ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្វាតេម៉ាឡា​សន្យា​គាំទ្រ​តៃវ៉ាន់ បន្ទាប់ពី​ចិន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​តៃវ៉ាន់


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ក្វាតេម៉ាឡា​លោក Mario Bucaro នៅ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ក្នុង​ទី​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២២។
ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ក្វាតេម៉ាឡា​លោក Mario Bucaro នៅ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ក្នុង​ទី​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ការបរទេស​ក្វាតេម៉ាឡា​លោក Mario Bucaro បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ក្វាតេម៉ាឡា​នឹង «តែងតែ​គាំទ្រ» កោះ​តៃវ៉ាន់​ជានិច្ច។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ លោក Bucaro បាន​និយាយ​ថា ប្រទេស​ក្វាតេម៉ាឡា​និង​កោះ​តៃវ៉ាន់​គឺ​មាន «គោល​គំនិត​ដូច​គ្នា» ដែល​រួម​គ្នា​ដោយ «សម្ពន្ធភាព​ប្រជាធិបតេយ្យ»។

លោក Bucaro បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រទេស​ក្វាតេម៉ាឡា​នឹង​តែងតែ​គាំទ្រ​តៃវ៉ាន់​ជានិច្ច ដោយសារតែ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​គោលការណ៍​សន្តិភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី»។

ការ​ថ្លែង​របស់​លោក Bucaro នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជា​ច្រើន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់​កាលពី​ដើម​ខែ​សីហា។

លោក Bucaro មិន​បាន​លើកឡើង​អំពី​ប្រទេស​ចិន​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ទេ ប៉ុន្តែ​បាន​និយាយ​ថា ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​កោះ​តៃវ៉ាន់​នេះ​គឺ​ជា «ការ​ប្រាប់​ដល់​ពិភពលោក​អំពី​សារៈសំខាន់​នៃ​ការ​បង្ហាញ​សាមគ្គីភាព​ចំពោះ​ប្រជាពលរដ្ឋ​តៃវ៉ាន់ នៅ​ក្នុង​ជំនឿ​ថា​មានតែ​ការ​ចរចា​តែ​ប៉ុណ្ណោះ​ទេ​ដែល​អាច​ឈ្នះ​បាន​នៅ​ពេល​ដែល​ប្រឈម​នឹង​ជម្លោះ​ណា​មួយ»។

អ្នកស្រី Tsai Ing-wen បាន​បញ្ជាក់​ថា តៃវ៉ាន់​គឺ​ជា​ទិសដៅ​ដំបូង​គេ​នៅ​ទ្វីប​អាស៊ី​ដែល​លោក Bucaro បាន​ធ្វើ​ទស្សនកិច្ច តាំងពី​ពេល​ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ក្វាតេម៉ាឡា​មក។ ជាង​នេះ​ទៀត អ្នកស្រី​បាន​ថ្លែង​អំណរគុណ​ប្រទេស​ក្វាតេម៉ាឡា​សម្រាប់​ការ​គាំទ្រ​ផ្នែក​ការទូត នៅ​ក្រោយ​ពេល​ដែល​ចិន​ធ្វើ​សមយុទ្ធ​យោធា។

ប្រទេស​ក្វាតេម៉ាឡា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤ ដែល​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​នឹង​កោះ​តៃវ៉ាន់៕

XS
SM
MD
LG