ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅលើពិភពលោកមានជាង ៥០លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់ ចំនួនជាង ១,២ លាននាក់។ នេះបើយោងតាមមជ្ឈមណ្ឌលទិន្នន័យវីរុសកូរ៉ូណា John Hopkins។ ទីក្រុងនានានៅតែជាចំណុចនៃការចម្លងខ្លាំង។ ហើយតំបន់ទីក្រុង ដែលមានប្រជាជនរស់នៅជាង ៣ពាន់លាននាក់ រ៉ាប់រង៩៥ភាគរយនៃការឆ្លងជំងឺកូវីដ១៩សរុប។
វិធានការបិទសកម្មភាពផ្សេងៗដើម្បីទប់ទល់នឹងការឆ្លងវីរុសដ៏ប្រល័យនេះ បានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយតំបន់ទីក្រុងលែងមានសកម្មភាពវប្បធម៌រស់រវើកដូចដែលធ្លាប់មានពីមុនមក។ របាយការណ៍មួយពីទីភ្នាក់ងារទទួលបន្ទុកផ្នែកលំនៅដ្ឋានរបស់អង្គការសហប្រជាជាតិបានអះអាងថា ទីក្រុងផ្សេងៗអាចរើបឡើងវិញនិងរីកចម្រើនឡើងវិញ បើមានគោលនយោបាយសមស្រប។
អ្នកស្រី Paola Deda គឺជានាយិកាផ្នែករុក្ខប្រមាញ់ ដីធ្លី និងលំនៅដ្ឋាននៃគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់ទ្វីបអឺរ៉ុប។ អ្នកស្រីបាននិយាយថា របាយការណ៍អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការធ្វើឲ្យប្រសើរឡើងវិញនូវគ្រប់បែបផែននៃជីវិតរស់នៅក្នុងទីក្រុង។
អ្នកស្រី Deda ថ្លែងថា៖ «ការរាតត្បាតវីរុសកូរ៉ូណាបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃការដឹកជញ្ជូនសាធារណៈ ដែលត្រូវរៀបចំឲ្យបានត្រឹមត្រូវ។ ក៏ដូចជា សារៈសំខាន់នៃការរៀបចំជាទីក្រុងដែលពលរដ្ឋទូទៅចំណាយពេលជាមធ្យមត្រឹមតែ ១៥នាទី សម្រាប់ធ្វើដំណើរទៅធ្វើការ ឬទទួលបានសេវាកម្មសំខាន់ផ្សេងៗ។ តម្រូវការឲ្យមានសេវាកម្មផ្សេងៗនៅជិតអ្នកនឹងជួយកាត់បន្ថយភាពកកកុញសម្រាប់មធ្យោបាយធ្វើដំណើរសាធារណៈ ហើយជាពិសេស រថយន្តឯកជនមិនមែនជាមធ្យោបាយតែមួយគត់នោះទេ ដើម្បីធ្វើដំណើរនៅក្នុងទីក្រុង និងដើម្បីធ្វើឲ្យទីក្រុងប្រកបដោយចីរភាពជាងមុន»។
អ្នកស្រី Deda បានច្រានចោលនូវការអះអាងដែលថា ដោយសារតែការរីកធំឡើងជាបន្តបន្ទាប់របស់ទីក្រុងផ្តល់ផលប្រយោជន៍ផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទីក្រុងគួរតែត្រូវបានអនុញ្ញាតឲ្យរីកធំកាន់តែខ្លាំងឡើង។ អ្នកស្រីបាននិយាយថា ទីក្រុងដែលកន្លែងនានានៅជិតៗគ្នា ផ្តល់លក្ខណៈប្រសើរដល់បរិស្ថាន និងគុណភាពជីវិតរបស់ប្រជាជន។
អ្នកស្រីថ្លែងថា៖ «ទីក្រុងដែលកន្លែងនានានៅជិតៗគ្នា និងដែលមានការរៀបចំបានល្អទៅវិញទេ ដែលនាំឲ្យមានការកាត់បន្ថយចរាចរណ៍ នាំឲ្យមានការប្រើប្រាស់ថាមពលប្រសើរជាងមុន និងនាំឲ្យការប្រើប្រាស់សេវាកម្ម និងទំនិញទូទៅមានកម្រិត។ ដូច្នេះ ទម្រង់របស់ទីក្រុង គុណតម្លៃរបស់បរិស្ថាន និងការរៀបចំកន្លែងផ្សេងៗប្រកបដោយការការពារបរិស្ថាន និងឲ្យបានល្អនៅក្នុងទីក្រុងនឹងធ្វើឲ្យមានភាពខុសប្លែកក្នុងបរិបទចីរភាព»។
អ្នកសរសេររបាយការណ៍ឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកលំនៅដ្ឋានបាននិយាយថា តំបន់ទីក្រុងអាចកាត់បន្ថយនូវវិសមភាពនៅក្នុងសង្គម។ ហើយការណ៍នេះ អាចសម្រេចបានតាមរយៈការផ្តល់នូវលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលជនក្រីក្រមានលទ្ធភាពអាចទិញបាន និងកន្លែងសុវត្ថិភាពសម្រាប់ក្រុមប្រជាជនភាគតិច ដូចជា ជនចំណាកស្រុក និងអ្នកស្រឡាញ់ភេទដូចគ្នាជាដើម។
ពួកគេ ក៏បានជំរុញឲ្យអាជ្ញាធរជាតិផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលថ្នាក់មូលដ្ឋានដើម្បីបង្កើនប្រាក់ចំណូលដើម្បីលើកកម្ពស់សេវាកម្មសាធារណៈផ្សេងៗក៏ដូចជា ការធ្វើនិយ័តកម្មលើការប្រើប្រាស់ដីធ្លី និងដាក់កំហិតទៅលើការរីកធំឡើងរបស់ទីក្រុង។ ពួកគេនិយាយថា គោលដៅចុងក្រោយ គឺបង្កើតជាទីក្រុងងើបចេញពីវិបត្តិការរាតត្បាតជំងឺជាសាកលដែលមានល្អជាងមុនសម្រាប់សុខភាព ប្រកបដោយចីរភាពនិងងាយស្រួលរស់នៅជាងមុន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា