ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​និរទេស​ខ្លួន​ទីបេ​ថា ទីបេ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សន្សឹមៗ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន


រូប​ឯកសារ៖ លោក Penpa Tsering ប្រធាន​រដ្ឋបាល​ទីបេ​កណ្តាល​ឬ​រដ្ឋាភិបាល​ទីបេ​​និរទេស (Central Tibetan Administration) ថ្លែង​ទៅ​កាន់​ការ​ជួប​ប្រជុំ​គ្នា​មួយ​ដើម្បី​កត់​សម្គាល់​ខួប​នៃ​ការ​បះបោរ​ Lhasa ឆ្នាំ​១៩៥៩ នៅ​​ក្រុង Dharmsala ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២។
រូប​ឯកសារ៖ លោក Penpa Tsering ប្រធាន​រដ្ឋបាល​ទីបេ​កណ្តាល​ឬ​រដ្ឋាភិបាល​ទីបេ​​និរទេស (Central Tibetan Administration) ថ្លែង​ទៅ​កាន់​ការ​ជួប​ប្រជុំ​គ្នា​មួយ​ដើម្បី​កត់​សម្គាល់​ខួប​នៃ​ការ​បះបោរ​ Lhasa ឆ្នាំ​១៩៥៩ នៅ​​ក្រុង Dharmsala ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២។

ប្រធាន​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​ដែល​គេ​ស្គាល់​ថា​ ជា​រដ្ឋាភិបាល​និរទេស​ខ្លួន​ទីបេ​បាន​ប្រាប់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​មួយ​កាលពី​ថ្ងៃអង្គារ ទី២៨ ខែ​មីនា ឆ្នាំ២០២៣​ថា ទីបេ​កំពុង​ស្លាប់ «គឺ​ស្លាប់​ដោយ​សន្សឹមៗ» នៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន។

សកម្មជន​ទីបេ​មួយ​ចំនួន​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា ​ការផ្ដោត​ចំណាប់​អារម្មណ៍​ទៅលើ​ការរំលោភ​បំពាន​ដែល​ត្រូវចោទ​ប្រកាន់​ឡើង​នៅ​ដែនដី​ទីបេ​កំពុង​ធ្លាក់ចុះ ចំពេល​ការព្រួយ​បារម្ភ​មាន​កាន់តែ​ខ្លាំងឡើង​នៅ​សហរដ្ឋ​អាមេរិក​ និង​នៅ​ប្រទេស​លោក​ខាងលិច​ផ្សេង​ទៀត​អំពី​ការពង្រីក​យោធា​របស់​ចិន សម្ពាធ​លើ​ប្រជាធិបតេយ្យ​នៅ​កោះ​តៃវ៉ាន់ ការបង្ក្រាប​នៅ​ទីក្រុង​ហុងកុង និង​លើ​ក្រុម​ជនជាតិ​ភាគតិច​នៅ​ក្នុង​តំបន់ Xinjiang នៃ​ប្រទេស​ចិន។

លោក Penpa Tsering នៃ​រដ្ឋបាល​ទីបេ​កណ្តាល​ឬ​រដ្ឋាភិបាល​ទីបេនិរទេសបាន​និយាយ​តាមរយៈ​វីដេអូ​ទៅកាន់​សវនាការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​សភា​ស្តីពី​ប្រទេស​ចិន ដែល​ជា​ទីភ្នាក់ងារ​ឯករាជ្យ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​តាមដាន​ការ​វិវឌ្ឍ​ផ្នែក​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​ថា៖ «ប្រសិនបើ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មិន​ផ្លាស់ប្តូរ​គោលនយោបាយ​បច្ចុប្បន្ន​របស់​ខ្លួន​ទេ ប្រជាជន​ទីបេ និង​ទីបេ​ប្រាកដជា​នឹង​ស្លាប់​ដោយ​សន្សឹមៗ»។

តួនាទី​ជា​អ្នកដឹកនាំ​រដ្ឋបាល​ទីបេ​កណ្តាល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១២ បន្ទាប់ពី​សម្តេច​សង្ឃ Dalai Lama ដែល​ជា​មេដឹកនាំ​សាសនា​នៃ​ដែនដី​ទីបេ​មាន​ព្រះជន្ម​៨៧​វស្សា បាន​បោះបង់​ចោល​សិទ្ធិ​អំណាច​នយោបាយ​ដើម្បី​គាំទ្រ​ដល់​អង្គការ​ដែល​អាច​មាន​ជីវិត​រស់រាន​យូរ​ជាង​ព្រះអង្គ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​សម្តេច​សង្ឃ Dalai Lama ពី​បទ​បង្កើត​ការ​បំបែក​ខ្លួន​នៅ​ដែនដី​ទីបេ ហើយ​ចិន​មិន​ទទួលស្គាល់​រដ្ឋបាល​ទីបេ​កណ្តាល ជា​តំណាង​របស់​ជនជាតិ​ទីបេ​ប្រមាណ​១សែន​នាក់​ដែល​និរទេស​ខ្លួន​ហើយ​កំពុង​រស់នៅ​ក្នុង​ប្រមាណ​៣០​ប្រទេស​ដែល​រួមមាន​ប្រទេស​ឥណ្ឌា នេប៉ាល់ កាណាដា និង​សហរដ្ឋ​អាមេរិកនោះ​ទេ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​លើ​សវនាការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​សភា​ស្តីពី​ប្រទេស​ចិន​នោះ​ទេ។

ប្រទេស​ចិន​បាន​គ្រប់គ្រង​តំបន់​ដាច់ស្រយាល​នៅ​ភាគ​ខាងលិច​នៃ​ដែនដី​ទីបេ​ចាប់តាំង​ពី​ឆ្នាំ​១៩៥១ បន្ទាប់ពី​យោធា​របស់​ខ្លួន​បាន​ចូល​តំបន់​នោះ និង​បាន​គ្រប់គ្រង​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា «ការ​រំដោះ​ដោយ​សន្តិវិធី»។ ប្រទេស​ចិន​បាន​បដិសេធ​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ខុស​នៅ​ទីនោះ​ទេ ហើយ​និយាយ​ថា អន្តរាគមន៍​របស់​ខ្លួន​បាន​បញ្ចប់​«របប​សក្តិភូមិ​ដែល​នាំ​ឱ្យ​មាន​ការ​ដើរ​ថយ​ក្រោយ»។

អ្នកស្រី Uzra Zeya អនុ​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​សវនាការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​សភា​ស្តីពី​ប្រទេស​ចិន​ថា ប្រទេស​ចិន​បាន​បន្ត​«ធ្វើ​យុទ្ធនាការ​គាបសង្កត់​ដែល​បង្ខំ​ឱ្យ​ប្រជាជន​៦​លាន​នាក់​នៅ​ក្នុង​ដែនដី​ទីបេ​មាន​លក្ខណៈ​ដូច​ចិន និង​លុបបំបាត់​មរតក​ សាសនា​ វប្បធម៌​ និង​ភាសា​ទីបេ»។

អ្នកស្រី Zeya ដែល​ជា​អ្នកសម្រប​សម្រួល​ពិសេស​សម្រាប់​បញ្ហា​ទីបេ​បាន​ដឹកនាំ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រជាជន​ទីបេ បាន​និយាយ​ថា របាយ​ការណ៍​ថ្មីៗ​ស្តីពី​សាលា​បណ្ដុះបណ្ដាល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​ការ​ប្រមូល​ពន្ធុ ឬ​ទិន្នន័យDNA ដ៏​ច្រើន​ដោយ​មិន​មាន​ការ​ស្ម័គ្រចិត្ត​នៅ​ក្នុង​តំបន់​ទីបេ ជា​ការ«បំបាក់​មនសិការ»។ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​ឆ្លើយឆ្លង​ជាមួយ​អ្នកស្រី Zeya ទេ។

តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Chris Smith ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​សភា​ស្តីពី​ប្រទេស​ចិន​បាន​និយាយ​ថា មាន​ការផ្តោត​ជា​សកល​លើ​កោះ​តៃវ៉ាន់ ហុងកុង និង​តំបន់​ Xinjiang ក៏ប៉ុន្តែ «យើង​មិន​អាច​មើល​រំលង​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​កំពុង​កើតមាន​លើ​ប្រជាជន​ទីបេ​បាន​ឡើយ»។

លោក Richard Gere ដែល​ជា​តារា​ភាពយន្ត និង​ជា​សកម្មជន​គាំទ្រ​ដែនដី​ទីបេ​ជា​យូរ​ឆ្នាំ​មក​ហើយ​បាន​ប្រាប់​សវនាការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​សភា​ស្តីពី​ប្រទេស​ចិន​ថា គោលនយោបាយ​ចិន​នៅ​ទីបេ​កាន់តែ​«មាន​ភាព​ដូចគ្នា​ទៅ​នឹង​និយមន័យ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ»។

ប្រទេស​ចិន​និយាយ​ថា ទីបេ​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន ហើយ​ថា ខ្លួន​បាន​ធ្វើឱ្យ​ជីវភាព​រស់នៅ​ប្រសើរ​ឡើង និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​តំបន់​នោះ។ ចិន​និយាយ​ថា ការ​ចោទ​ប្រកាន់​ណា​មួយ​ដែល​ថា ខ្លួន​រំលោភ​សិទ្ធិ​មនុស្ស​ប្រជាជន​ទីបេ​នោះ គឺ​ជា​រឿង​មិន​ពិត៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG