សម្រាប់អ្នកដែលតាមដានប្លុកអ៊ីនធឺណិតឈ្មោះ Program Think វាជារឿងគួរឱ្យភ្ញាក់ផ្អើលតិចតួចនៅពេលដឹងថា អ្នករិះគន់ចិនក្នុងប្លុកនេះបានរត់គេចពីអាជ្ញាធរអស់មួយទសវត្សរ៍។
អ្នកតាមដានកិច្ចការរបស់លោក Ruan Xiaohuan បាននិយាយថា លោកមានភាពប៉ិនប្រសប់ ហើយយូរៗទៅ លោកបានក្លាយជាមនុស្សដ៏ល្បីមួយរូប។
អ្នកស្រី Yaqiu Wang អ្នកស្រាវជ្រាវនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងថា «លោកជាវីរបុរស។ លោកមានភាពល្បីល្បាញក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតជនជាតិចិនដែលបារម្ភអំពីសេរីភាពអ៊ីនធឺណិត។ លោកជាតួអង្គនៃអ្នកមានចំណេះដឹងអ៊ីនធឺណិត។ ប៉ុន្តែនៅទីបញ្ចប់ រដ្ឋាភិបាលនៅតែចាប់លោកបាន»។
បន្ទាប់ពី ១២ ឆ្នាំ និងការបង្ហោះសាររាប់រយប្រឆាំងនឹងគណបក្សកុំម្មុយនិស្តចិន និងផ្តល់យោបល់ដល់អ្នកអានពីរបៀបលាក់ដានឌីជីថលរបស់ពួកគេ និងគេចពីកម្មវិធីបិទខ្ទប់ Great Firewall របស់ចិន អាជ្ញាធរនៅទីបញ្ចប់បានចាប់ខ្លួនរូបលោក។
ប៉ូលិសនៅទីក្រុងShanghai បានចាប់ខ្លួនបុរសវ័យ ៤៥ ឆ្នាំរូបនេះនៅផ្ទះរបស់លោកក្នុងខែឧសភា ឆ្នាំ២០២១។
ជិត ២ ឆ្នាំក្រោយមក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សាលក្រមប្រឆាំងរូបលោកត្រូវបានបង្ហាញជាសាធារណៈ។
តុលាការនៅទីក្រុងShanghai បានកាត់ទោសលោកពីការញុះញង់ឱ្យមានវិទ្ធង្សនា និងកាត់ទោសលោក Ruan ឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ។
សាលក្រម៥ទំព័រ និងដែលត្រូវបានចែកចាយនៅលើអ៊ីនធឺណិតក្នុងខែមីនាបានសរសេរថា នៅចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០២១ លោក Ruan «បានសរសេរអត្ថបទបែបចចាមអារ៉ាម បង្កចលាចល និងបង្ខូចកេរ្តិ៍ជាង [១០០] អត្ថបទដែលពាក់ព័ន្ធនឹងការវាយប្រហារ និងបង្ខូចដល់ប្រព័ន្ធនយោបាយនាពេលបច្ចុប្បន្នក្នុងប្រទេសយើង ដោយញុះញង់ឱ្យមានវិទ្ធង្សនានៃអំណាចរដ្ឋ និងប៉ុនប៉ងផ្តួលរលំប្រព័ន្ធសង្គមនិយម»។
សាលក្រមនេះបន្តថា បទល្មើសរបស់លោកRuan មាន «ស្ថានទម្ងន់ទោស»។ ប៉ុន្តែសាលក្រមនោះមិនបានលើកឡើងពីប្លុករបស់លោក ឬអត្ថបទជាក់លាក់ណាមួយនោះទេ។
អ្នកស្រី Angeli Datt ដែលស្រាវជ្រាវអំពីប្រទេសចិននៅអង្គការ PEN America ដែលធ្វើការលើសេរីភាពបញ្ចេញមតិបានថ្លែងថា ការមិនលើកឡើងនេះទំនងជាមានគោលបំណងអ្វីមួយ។ រដ្ឋាភិបាលក្រុងប៉េកាំងទំនងចង់បញ្ចៀសការបង្ហាញការងាររបស់លោក និងគុណតម្លៃដែលលោកមាន។ អ្នកស្រីបានបន្ថែមទៀតថា ក្រុមមន្ត្រីចិនមិនចង់ឱ្យលោកក្លាយជាបុគ្គលល្បីនោះទេ។
អ្នកស្រី Datt បានថ្លែងក្នុងសម្តីដើមថា «បើគេទាញការចាប់អារម្មណ៍ឱ្យលោក ឬប្លុករបស់លោកកាន់តែច្រើន វាច្បាស់ណាស់ មនុស្សម្នាមិនមានហេតុផលជឿថា លោកជាឧក្រិដ្ឋជននោះទេ និងថា លោកបានញុះញង់ឱ្យមានវិទ្ធង្សនានៃអំណាចរដ្ឋនោះទេ»។
ស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោន មិនបានឆ្លើយតបនឹងអ៊ីមែលរបស់ VOA ស្នើសុំអត្ថាធិប្បាយឡើយ៕