ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វៀតណាម​ចង់​ប្រែក្លាយ​ទៅ​ជា​ប្រទេស​ប្រាក់​ចំណូល​មធ្យម​ដ៏​មាំទាំ​នៅ​ត្រឹម​ឆ្នាំ​២០២៥


រូបឯកសារ៖ អ្នក​លក់​ផ្លែឈើ​​អង្គុយ​លក់​ផ្លែឈើ​តាម​ដង​ផ្លូវ​ក្បែរ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ហូរជីមិញ ប្រទេស​វៀតណាម ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​លក់​ផ្លែឈើ​​អង្គុយ​លក់​ផ្លែឈើ​តាម​ដង​ផ្លូវ​ក្បែរ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ហូរជីមិញ ប្រទេស​វៀតណាម ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៥។

មេដឹកនាំ​កំពូលៗ​វៀតណាម​បាន​ប្តេជ្ញាប្រែក្លាយ​ប្រទេស​នេះ​ទៅ​ជា​យ៉ាង​ហោច​ណាស់​ប្រទេស​ប្រាក់​ចំណូល​មធ្យម​ក្នុង​រយៈពេល​៥ឆ្នាំ​ខាង​មុខ តាមរយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ឱ្យ​មក​ធ្វើ​ការ​ផលិត​នៅ​ក្នុង​ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន។ នេះ​ជា​គោលដៅ​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ងើប​ពីភាពក្រីក្រ​យ៉ាង​ខ្លាំង​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០។​

គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​បាន​បូកសរុប​លទ្ធផល​ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​តុលា ដែល​ធ្វើ​ឡើង​ដោយ​ផ្តោត​លើ​គោលដៅ​ម៉ាក្រូសេដ្ឋកិច្ច ហើយ​អនុរដ្ឋមន្ត្រី​ផែនការ​បាន​និយាយ​ដាច់​ដោយ​ឡែក​ថា ពលរដ្ឋ​វៀតណាម​គួរ​តែ​អាច​រក​ចំណូល​បាន​ប្រមាណ​៥.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​នៅ​ត្រឹម​ឆ្នាំ​២០២៥ ដែល​ជា​ចំនួន​កើន​ពី​២.៧៥០ដុល្លារ​នៅ​ពេល​នេះ។

ប្រទេស​វៀតណាម​អាច​ឈាន​ទៅ​ដល់​ផែនការ​នេះ​ពោល​គឺ​ថា​ក្លាយ​ជា​ប្រទេស​ប្រាក់​ចំណូល​មធ្យម ឬ​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ (ដែល​នេះ​ជា​ពាក្យ​បច្ចេកទេស​របស់​ធនាគារ​ពិភពលោក) ដោយ​ធ្វើ​ការ​ពង្រឹង​កំណែទម្រង់​សេដ្ឋកិច្ច​រយៈពេល​១០ឆ្នាំ​របស់​ខ្លួន​ដែល​ឥឡូវ​នេះ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ។ ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ឃើញ​ថា​ជា​ប្រទេស​ផលិតកម្ម ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ប្រទេស​ចិន​ដែល​មាន​រោងចក្រ​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក។

ការ​វិនិយោគ​បរទេស​បង្កើត​ការងារ និង​លើក​កម្ពស់​ប្រាក់​ចំណូល​របស់​ប្រជាជន​វៀតណាម​ដែល​មាន​ពលរដ្ឋ​សរុប​ចំនួន​៩៧​លាន​នាក់។ ប្រទេស​វៀតណាម​នៅ​ពេល​នេះ​ជា​ប្រទេស​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។​

រដ្ឋាភិបាល​ទំនង​នឹង​បង្កើត​ចំណូល​បន្ថែម​ទៀត​តាមរយៈ​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​សម្រាប់​ការ​ផលិត​គ្រឿង​អេឡិចត្រូនិក​ដែល​មាន​តម្លៃ​ខ្ពស់។ អ្នក​វិនិយោគ​ដែល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​សព្វថ្ងៃ​រួម​មាន​ក្រុមហ៊ុន Intel និង​ក្រុមហ៊ុន Samsung Electronics។

ក្រុមហ៊ុន​ IHS Markit ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ឡុងដ៍ ហើយ​លោក Rajiv Biswas ជា​អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ថ្នាក់​តំបន់​នៃ​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កាលពី​១០ឆ្នាំ​មុន ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ផ្តល់​លទ្ធផល​ហើយ ដូច្នេះ​ខ្ញុំ​មិន​ចង់​និយាយ​ថា ពួកគេ​មិន​ចាំបាច់​ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ​ពួកគេ​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ​ហើយ ដោយសារ​តែ​មាន​គោលនយោបាយ​រួច​ទៅ​ហើយ។ នេះ​ជា​សារ​ដ៏​សំខាន់។ គោលដៅ​របស់​ពួកគេ​គឺ​ក្លាយ​ជា​ប្រទេស​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់»។

សង្គ្រាម ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​ការ​បាត់បង់​ការ​គាំទ្រ​ពី​អតីត​សូវៀត​បាន​ធ្វើ​ឱ្យ​ប្រជាជន​វៀតណាម​ជាច្រើន​ស្ថិត​ក្នុង​ភាព​ក្រីក្រ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០។ ការ​បើក​ទ្វារ​ចំហ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ១៩៨៦​ចាប់​ផ្តើម​នាំ​យក​ការ​វិនិយោគ​ចូល​ក្នុង​ប្រទេស​នេះ។​

លោក Sky Nguyen អាយុ​២៤ឆ្នាំ ជា​អតីត​មគ្គទេសក៍​ទេសចរណ៍​ឯកជន​សម្រាប់​អ្នក​ទេសចរ​បរទេស​នៅ​ក្នុង​ក្រុង​ហូជីមិញ។ លោក​ទទួល​បាន​ការងារ​ជា​ប្រធាន​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ និង​រំពឹង​ថា​ នឹង​ទទួល​បាន​ប្រាក់​ចំណូល​ល្អ​ពី​ការងារ​នេះ។ លោក​កំពុង​លក់​អចលនទ្រព្យ​នៅ​ក្នុង​បរិវេណ​កន្លែង​លំហែកាយ​តាម​ឆ្នេរ​សមុទ្រ​ដែល​មាន​ទំហំ​៩០០ហិកតា ហើយ​ទីនោះ​ជា​កន្លែង​ដែល​អ្នក​វិនិយោគ​មក​ពី​ប្រទេស​សិង្ហបុរី និង​ហូឡង់​មាន​គម្រោង​អភិវឌ្ឍន៍​រួច​ទៅ​ហើយ។

លោកNguyen បាន​និយាយ​ថា «វិស័យ​អចលនទ្រព្យ​សម្រាប់​ប្រទេស​វៀតណាម​ទាំង​មូល​នឹង​មិន​ធ្លាក់​ចុះ​នោះ​ទេ។ វា​កើន​ឡើង​បន្តិចបន្តួចយឺតៗ»។

លោកNguyenបាន​បោះបង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ប្រទេស​វៀតណាម​បាន​បិទ​ព្រំដែន​របស់​ខ្លួន​នៅ​ក្នុង​ខែ​មីនា​ដើម្បី​បញ្ឈប់​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​តាម​ការ​នាំ​ចូល​ពី​ក្រៅ ដោយ​ធ្វើ​ឱ្យ​សណ្ឋាគារ និង​មគ្គទេសក៍​ទេសចរណ៍​ជាច្រើន​មាន​ការងារ​តិចតួច​ធ្វើ។ អ្នក​វិនិយោគ​លើ​កន្លែង​លំហែ​កាយ​កំពុង​ពឹង​ផ្អែក​លើ​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នេះ។

ការ​បិទ​អាជីវកម្ម​ដោយសារ​តែ​ជំងឺ​រាតត្បាត​បាន​ប៉ះពាល់​ដល់​ការងារ​នៅ​ទូទាំង​ពិភពលោក និង​ធ្វើ​ឱ្យ​តម្រូវការ​អ្នក​ប្រើប្រាស់​ធ្លាក់​ចុះ ប៉ះពាល់​ដល់​រោងចក្រ​វៀតណាម​ដែល​ផលិត​សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿង​សង្ហារិម​សម្រាប់​ការ​នាំចេញ។

សេដ្ឋកិច្ច​នឹង​លូតលាស់​ក្នុង​អត្រា​តែ​២%​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​នេះ នេះ​បើ​យោង​តាម​ការ​ទស្សន៍ទាយ​ផ្លូវការ​មួយ ដែល​នេះ​ជា​ចំនួន​ធ្លាក់​ចុះ​ពី​៦% ឬ​ខ្ពស់​ជាង​នេះ​សម្រាប់​រៀងរាល់​ឆ្នាំ​សម្រាប់​ប្រទេស​វៀតណាម​ចាប់តាំង​ពី​ឆ្នាំ​២០១២​មក។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រសួង​វិនិយោគ និង​ផែនការ​បាន​កំណត់​គោលដៅ​កំណើនក្នុង​អត្រា​៦% ទៅ​៦,៥% សម្រាប់​ឆ្នាំ២០២១។

ឯកសារ​បាន​មក​ពី​កិច្ចប្រជុំ​សម័យ​ពេញ​អង្គ​របស់​គណបក្ស​ និង​កិច្ចប្រជុំ​នយោបាយ​ផ្សេង​ទៀត​នៅ​ខែ​នេះ​មិន​ផ្តល់​ផែនការ​លម្អិត​សម្រាប់​ការ​អនុវត្ត​ទៅ​ឆ្នាំ២០២៥​នោះ​ទេ ប៉ុន្តែ​អ្នក​វិភាគ​ជឿ​ថា ពួកគេ​ផ្តោត​លើ​ការ​ងើប​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​នៅ​ក្នុង​ឆ្នាំ២០២១ និង​មាន​វិធានការ​ផ្សេងៗ​ដើម្បី​លើក​កម្ពស់​ចំណូល​តាមរយៈ​ការ​ទាក់ទាញ​រោងចក្រ​បរទេស​ដែល​ផលិត​ទំនិញ​មាន​តម្លៃ​ខ្ពស់​ដូចជា​ទូរស័ព្ទ​ដៃ​ទំនើប (smartphone) ឱ្យ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស។ ​
ប្រទេស​វៀតណាម​នៅ​រក្សា​អត្រា​ឆ្លង​មេរោគ​កូរ៉ូណា​ក្នុង​កម្រិត​ទាប​មួយ​ ដែល​មាន​ករណី​ឆ្លង​សរុប​ចំនួន​១.១៤៨ករណី។

លោក Frederick Burke ដែល​ជា​ដៃគូ​ម្នាក់​ប្រចាំ​នៅ​ក្រុង​ហូជីមិញ​របស់​ក្រុមហ៊ុន​មេធាវី Baker McKenzie បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ពួកគេ​មាន​ទំនុកចិត្ត​ថា ពួកគេ​នឹង​មាន​អត្រា​កំណើន​វិជ្ជមាន។ ពួកគេ​អាច​គ្រប់គ្រង​មេរោគ​កូរ៉ូណា​បាន ប៉ុន្តែ​ជំហាន​បន្ទាប់​គឺ​ជា​ជំហាន​ដែល​មាន​ការ​លំបាក​មួយ»។

លោក Biswas បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​នឹង​ត្រូវ​សាងសង់​ផ្លូវ និង​អាកាសយានដ្ឋាន​បន្ថែម​ទៀត​ដើម្បី​បន្ត​ទាក់ទាញ​ឱ្យ​មាន​ការ​វិនិយោគ​ចូល​ក្នុង​ប្រទេស។

គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក VnExpress International បាន​រាយការណ៍​ថា នៅ​ត្រឹម​ឆ្នាំ២០២៥ ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​ផ្លូវ​ល្បឿន​លឿន North-South Expressway ដែល​រត់​ចាប់​ពី​ក្រុង​ហាណូយ​នៅ​ភាគ​ខាង​ជើង ទៅ​ខេត្ត Can Tho នៅ​ភាគ​ខាង​ត្បូង​បំផុត​របស់​ប្រទេស​នេះ និង​បញ្ចប់​ដំណាក់កាល​ដំបូង​នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ក្រុង​ហូជីមិញ។ រោងចក្រ​ផលិត​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​គុណភាព​ក្នុង​ការ​ដឹក​ជញ្ជូន​វត្ថុ​ធាតុ​ដើម និង​ដឹកជញ្ជូន​ទំនិញ​សម្រាប់​ការ​នាំ​ចេញ។

គម្រោង​វិនិយោគ​បរទេស​ជិត​៣.៩០០​ទទួល​បាន​អាជ្ញាប័ណ្ណ​កាលពី​ឆ្នាំ​មុន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ចំនួន​៣៦២,៥ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ទឹក​ប្រាក់​ខ្ពស់​ជាង​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​វៀតណាម​ដែល​មាន​ទឹកប្រាក់​២៦០​ពាន់​លាន​ដុល្លារ​ទៅ​ទៀត។

លោក Jack Nguyen ជា​ដៃគូ​ម្នាក់​នៅ​ក្រុមហ៊ុន Mazars ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុង​ហូជីមិញ​បាន​និយាយ​ថា ដើម្បី​នាំ​យក​ការ​វិនិយោគ​បន្ថែម រដ្ឋាភិបាល​នឹង​ព្យាយាម​លុបបំបាត់​ការិយាធិបតេយ្យ​ និង​អំពើ​ពុករលួយ​ក្នុង​ថ្នាក់​មូលដ្ឋាន។ លោក​បាន​និយាយ​ថា សភា​ពាណិជ្ជកម្ម​បរទេស​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ជំរុញ​ឱ្យ​រដ្ឋ​លុប​ចោល​បទប្បញ្ញត្តិ​មិន​ចាំបាច់​នានា។

លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «នៅ​ពេល​អ្នក​ទៅ​ជួប​ជាមួយ​នឹង​មន្ត្រី​ថ្នាក់​ក្រោម តែងតែ​មាន​ការិយាធិបតេយ្យ [និង] អំពើ​ពុករលួយ​កំប៉ិកកំប៉ុក ប៉ុន្តែ​ជា​រួម​ខ្ញុំ​គិត​ថា ឃើញ​មាន​ឆន្ទៈ​ជា​រួម​មួយ​ពី​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​កំពូល​ចុះ​មក​ក្រោយ​ដើម្បី​គ្រាន់​តែ​ព្យាយាម​ធ្វើ​ឱ្យ​ការ​ធ្វើ​អាជីវកម្ម​របស់​អ្នក​វិនិយោគ​បរទេស​មាន​ភាព​ងាយស្រួល​តាម​តែ​អាច​ធ្វើ​ទៅ​បាន»៕

XS
SM
MD
LG