ប្រធានាធិបតីចិនលោកXi Jinpingនឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលនេះជាដំណើរទស្សនកិច្ចលើកទី១របស់លោកទៅកាន់ប្រទេសដែលនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក ចាប់តាំងពីឆ្នាំ២០១៦មក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារម្សិលមិញ។
ដំណើរទស្សនកិច្ចនេះ នឹងរួមបញ្ជូលផងដែរនូវជំនួបកំពូលទ្វេភាគីរវាងប្រទេសទាំងពីរ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត និងមានការយាងចូលរួមផងដែរពីព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ដែលជារាជវង្សដែលមានអំណាចខ្លាំងពិតប្រាកដនៅក្នុងព្រះរាជាណាចក្រមួយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
លោកXi ដែលដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ទី២របស់ពិភពលោកនោះ ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមួយផ្សេងទៀត ជាមួយមេដឹកនាំនៃសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការទាំង៦នៃតំបន់ឈូងសមុទ្រ ហើយការកិច្ចពិភាក្សានេះ ក៏នឹងមានការចូលរួមផងដែរ ពីមេដឹកនាំមកពីបណ្តាប្រទេសផ្សេងៗក្នុងតំបន់មជ្ឈឹមបូព៌ា។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អារ៉ាប៊ីសាអូឌីត។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនរូបនេះ កើតឡើងជួនគ្នានឹងភាពតានតឹងដែលកំពុងកើតមានឡើងរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកជុំវិញបញ្ហាមួយចំនួន ចាប់ពីបញ្ហានយោបាយថាមពល ដល់បញ្ហាសន្តិសុខតំបន់ និងបញ្ហាសិទ្ធិមនុស្សជាដើម។
បញ្ហាចុងក្រោយបំផុតដែលធ្វើឱ្យប៉ះពាល់ដល់ភាពជាដៃគូ ដែលមានចំណាស់រាប់ទសវត្សរ៍រវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិកនោះ កើតមានឡើងកាលពីខែតុលាកន្លងទៅ នៅពេលក្រុមប្រទេសOPEC+ បានឯកភាពគ្នាកាត់បន្ថយការផលិតប្រេងរបស់ខ្លួនចំនួន២លានបារ៉ែលក្នុងមួយថ្ងៃ ដែលទង្វើនេះត្រូវបានសេតវិមានចាត់ទុកថា ជាការលម្អៀងទៅរកប្រទេសរុស្ស៊ី នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គការ OPEC+ នៅតែរក្សាអនុវត្តការកាត់បន្ថយការផលិតប្រេងរបស់ខ្លួនដដែល។
ប្រទេសចិនជាអ្នកទិញប្រេងឆៅដ៏ធំបំផុតមួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានទិញប្រេងប្រមាណ១ភាគ៤នៃប្រេងនាំចេញទាំងអស់របស់ប្រទេសនេះ៕