ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​​​មិន​អើពើ​ចំពោះ​ការ​លុប​ចោល​ការ​លើកលែង​ទណ្ឌកម្ម​របស់​អាមេរិក​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump លើកបង្ហាញ​ការ​ប្រកាសចេតនា​របស់​លោក​ក្នុង​ការ​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ JCPOA បន្ទាប់​ពីបាន​ចុះ​ហត្ថលេខា​ក្នុង​បន្ទប់​ការទូតនៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០១៨។

ប្រទេស​អ៊ីរ៉ង់​និយាយ​ថា ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​លុប​ចោលការ​លើក​លែង​ចុង​ក្រោយ​ចំពោះការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាល​ពីឆ្នាំ​២០១៥ នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ការងារ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ។

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ថាមពល​នុយក្លែអ៊ែរ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​លុប​ចោល​នេះ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ គ្រាន់​តែ​ដើម្បី​ព្យាយាម​បង្វែរ​សាធារណមតិ​ប៉ុណ្ណោះ​និង​មិ​ន​មាន​ផល​ប៉ះពាល់​អ្វី​ទេ។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Mike Pompeo បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា អាមេរិក​នឹង​មិន​បន្ត​ការ​លើកលែង​ទណ្ឌកម្ម​ដែល​កន្លង​មក​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ដទៃ​អាច​ទៅ​ធ្វើ​ការ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អ៊ីរ៉ង់។​

សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ពី​កិច្ច​ព្រមព្រៀង​នុយក្លែអ៊ែរ​នេះ​កាល​ពី​ឆ្នាំ​២០១៨ ហើយបាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ច្រើន​ទៀត​លើ​អ៊ីរ៉ង់៕

XS
SM
MD
LG