ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​និយាយ​ថា ​សមយុទ្ធ​ចិន​នាំ​ឱ្យ​មាន​ការ​ពង្រឹង​សាមគ្គីភាព​អន្តរជាតិ​


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​​តៃវ៉ាន់​លោក​ Joseph Wu និយាយ​ជាមួយ​លោស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​អាមេរិក​និង​គណៈប្រតិភូ​អាមេរិក​នៅ​មុន​លោកស្រី​ឡើង​យន្តហោះ​ចាកចេញ​ពី​អាកាសយានដ្ឋាន Songshan របស់​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​​តៃវ៉ាន់​លោក​ Joseph Wu និយាយ​ជាមួយ​លោស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​អាមេរិក​និង​គណៈប្រតិភូ​អាមេរិក​នៅ​មុន​លោកស្រី​ឡើង​យន្តហោះ​ចាកចេញ​ពី​អាកាសយានដ្ឋាន Songshan របស់​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ការបរទេស​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ​លោក​ Joseph Wu ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សមយុទ្ធ​យោធា​ដ៏​ធំ​របស់​ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ បាន​ត្រឹមតែ​ធ្វើ​ឱ្យ​សម្ពន្ធមិត្ត​មាន​ការ​ប្តេជ្ញា​ចិត្ត​បន្ថែម​ធ្វើ​ទស្សនកិច្ច​នៅ​ដែន​កោះ​ប្រជា​ធិបតេយ្យ​នេះ​ និង​បង្ហាញ​សាមគ្គីភាព។​ នេះបើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​AFP។​

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​រៀបចំ​សមយុទ្ធ​សមុទ្រ ​និង​ផ្លូវ​អាកាស​ដែល​មិន​ធ្លាប់​មានពី​មុន​មក​ ជា​ការ​សងសឹក​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​លោកស្រី​ Nancy Pelosi​ ទៅ​កាន់​កោះ​តៃវ៉ាន់​ក្នុង​ខែ​នេះ ​នាំ​ឱ្យ​មាន​ភាពតាន​តឹង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍។​ អ្នក​នយោបាយ​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​បីដង​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi។ ​អ្នក​ធ្វើ​ទស្សន​កិច្ច​ចុង​ក្រោយ​បំផុត​គឺ​លោកស្រី​ Marsha Blackburn ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ ​Tennessee ​ដែល​បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ Tsai Ing-wen ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក ​ Wu ​បាន​ប្រាប់​សារ​ព័ត៌មាន​បរទេស​ថា៖​ «យើង​នឹង​មិន​ឈប់​បង្កើត​មិត្ត​ដោយ​សារ​តែ​ការ​គំរាមកំហែង​របស់​ចិន​ប្រឆាំង​នឹង​តៃវ៉ាន់​នោះ​ទេ»។​

តៃវ៉ាន់​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ពី​ការ​ឈ្លានពាន​របស់​ចិន ​ដែល​ទាមទារ​ថា​ កោះ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ចាប់​យក​នៅ​ថ្ងៃណា​មួយ​ ដោយ​កម្លាំង​បើ​ចាំបាច់។​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​រិះគន់​សកម្មភាព​ការទូត​ដែល​អាច​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​តៃវ៉ាន់​ ហើយ​បាន​ឆ្លើយតប​ដោយ​កំហឹង​កាន់​តែខ្លាំង​ឡើង​ចំពោះ​ទស្សន​កិច្ច​របស់​មន្ត្រី​និង​អ្នក​នយោបាយ​លោក​ខាងលិច។​

លោក ​Wu ​បាន​និយាយ​ថា ​ការ​បង្ហាញ​កម្លាំង​របស់​ប្រទេស​ចិន​គឺ​ជា​ការ​ប្រឆាំង​ជំហរ​ស្ថាបនា ​ហើយ​«នឹង​មាន​ដំណើរ​ទស្សនកិច្ច​បន្ថែម​ទៀត»​ ទៅ​កាន់​កោះ​តៃវ៉ាន់ ​ដោយ​ឥស្សរជន​អន្តរជាតិ។ ​លោក ​Wu ​បាន​និយាយ​ថា៖​ «ដោយសារ​តែ​សម្ពាធ​យោធា​ដែល​ប្រទេស​ចិន​បាន​បង្ហាញ​ប្រឆាំង​តៃវ៉ាន់​ មាន​មនុស្ស​កាន់​តែច្រើន​ចង់​មក​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ។ ​មិត្តភក្តិ​អន្តរជាតិ​ជាច្រើន​បាន​ប្រាប់​យើង​រួច​ហើយ​ថា ពួកគេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចង់​មក​តៃវ៉ាន់។ ​ហើយ​គោល​បំណង​គឺ​សាមញ្ញ​ណាស់ ​គ្រាន់តែ​បង្ហាញ​ពី​សាមគ្គីភាព​ប៉ុណ្ណោះ»។​

លោកស្រី​ Blackburn ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណ​រដ្ឋ​ និង​ជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​បាន​និយាយ​ថា ​ទស្សនកិច្ច​របស់​លោកស្រី​ត្រូវ​បាន​រៀបចំ​ឡើង​«ដើម្បី​ផ្ញើសារ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ យើង​នឹង​មិន​ចាញ់​ការ​គំរាមកំហែង​ទេ»។​

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​លោកស្រី​ជាមួយ ​លោកស្រី​ Blackburn ​ លោកស្រី ​Tsai ​បាន​និយាយ​ថា​ដំណើរ​ទស្សន​កិច្ច​បែប​នេះ​«បាន​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​តៃវ៉ាន់​ដើម្បី​ការពារខ្លួន»។​

ក្រោយ​មក ​សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​រូប​នេះ​បាន​ថ្លែង​សុន្ទរកថា​ធ្ងន់ៗ។​ លោកស្រី​បាន​និយាយ​ដោយ​សំដៅ​ដល់​ប្រធានាធិបតី​ចិន​ថា ​«អ្នក​ណាក៏ដោយ​ដែល​មាន​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ដឹង​ថា​ លោក​ Xi Jinping ​នឹង​មិន​បញ្ឈប់​ការ​គំរាម​កំហែង​សុវត្ថិភាព ​និង​សន្តិសុខ​របស់​តៃវ៉ាន់​នោះ​ទេ ​ព្រោះ​វា​នឹង​ក្លាយ​ជា​រឿង​ចាប់​អារម្មណ៍​បំផុត​របស់​មនុស្ស​គ្រប់​គ្នា។​គាត់​មិនមែន​ជា​អ្នក​ដឹក​នាំ​ធម្មតា​ទេ​ ហើយ​គាត់​មិន​ចំណាប់​អារម្មណ៍​ចំពោះ​ប្រតិកម្ម​ធម្មតា ​ឬ​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ទេ»។​

គណៈ​ប្រតិភូ​សភា​មួយ​ទៀត​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធ​សភា​លោក​ Ed Markey​ បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​កោះ​តៃវ៉ាន់​ភ្លាមៗ​បន្ទាប់ពី​លោក​ស្រី​ Pelosi ​ខណៈ​ប្រទេស​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​របស់​ខ្លួន។​ កាលពី​ដើម​សប្តាហ៍​នេះ​ អភិបាល​រដ្ឋ ​Indiana ​នៃ​គណបក្ស​សាធារណរដ្ឋ​លោក ​Eric Holcomb​ បាន​ទៅ​តៃវ៉ាន់​បន្ទាប់​ពី​ការ​ប្រកាស​អំពី​កិច្ច​ចរចា​ពាណិជ្ជ​កម្ម​នាពេល​ខាង​មុខ​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​និងរដ្ឋាភិបាល​ទីក្រុង​តៃប៉ិ៕

XS
SM
MD
LG