្រេង​ជំនាន់​ទី៦​ ត្រូវ​បាន​ «ដំឡើង»​ នៅទីក្រុង​កំពង់ផែ ​Dalian ដែល​ស្ថិត​នៅ​ប៉ែក​ឦសាន។ សារព័ត៌មាន​ខាង​លើ​បាន​និយាយ​ថា ទីតាំង​ខួងប្រេង​នេះ​នឹង​ជួយ​ដល់កិច្ចការ​ខួងប្រេង​របស់​ចិន​ក្នុង​ដែន​សមុទ្រ។

គណៈកម្មាធិការ​នេះ​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ធ្វើការ​អង្កេត​ទៅ​លើ​ប្រតិបត្តិការ​នៃ​ទីតាំង​ខួង​ប្រេង​កម្ពស់១០​ជាន់​នេះ​ផង​ដែរ។ មិន​មាន​ការ​បញ្ជាក់​ពី​ទីតាំង​ប្រាកដ​នៃ​ទីតាំង​ខួង​ប្រេង​នេះ​ទេ​ ប៉ុន្តែ​គេគ្រាន់​តែ​ដឹង​ថា ដើម្បី​ទៅ​ដល់​ទីនោះ​ គេ​ត្រូវ​ជិះ​ឧទ្ធម្ភាគចក្រ​ប្រហែល​១ម៉ោង​ពី​ទីក្រុង​ Sanya ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន។

ប្រទេស​ព្រុយណេ​ ចិន​ ម៉ាឡេស៊ី​ កោះតៃវ៉ាន់​ វៀតណាម​ និង​ហ្វីលីពីន​ សុទ្ធ​តែ​អះអាង​ថា​ជា​ម្ចាស់​មួយ​ផ្នែក​ ឬ​ទាំងអស់​នៃ​ដែន​សមុទ្រ​៣,៥លាន​គីឡូម៉ែត្រ​ការ៉េ​នេះ។ ប្រទេស​ចិន​ ដែល​បាន​ចាត់ទុក​៩០ភាគរយ​នៃ​ដែន​សមុទ្រ​នេះ​ថា​ជា​របស់ខ្លួន​បាន​បញ្ជូន​កងទ័ព​ និង​ដំឡើង​បច្ចេក​វិទ្យា​ទំនើបៗ​នៅ​ទីនោះ​ផង​ដែរ​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​ថាមពល​សហរដ្ឋ​អាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា​ ក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​មាន​ធនធាន​ប្រេង​ប្រមាណ​១១ពាន់​លាន​បារ៉ែល​ និង​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​ ​៥,៣ លាន​លាន​ម៉ែត្រ​គូប។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​វៀតណាម​និងចិន​

ការ​ដំឡើង​ទីតាំង​ខួងប្រេង​លេខ​៩៨១​ក្នុង​ឆ្នាំ​២០១៤​ បាន​បង្កឱ្យ​មាន​កុបកម្ម​ក្នុង​ប្រទេស​វៀតណាម​ប្រឆាំង​ចិន​រហូត​ដល់​មាន​ការ​បាត់បង់​ជីវិត។ ជម្លោះ​នៅ​តំបន់​ Vanguard Bank ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បង្ក​ឱ្យ​មាន​ការ​ក្រោក​ប្រឆាំង ​បន្ទាប់​ពី​កប៉ាល់​រុករក​ថាមពល​ចិន​ ឈ្មោះ​ Haiyang Dizhi 8 ចាប់ផ្តើម​ល្បាត​តាម​ដែន​ទឹក​នៃ​តំបន់ Vanguard Bank ដែល​ស្ថិត​នៅ​ចម្ងាយ​ ៣៥២​គីឡូម៉ែត្រ​ពី​ដែន​សមុទ្រ​ប៉ែក​អាគ្នេយ៍​ប្រទេស​វៀតណាម។ វៀតណាម​ក៏​បាន​បើក​ប្រតិបត្តិការ​ទីតាំង​ខួង​ប្រេង​ក្រោម​បាត​សមុទ្រ​មួយ​របស់​ខ្លួន​ក្បែរតំបន់​នោះ​ដែរ។

ពេល​ខ្លះ​ប្រទេស​វៀតណាម​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ ដូចជា​ក្រុមហ៊ុន​ Repsol របស់​អេស្ប៉ាញ​ និង​ ក្រុមហ៊ុន​ ONGC Videsh របស់​ឥណ្ឌា​តាម​រយៈ​កិច្ច​ព្រមព្រៀង​រុករក​ប្រេង។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មិន​សប្បាយ​ចិត្ត​ចំពោះ​ឥទ្ធិពល​របស់​បរទេស​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ និង​បាន​ដាក់​សម្ពាធ​លើ​វៀតណាម​ឱ្យ​បញ្ឈប់​គម្រោង​រួម​គ្នា​មួយ​ចំនួន។

អ្នកស្រី​ Yun Sun សហការី​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ីខាង​កើត​នៃ​មជ្ឈមណ្ឌល​ Stimson ដែល​ជា​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ (ការ​ដំឡើង​ទីតាំង​ថ្មី)នឹង​មិន​អាច​ពង្រីក​អធិបតេយ្យភាព​របស់​ចិន​នោះទេ​ ប៉ុន្តែ​វា​ជួយ​កាត់​បន្ថយ​ការ​ប្រឹងប្រែង​ ឬ​ការ​ប៉ុនប៉ង​របស់​វៀតណាម​ក្នុង​ការ​បន្ត​ចូលរួម​រុករក​ប្រេង​ជាមួយ​ប្រទេស​ផ្សេង​ទៀត»។

យុទ្ធសាស្រ្ត​បង្កើន​ផល​របស់​ចិន

​លោក Chong បាន​និយាយ​ថា ការ​ដំឡើង​ទីតាំង​ខួងប្រេង​ថ្មី​របស់​ចិន​នេះ​ នឹង​ពង្រឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ដែន​ទឹក​មាន​ជម្លោះ​នេះ​ ហើយ​ក៏​អាច​ចាត់​ទុកជា​ «ជំហានទី២» នៃ​ការ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ រដ្ឋាភិបាល​ស.រ.អា.​ មិន​បាន​អះអាង​ថា ខ្លួន​ជា​ម្ចាស់​ដែន​សមុទ្រ​ចិន​ខាងត្បូង​ទេ​ ប៉ុន្តែ​បាន​គាំទ្រ​ឲ្យ​រក្សា​ដែន​សមុទ្រ​នោះ​ឱ្យ​បើក​ចំហ​ជា​លក្ខណៈ​អន្តរជាតិ។ កងទ័ព​ជើងទឹក​ស.រ.អា.​ តែងតែ​បញ្ជូន​នាវា​របស់​ខ្លួន​ទៅ​ក្នុង​ដែន​សមុទ្រ​នោះ​ ហើយ​ប្រទេស​ចិន​ តែងតែ​រិះគន់​សកម្មភាព​នេះ​ដោយ​ចាត់ទុក​ថា​ជា​ការជ្រៀត​ជ្រែក​របស់​បរទេស។

លោក Chong បាន​បន្ថែម​ថា ប្រសិន​បើ​មាន​ការ​សាកសួរ​ពី​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​អំពី​ការ​ដំឡើង​ទីតាំង​ខួង​ប្រេង​ថ្មីនេះ​ ប្រទេស​ចិន​អាច​នឹង​ឆ្លើយតប​វិញថា​ ទីតាំង​ខួង​ប្រេង​ថ្មី​នេះ​ មាន​គោលបំណង​តែ​មួយ​គត់​គឺ​ខួង​យក​ប្រេង។

លោក Herman Kraft សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​និយាយ​ថា ការ​ដំឡើង​ទីតាំង​ខួងប្រេង​ ក៏​អាច​ចាត់​ទុក​ជា​សញ្ញា​មួយ​ដល់​ប្រទេស​ហ្វីលីពីន ដែល​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទស​ផ្សេងៗ​ទៀត​ដែល​ទាមទារ​ដែន​ទឹក​នោះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​រុករក​ប្រេង​ និង​ឧស្ម័ន​រួមគ្នា​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ។

​រដ្ឋាភិបាល​ហ្វីលីពីន​និង​ចិន បាន​និយាយ​នៅ​ដើម​ឆ្នាំ​នេះ​ថា​ ពួកគេ​នឹង​រុករក​ធនធាន​រួម​គ្នា​ ហើយ​ហ្វីលីពីន​នឹង​ទទួល​បាន​ចំណែក​៦០​ភាគរយ​នៃ​ផល​ដែល​ទទួល​បាន។ កិច្ចការ​នេះ​នឹង​ពង្រីក​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ទាមទារ​ចំណែក​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ និង​បន្ថយ​ឥទ្ធិពល​របស់​ស.រ.អា.​នៅ​ក្នុង​តំបន់។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ក្រុម​បញ្ញវ័ន្ត​ជំនាញ​ផ្នែក​ដែន​ទឹក​អាស៊ី។

លោក​សាស្រ្តាចារ្យ​ Kraft បាន​និយាយ​ថា​ ប្រទេស​ចិន​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​គម្រោង​រួម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ក្នុង​ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​ Rodrigo Duterte ចូល​កាន់​តំណែង​រហូត​ដល់​ឆ្នាំ២០២០។ លោក​ Duterte បាន​ចាប់​ផ្តើម​បន្ត​មិត្តភាព​ជាមួយ​ចិន​ឡើង​វិញ​ក្នុង​ឆ្នាំ២០១៦​ ដែល​វា​មាន​ភាព​ខុសប្លែក​ពី​មេដឹកនាំ​មុន​របស់​ហ្វីលីពីន។

លោក​សាស្រ្តាចារ្យ​បាន​ថ្លែង​ថា៖«នៅ​ត្រង់​ចំណុច​នេះ​ វា​បង្ហាញ​កាន់​តែ​ច្បាស់​ថា​ ប្រទេស​ចិន​កំពុង​ព្យាយាម​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ខ្លួន​នឹង​អាច​ទាញ​យក​ផលប្រយោជន៍​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​ Duterte នៅ​កាន់​អំណាច​ និង​អាចធ្វើ​ឱ្យ​អនុស្សរណៈ​យោគយល់​បន្ត​ទៅ​មុខ​និង​ពិត​ជា​អាច​អនុវត្ត​បាន»៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG