ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចង់​ឲ្យ​មាន «ដំណើរការ​អន្តរកាល​បែប​ប្រជាធិបតេយ្យ» នៅ​មីយ៉ាន់ម៉ា ដោយ​មិន​មាន​ការដាក់​ទណ្ឌកម្ម


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​លោក Zhang Jun ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​មួយ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅ​ទីស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​លោក Zhang Jun ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​មួយ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅ​ទីស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ។

ប្រទេស​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ខ្លួន​ចង់​ឲ្យ​មាន «ដំណើរការ​អន្តរកាល​បែប​ប្រជាធិបតេយ្យ» នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​បាន​ច្រានចោល​ការ​ដាក់​ទណ្ឌកម្ម។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូត​ចិន​លោក Zhang Jun បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា៖ «រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា ប្រទេស​មីយ៉ាន់ម៉ា​នឹង​ស្ដារ​សន្តិភាព ស្ថិរភាព និង​របៀប​រៀបរយ​តាម​រដ្ឋធម្មនុញ្ញ​ឡើង​វិញ​ឲ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​អន្តរកាល​បែប​ប្រជាធិបតេយ្យ»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ។

លោក​បាន​បន្ថែម​ថា៖ «ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ គឺជា​ចំណាប់​អារម្មណ៍​រួម​របស់​សហគមន៍​អន្តរជាតិ។ ប្រសិនបើ​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​រ៉ាំរ៉ៃ វា​នឹង​ក្លាយជា​មហន្តរាយ​សម្រាប់​មីយ៉ាន់ម៉ា​ផ្ទាល់​ និង​តំបន់​ទាំង​មូល»។

យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ និង​ដែល​បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​ការ​តវ៉ា​ប្រឆាំង ពឹងផ្អែក​លើ​ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ត​ដ៏​ចម្បង​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ចិន​នៅតែ​បន្ត​ជំទាស់​ទៅ​នឹង​ការ​ដាក់​គំនាប​ខាង​សេដ្ឋកិច្ច​លើ​មីយ៉ាន់ម៉ា នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ មហា​អំណាច​បស្ចិម​ប្រទេស​នានា​បាន​លើកឡើង​អំពី​វិធានការ​បន្ថែម​លើ​មីយ៉ាន់ម៉ា៕

XS
SM
MD
LG