ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចិន​កាត់ទោស​សកម្មជន​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៨ឆ្នាំ


​រូបឯកសារ៖ ​លោក Yang Maodong ដែល​​ហៅក្រៅ​ថា Guo Feixiong ជា​សកម្មជន​សិទ្ធិ​មនុស្ស​ជនជាតិចិន។
​រូបឯកសារ៖ ​លោក Yang Maodong ដែល​​ហៅក្រៅ​ថា Guo Feixiong ជា​សកម្មជន​សិទ្ធិ​មនុស្ស​ជនជាតិចិន។

លោក Yang Maodong ដែល​ហៅក្រៅ​ថា Guo Feixiong ត្រូវបាន​តុលាការប្រជាជន​ក្នុង​ក្រុង Guangzhou កាត់ទោស​ក្នុងបទ«ញុះញង់ឱ្យមានវិទ្ធង្សនាប្រឆាំងនឹង​រដ្ឋអំណាច»។ នេះ​បើ​តាមសារ​របស់លោក Yang Maoquan ជា​បងប្អូនប្រុស​របស់​លោក ដែល​បណ្តាញ​មេធាវីសិទ្ធិ​មនុស្ស​ចិនមួយ​បាន​ផ្សព្វផ្សាយ​តាម Twitter។​

បងប្អូនប្រុសរូបនេះ​របស់លោក Yang បាន​សរសេរ​ក្នុងសារមួយ​ថា តុលាការ​បានកាត់ទោស​លោក Yang ដែលមាន​អាយុ៥៦ឆ្នាំ​ដោយសារ«​ការ​វាយប្រហារនិងការបង្ខូច​ឈ្មោះ​ប្រព័ន្ធនយោបាយចិន​អស់ពេលជាយូរ» និង«ញុះញង់មនុស្ស​ឯទៀតឱ្យធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​រដ្ឋអំណាច»​តាមរយៈ​អត្ថបទ​ចុះផ្សាយ​តាម online និង​តាម​គេហទំព័រ​ដែលគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ។

លោក Yang ក៏ត្រូវបានចោទប្រកាន់ដែរ​ថាបាន​និយាយ​ជា​មួយបណ្តាញព័ត៌មាន​បរទេស​ក្រោយ​លោកត្រូវបានរារាំង​មិនឱ្យ​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាមេរិកដើម្បី​សួរ​សុខទុក្ខអ្នកស្រី Zhang Qing ជា​ភរិយា​របស់​លោកដែលមាន​សុខភាពមិនល្អ​ក្នុងឆ្នាំ​២០២១។

អាជ្ញាធរ​ចិនបាន​ឃុំឃាំងលោក​តាំង​ពី​ពេលនោះមក។ លោក​ត្រូវបាន«ចាប់ខ្លួនជា​ផ្លូវការ» ឬ​ចោទប្រកាន់​កាល​ពី​ខែមករាឆ្នាំទៅ ពីរថ្ងៃ​ក្រោយភរិយាលោក​ស្លាប់។​

បន្ថែមលើនេះ តុលាការនេះ​ក៏​បាន«ដក​សិទ្ធិ​នយោបាយ»លោកបីឆ្នាំ​ ដែលហាមប្រាម​លោក Yang ​មិនឱ្យ​ទទួល​តំណែង​សាធារណៈ និយាយជា​សាធារណៈ ​និងបោះពុម្ព​ផ្សាយ​ក្រោយការដោះលែង។

នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ការពារ​ខ្លួនរបស់លោក​ដាក់ឱ្យ​តុលាការ ដែលត្រូវបាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ក្រៅ​ប្រទេស អតីត​គ្រូបង្រៀនទស្សនវិជ្ជារូបនេះ​បាន​ជំទាស់តវ៉ា​នឹងការចោទប្រកាន់​ពីបទ​ធ្វើ​វិទ្ធង្សនា​ហើយប្រកាន់ថាលោកគ្មាន​ទោសពៃរ៍ទេ។

រូបឯកសារ៖ លោក Yang Maodong ដែល​ហៅក្រៅ​ថា Guo Feixiong អង្គុយ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៤។
រូបឯកសារ៖ លោក Yang Maodong ដែល​ហៅក្រៅ​ថា Guo Feixiong អង្គុយ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៤។

លោកបានសរសេរថា «ក្នុងការសរសេរអត្ថបទនិងបោះពុម្ពផ្សាយអត្ថបទ​ទាំងនេះលើ​គេហទំព័រ​ដែលខ្ញុំបានបង្កើតនេះ​ ខ្ញុំ​យល់ថា ខ្ញុំ​ប្រើ​ដោយ​ចំហនូវ​សិទ្ធិ​ជាមូលដ្ឋាន សិទ្ធិនយោបាយ​ សេរីភាពក្នុងការបញ្ចេញ​មតិ និង​ការ​ត្រិះរិះ​ពិចារណា និង​សេរីភាពក្នុងនាមជា​អ្នកសិក្សា​ស្រាវជ្រាវ។ នៅពេល​នេះ ពួកគេសងសឹក​ដល់​សកម្មភាព​ខាងបញ្ញា​២០ឆ្នាំរបស់ខ្ញុំ ហើយ​ខ្ញុំត្រូវបានយកមកកាត់ទោស​ថាជា​កម្លាំងអរិភាព»។

លោក​បាន​កត់សម្គាល់​ថា លោកត្រូវ​បាន​ឃុំឃាំងទាំងអស់​១១ឆ្នាំក្នុងការជាប់ពន្ធនាគារ​ពីរលើកមុន ​និង​បានជាប់ឃុំព្រហ្មទណ្ឌ​បួន​ដង​ចំនួន១៤ឆ្នាំ ​ពី​ឆ្នាំ២០០៥​ ដល់ឆ្នាំ​២០១៩។

លោក Guo បាន​សរសេរថា ​«នេះ​ជា​ការជាប់​គុក​លើកទីបីរបស់ខ្ញុំ។ រាប់តាំងពីការ​បោះពុម្ព​ផ្សាយ​ដោយ​ខុសច្បាប់ ការប្រមែ​ប្រមូល​ហ្វូងមនុស្ស​ដើម្បីធ្វើឱ្យខូច​សណ្តាប់ធ្នាប់‍ រហូតដល់់ការញុះញង់​ឱ្យ​ធ្វើវិទ្ធង្សនា ខ្ញុំរំពឹង​ថា​ ខ្ញុំ​នឹង​ត្រូវកាត់ក្តី​ឱ្យជាប់ទោស» តែ​លោកបាន​ស្បថ​ស្បែ​ថា​ លោក​នឹងមិនបោះបង់ចោល​គុណតម្លៃ​របស់លោកឡើយ។

លោក​បានសរសេរ​បន្តថា «តាំង​ពីការចូលរួមរបស់ខ្ញុំ​ជាលើកដំបូង​ក្នុង​ការប្រជុំរបស់​ក្រុមនិស្សិត​កាលពីឆ្នាំ១៩៨៦ រហូតមក​ដល់​ឥឡូវ សេចក្តី​ប្រាថ្នា​ខាងនយោបាយ​របស់​ខ្ញុំ​មិនបានងាករេទេ គឺអនុវត្ត​សេរីភាព លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​ពិតប្រាកដ​ក្នុងប្រទេសចិន»។

ពួក​តំណាងស្ថានទូតប្រទេសលោកខាងលិច​ត្រូវបានហាមប្រាមមិនឱ្យចូលស្តាប់​ក្នុងការកាត់ទោស​លោក Guo ទេ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំប្រទេសចិន​បានសរសេរសារលើ​បណ្តាញសង្គម Twitter ថា «យើងបន្ត​អំពាវនាវ​ឱ្យមានការដោះលែង​លោក Guo ឱ្យបានឆាប់​ដើម្បី​ឱ្យលោកបានជួប​ជាមួយ​គ្រួសារលោក​ឡើងវិញ»។ គណៈប្រតិភូ​សហភាពអឺរ៉ុប​និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោកស្រី Patricia Flor ក៏​បាន​អំពាវនាវ​ឱ្យមានការដោះលែងលោក​ដែរ។

ក្នុងឋានៈជា​អ្នក​ពិគ្រោះ​យោបល់​ខាងច្បាប់ម្នាក់​កាល​ពី​ឆ្នាំ២០០៥ លោក Yang ​មានគេ​ស្គាល់ច្រើនដោយសារ​លោកបានជួយប្រជាជន​ក្នុងភូមិ Taishi នាប៉ែក​ខាង​ត្បូង​ប្រទេសចិន​ដើម្បីការពារសិទ្ធិ​ខាង​ដី​ធ្លីពួក​គេ។ ​ជា​ញឹកញយ​លោកត្រូវបាន​យាយី វាយដំ​ និង​រងទារុណកម្មនៅក្នុង​ការជាប់ឃុំឃាំងនិង​ជាប់គុក​កាលពីលើកមុនៗ។ គេ​មិនដឹងថា ​លោក Gao ស្ថិតនៅ​ទីណា​ទេ​ក្រោយពីជាប់ឃុំនិងជាប់ពន្ធនាគារ​ច្រើនឆ្នាំ ដែល​នៅ​ពេលនោះ​លោកត្រូវបានធ្វើ​ទារុណកម្ម​ផងដែរ។

«នេះជា​ការកាត់ទោស​យ៉ាងបំពាន​មួយ‍»។ នេះជាសម្តី​របស់​លោក​ Yang Zili ដែលជា​សកម្មជនចិន​ម្នាក់ដែល​បានជាប់គុក​៨ឆ្នាំ ហើយនៅពេល​នេះ​លោករស់នៅ​សហរដ្ឋ​អាមេរិក។ លោកបាននិយាយ​ថា មិនថា​ជំនឿ​នយោបាយរបស់នរណា​ម្នាក់មាន​សន្តិវិធី ​និង​សមហេតុផល​សមរម្យ​យ៉ាងណាក៏ដោយ ដរាប​ណាជំនឿទាំងនោះ មិនស្របតាម​ការឃោសនា​របស់គណបក្សកុម្មុយនិស្ត ជននោះប្រព្រឹត្ត​ឧក្រិដ្ឋកម្មតាម​ការចោទប្រកាន់​ហើយ»។

លោក William Nee ជាអ្នកស្រាវជ្រាវនៅ​អង្គការ​ការពារសិទ្ធិមនុស្សចិន ដែលមានមូលដ្ឋាននៅ​សហរដ្ឋ​អាមេរិក​ និងដែល​ជា​ក្រុម​ចម្រុះ​នៃ​អង្គការ​ក្រៅរដ្ឋាភិបាល​ចិន​និង​អន្តរជាតិ​ខាងសិទ្ធិមនុស្ស។ លោកបានហៅការកាត់ទោស​លោក Guo ថាជា«ករណីមួយ​ទៀត​ដែល​បង្ហាញ​អរិភាពខ្លាំងជ្រុលរបស់​រដ្ឋាភិបាលចិន​ដល់លទ្ធិ​ប្រជាធិបតេយ្យ​ និងរដ្ឋាភិបាល​ផ្អែកលើ​រដ្ឋធម្មនុញ្ញ។

លោកបានថ្លែងថា «វាក៏​ជា​សញ្ញា​ព្រមាន​មួយដល់ជនទាំងឡាយ​ណាដែល​ហ៊ានជំទាស់ជា​សាធារណៈ»៕

ប្រែសម្រួលដោយលោក ឈឹម​ សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG