ក្រសួងសុខាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីចំនួនករណីឆ្លងកូវីដ១៩ថ្មីចំនួន៧៩ករណី ដែលនេះជាចំនួនកើនឡើងថ្មីប្រចាំថ្ងៃដ៏ច្រើនជាប់ៗគ្នាពីរថ្ងៃ។
ចំនួនករណីថ្មីក្នុងថ្ងៃព្រហស្បតិ៍មានចំនួនស្ទើរទ្វេដងនៃចំនួនករណីថ្មី៤០ដែលត្រូវអាជ្ញាធរកូរ៉េខាងត្បូងរកឃើញកាលពីថ្ងៃពុធ ដែលជាចំនួនប្រចាំថ្ងៃច្រើនបំផុតក្នុងរយៈពេលជិត២ខែ។
អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងលោក Kim Kang-lip ថ្លែងថាករណីថ្មីចំនួន៥៤ជាប់ទាក់ទងនឹងឃ្លាំងចែកចាយទំនិញមួយរបស់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញឈ្មោះCoupang ក្នុងទីក្រុង Bucheon ភាគខាងលិចទីក្រុងសេអ៊ូល។ លោកថាបុគ្គលិកក្រុមហ៊ុនចំនួនប្រហែល៤.១០០នាក់ដែលគេគិតថាមិនបានគោរពតាមការតម្រូវឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គមកំពុងត្រូវគេដាក់ឲ្យនៅដោយឡែកនិងធ្វើតេស្តរកវីរុស។
គេមិនទាន់ដឹងថាតើការផ្ទុះឆ្លងថ្មីនេះនឹងប៉ះពាល់ដល់ផែនការបើកសាលារៀនជាដំណាក់កាលឡើងវិញឬយ៉ាងណាប៉ុន្តែក្រសួងអប់រំកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ការបើកថ្នាក់រៀនឡើងវិញត្រូវបានពន្យារពេលនៅសាលារៀនចំនួន៥៦១កន្លែង៕