ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា អ្នកទិញទំនិញក្នុងប្រទេសចិន ត្រូវគេរំពឹងថានឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីទិញទំនិញតាំងពីម្ហូបអាហាររហូតដល់សម្ភារៈប្រើប្រាស់ទំនើបៗ នៅក្នុងឱកាសនៃពិធីបុណ្យទិញទំនិញអនឡាញប្រចាំឆ្នាំដ៏ធំបំផុតរបស់ចិន ដែលគេនិយមហៅថា «ទិវាអ្នកនៅលីវ» ឬ Singles' Day ខណៈដែលសេដ្ឋកិច្ចចិនរើបខ្លួនពីវិបត្តិជំងឺកូវីដ១៩វិញ។
ពិធីនេះដែលជាបុណ្យទិញទំនិញអនឡាញដ៏ធំបំផុតរបស់ពិភពលោក ប្រព្រឹត្តធ្វើនៅថ្ងៃទី១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដែលគេនិយមហៅផងដែរថា ជាទិវាបុណ្យ១១.១១។
ក្នុងឱកាសនៃពិធីបុណ្យនេះ ក្រុមហ៊ុនធំៗជាច្រើនរបស់ប្រទេសចិន ដូចជាក្រុមហ៊ុន Alibaba និងក្រុមហ៊ុន JD.com ជាដើម លក់ទំនិញចុះតម្លៃជាខ្លាំងដល់អតិថិជនរបស់ខ្លួន។
កាលពីឆ្នាំទៅ អតិថិជនចិន បានចំណាយប្រាក់ប្រមាណជាង៣.៨០០លានដុល្លារសម្រាប់ទិញទំនិញ ដែលខ្លួនពេញចិត្តនៅក្នុងឱកាសនៃ«ទិវាអ្នកនៅលីវ»នេះផងដែរ។
អ្នកវិភាគរំពឹងថា អតិថិជនចិននឹងចំណាយប្រាក់ច្រើនលើផលិតផលនាំចូលពីបរទេស ដោយសារក្នុងឆ្នាំនេះអ្នកទេសចរចិនជាច្រើនមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានដោយសារវិបត្តិកូវីដ១៩៕