ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ពន្យារ​ពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​​មូលធន​ទៅ​ឆ្នាំ២០២២


ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយកន្លែង កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)
ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយកន្លែង កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

រដ្ឋា​ភិបាល​បាន​សម្រេច​ពន្យារ​ពេល​អនុវត្តពន្ធ​លើ​ប្រាក់​ចំណេញទៅ​ដើម​ឆ្នាំ២០២២​វិញ។

​កាល​ពី​ដើម​ឡើយ ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ គ្រោងចាប់​ផ្តើម​ពី​ដើម​ឆ្នាំ​ក្រោយ។​ ការ​សម្រេច​យក​ពន្ធ​នេះ​ នាំ​ឲ្យ​មាន​ការ​រិះគន់​ផង​ដែរ​ ខណៈ​ប្រជា​ពលរដ្ឋ​កម្ពុជា​ កំពុង​រង​គ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។​

ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​២២ ខែ​តុលា អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​លើក​ឡើង​ថា ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ពន្យារ​ពេល​អនុវត្តពន្ធ​លើ​ចំណេញមូលធន​នេះ ​រយៈ​ពេល​១​ឆ្នាំ​ទៀត គឺ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២១។ ការ​អនុវត្ត​យក​ពន្ធ​នេះ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២។ អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់​ថា​ ការ​សម្រេច​ពន្យារ​ពេល​នេះ គឺ​ដើម្បី​ទុក​«ពេល​វេលា​គ្រប់គ្រាន់​»​ដល់​អ្នក​ជាប់​ពន្ធ និង​សាធារណជន​ទាំង​អស់ ដើម្បីស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ និង​ត្រៀម​ខ្លួន​ចាប់​ផ្តើម​បង់​ពន្ធចាប់​ពីដើម​ឆ្នាំ​២០២២។

កាល​ពី​ដើម​ខែ​តុលា លោក​ គង់ វិបុល ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ មាន​ប្រសាសន៍​ថា ​ការ​បង់​ពន្ធលើ​ចំណេញ​មូលធន​នេះ​ គឺ​ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ហើយ​រដ្ឋាភិបាល​អាច​ប្រើ​ប្រាស់​ថវិកា​ទាំង​នេះ​ទៅ​ជួយ​ពួក​គេ ​និង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស។​ លោក​បញ្ជាក់​ថា ​ការ​យក​ពន្ធ​នេះ មិន​មែន​«សង្កត់​ក»​ប្រជា​ពលរដ្ឋនោះ​ទេ។

រដ្ឋាភិបាល​ពន្យល់​ថា មិន​មែន​ប្រជា​ពលរដ្ឋ​ទូទៅ​ឲ្យ​តែ​លក់​ផ្ទះ​ឬ​ដី ត្រូវ​ជាប់​ពន្ធ​ចំណេញ​មូល​ធន​នោះ​ទេ​ គឺ​ភាគ​ច្រើន​អ្នក​ដែល​មាន​អចលន​ទ្រព្យ​ច្រើន​លើស​ពី​ផ្ទះ​ ឬ​ដី​គោល​របស់​ពួក​គេ ​ដែល​តម្រូវ​ឲ្យ​ចូលរួម​ចំណែក​ផ្តល់​ប្រាក់​ចំណេញ​ដល់​រដ្ឋ​ នៅ​ពេល​ពួកគេលក់​ចំណេញ។

បើ​តាម​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវ​បាន​កំណត់​តាម​អត្រា​ថេរ​២០​ភាគរយ។​ ប្រាក់​ចំណេញ​មូលធន​ គឺ​ជា​ប្រាក់​បន្ទាប់​ពី​ការ​កាត់​ថ្លៃ​ដើម ​និង​ការ​ចំណាយ​ផ្សេងៗ​ ដូច​ជា​ការ​បង់​ខាត​ការ​ប្រាក់​នៅ​ធនាគារ​ ការ​ជួសជុល​កែ​លម្អ​ផ្ទះ​ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។​ បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ អ្នក​ជាប់​ពន្ធ​ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ទម្រង់ ​ដែល​កំណត់​ដោយ​រដ្ឋបាល​សារពើ​ពន្ធ​ និង​បង់​ពន្ធ​លើ​ចំណេញ​មូលធន ​ក្នុង​អំឡុង​ពេល​មិន​លើស​ពី​៣​ខែ​ បន្ទាប់​ពី​សម្រេច​បាន​ចំណេញ​មូលធន៕

XS
SM
MD
LG