ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​ថ្នាក់​ខេត្ត​ក្នុង​ប្រទេស​ចិន​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការរឹតត្បិត​ព័ត៌មាន​លើ​អ៊ីនធឺណិត


រូប​ឯកសារ៖ មនុស្សម្នា​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ហាង​កាហ្វេ​កុំព្យូទ័រ​មួយ​នៅ​ក្នុង​ក្រុង Hefei ខេត្ត Anhui ប្រទេស​ចិន។
រូប​ឯកសារ៖ មនុស្សម្នា​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ហាង​កាហ្វេ​កុំព្យូទ័រ​មួយ​នៅ​ក្នុង​ក្រុង Hefei ខេត្ត Anhui ប្រទេស​ចិន។

ស្ថាប័ន​រដ្ឋាភិបាល​ថ្នាក់​ខេត្ត​ក្នុង​ប្រទេស​​ចិន​កំពុង​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​យុទ្ធនាការ​រឹតត្បិត​ព័ត៌មាន​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ប្រមាណ​ជា​ពីរ​ខែ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​ច្បាប់​មួយ​ដើម្បី​រឹតត្បិត​ប្រជាពលរដ្ឋ​មិន​ឱ្យ​បង្ហោះ​សារ​អវិជ្ជមាន​នៅ​លើ​អ៊ីនធឺណិត សារព័ត៌មានថ្នាក់​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ អ្នក​ផ្តល់​សេវា​អ៊ីនធឺណិត និង​វេទិកា​បណ្តាញ​សង្គម​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​លុបចោល​ «ពាក្យ​ចចាមអារ៉ាម» នៅ​លើ​អ៊ីនធឺណិត។

ដោយ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ខែ​ធ្នូ ច្បាប់​ស្តីពី​អភិបាលកិច្ច​នៃ​ខ្លឹមសារ​ព័ត៌មាន​តាម​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​អនុវត្ត​កាលពី​ថ្ងៃទី១ ខែមីនា មាន​គោលបំណង «បង្កើត​បណ្តាញ​អ៊ីនធឺណិត​វិជ្ជមាន» និង​ «រក្សា​សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​សាធារណៈ»។

តាមរយៈ​ការ​បែងចែក​ខ្លឹមសារ​តាម​អ៊ីនធឺណិត​ទៅ​ជា​៣ប្រភេទ ដែល​មាន​ដូចជា «លើក​ទឹក​ចិត្ត» «អវិជ្ជមាន» និង​ «ខុសច្បាប់» ច្បាប់​នេះ​ដាក់​ទោស​ឧក្រិដ្ឋ​លើ «ការ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម» «ការ​រំខាន​ដល់​សណ្តាប់ធ្នាប់​សង្គម ឬ​សេដ្ឋកិច្ច» និង​អ្វីៗ​ផ្សេង​ទៀត​ដែល «បំផ្លាញ​សាមគ្គី​ជាតិ»។​

ទោះ​យ៉ាង​នេះ​ក្តី អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​និយាយ​ថា ច្បាប់​នេះ​ឱ្យ​និយមន័យ​ស្រពិចស្រពិលលើ​ឃ្លា «ការ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម» ហើយ​ឃ្លា​នេះ​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​គាបសង្កត់​ការ​រាយការណ៍​អំពី​ជំងឺ​កូវីដ១៩ ដែលបាន​បង្ក​ឱ្យ​មាន​ការ​ចាប់​ខ្លួន​និង​ការ​បាត់ខ្លួន​អ្នក​កាសែត​ពលរដ្ឋ និង​អ្នក​បង្ហើប​ព័ត៌មាន​ជាច្រើន​នាក់​រួច​មក​ហើយ។​

លោក​វេជ្ជបណ្ឌិត Lauri Paltemaa សាស្ត្រាចារ្យ​ផ្នែក​សិក្សា​ពី​តំបន់​អាស៊ី​ខាង​កើត​នៅ​សាកលវិទ្យាល័យ University of Turku ក្នុង​ប្រទេស​ហ្វាំងឡង់​ បាន​និយាយ​ថា៖ «ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​ទំនង​ [ជា​អ្វី​មួយ​ដែល​គេ​យល់​ថា] មាន​ភាព​អវិជ្ជមាន​ខ្លាំង​ [ចំពោះ] រដ្ឋាភិបាល»។

លោក​បាន​បន្ថែម​ថា៖ «ការ​រាយការណ៍​ទាំង​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​ចិន និង​យោធា​ជា​មេខ្លោង​នៅ​ពី​ក្រោយ​វិបត្តិ​កូវីដ១៩»។

រូប​ឯកសារ៖ អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ម្នាក់​អង្គុយ​នៅ​ក្បែរ​កញ្ចក់​កុំព្យូទ័រ​ដែល​បង្ហាញ​ពី​សារ​មក​ពី​ប៉ូលិស​ចិន​ស្តីពី​ឥរិយាបថ​ត្រឹមត្រូវ​នៅ​លើ​អ៊ីនធឺណិត នៅ​ក្នុង​ហាង​កាហ្វេ​អ៊ីនធឺណិត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣។
រូប​ឯកសារ៖ អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ម្នាក់​អង្គុយ​នៅ​ក្បែរ​កញ្ចក់​កុំព្យូទ័រ​ដែល​បង្ហាញ​ពី​សារ​មក​ពី​ប៉ូលិស​ចិន​ស្តីពី​ឥរិយាបថ​ត្រឹមត្រូវ​នៅ​លើ​អ៊ីនធឺណិត នៅ​ក្នុង​ហាង​កាហ្វេ​អ៊ីនធឺណិត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣។

ប៉ុន្តែ​លោក Steven Butler នាយក​កម្មវិធី​អាស៊ី​ខាង​កើត​នៃ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​និយាយ​ថា ច្បាប់​នេះ​មាន​អានុភាព​ហួស​ពី​ការ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ។

លោក Steven Butler បាន​ប្រាប់ VOA ​ថា៖ «នៅ​ក្នុង​ប្រទេស​ចិន ជា​ធម្មតា​ពាក្យ​ចចាមអារ៉ាម​ជា​អ្វី​ដែល​ [មន្ត្រី​ចិន] មិន​ចូលចិត្ត។ វា​មិន​មែន​ជា​សំណួរ​ថា​តើ​អ្វី​ជា​រឿង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ឬ​អត់​នោះ​ទេ»។

ខេត្ត​ដែល​ដើរ​តួនាទី​សំខាន់

បណ្តាញ​ការិយាល័យ​ព័ត៌មាន​អ៊ីនធឺណិត​ខេត្ត​ជាច្រើន​របស់​ចិន​បាន​បង្កើត​គេហទំព័រ​ចាប់​យក​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ ចាប់តាំង​ពី​ច្បាប់​ថ្មី​នេះ​បាន​ចូល​ជា​ធរមាន​មក។

ដោយ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ និង​មាន​ដំណើរការ​ដូច​គេហទំព័រ​ពិនិត្យ​មើល​ការពិត​ដូចជា​ គេហទំព័រ Factcheck.org និង​គេហទំព័រ Snopes.com ដែរ គេហទំព័រ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​នេះ​គឺ​ជា​គេហទំព័រ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​គេហទំព័រ piyao.org.cn របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប៉ុន្តែ​វា​ផ្តោត​លើ​ការងារ​ថ្នាក់​តំបន់។ គេហទំព័រ piyao.org.cn ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០១៨ និង​ជា​គេហទំព័រ​ចាប់​ពាក្យ​ចាចាមអារ៉ាម​ថ្នាក់​ជាតិ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី គំនិត​នៃ​ការ​តាមដាន​លើ​ពិភព​ឌីជីថល​របស់​ចិន​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ខុស ឬ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ដែល​បដិសេធ​មិន​យល់ស្រប​តាម​ការ​លើក​ឡើង​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន​មិន​មែន​ជា​អ្វី​ថ្មី​នោះ​ទេ។

គេហទំព័រ​ py.qianlong.com/ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ឈ្មោះ​នេះ​បកប្រែ​ថា «គេហទំព័រ​រួម​គ្នា​កម្ចាត់​ពាក្យ​ចចាមអារ៉ាម​លើ​អ៊ីនធឺណិត» បាន​ចាប់​ផ្ដើម​ដំណើរការ​យ៉ាង​ហោចណាស់​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​ម៉្លេះ ខណៈ​ដែល​ការ​បង្កើត​រដ្ឋបាល​គ្រប់គ្រង​លំហ​អ៊ីនធឺណិត​របស់​ចិន​នៅ​ក្នុង​ឆ្នាំ២០១៥​គឺ​ជា​កិច្ចប្រឹងប្រែង​មួយ​ដ៏​សំខាន់​ដំបូង​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង ដើម្បី​សម្រួល​ដល់​ការ​រឹតត្បិត​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត​នៅ​ទូទាំង​ប្រទេស។​

ការ​បង្កើត​រដ្ឋបាល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើន​ឡើង​នូវ​អ្វី​ដែល​គេ​ហៅ​ថា ប៉ូលិស​លើ​អ៊ីនធឺណិត ដែល​ធ្វើ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​ប៉ូលិស​ខេត្ត​ដើម្បី​បង្ក្រាប និង​ស៊ើបអង្កេត​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ដែល​បំពាន។

គេហទំព័រ​ស្វែងរក​ព័ត៌មាន​ដ៏​ធំ​មួយ​របស់​ចិន​ឈ្មោះ​ថា Baidu បាន​ចូលរួម​ជាមួយ​នឹង​យុទ្ធនាការ​នេះ ដោយ​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​នឹង​ក្រសួង​សន្តិសុខ​សាធារណៈ និង​ «នាយកដ្ឋាន​ប៉ូលិស​លើ​អ៊ីនធឺណិត» ចំនួន​៣៧២ ដើម្បី​ជួយ​នៅ​ក្នុង​ការ​បង្ក្រាប​នេះ។ តាម​រយៈ​ការ​វិភាគ​ភាសា​សាមញ្ញៗ ទិន្នន័យ​ទំហំ​ធំ និង​បច្ចេកវិទ្យា​បញ្ញា​និម្មិត(AI) កម្មវិធី​ស្វែងរក​របស់​គេហទំព័រ Baidu ត្រូវ​បាន​គេ​ដំឡើង​ដើម្បី​ចាប់​យក​ «ពាក្យ​ចចាមអារ៉ាម» ប្រឆាំង​នឹង​រដ្ឋាភិបាល និង​លុបចោល​នូវ​ព័ត៌មាន​ដែល​គេ​ចាត់​ទុក​ថា​មិនត្រឹមត្រូវ។

ច្បាប់​ដែល​ត្រូវ​បាន​អនុវត្ត​កាលពី​ថ្ងៃទី១ ខែមីនា​នេះ បាន​ពង្រីក​វិសាលភាព​នៃ​ប្រតិបត្តិការ​នេះ​ ដោយ​ធ្វើ​ឱ្យ​វេទិកា​បណ្តាញ​សង្គម​ធំៗ ដូចជា Sina-Weibo និងWeChat គោរព​តាម និង​ដំឡើង​កម្មវិធី​លុបចោល​ពាក្យ​ចចាមអារ៉ាម​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​រដ្ឋ​នៅ​ថា្នក់​តំបន់​ដូចជា​គេហទំព័រ​សារព័ត៌មាន Anhui News និង​គេហទំព័រ​សារព័ត៌មាន Hebei News Network ជាដើម។

ក្រុម​មន្ត្រី​នៅ​ក្នុង​ខេត្ត Henan ដែល​ជា​ខេត្ត​ជិត​ខាង ថ្មីៗ​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា ខ្លួន​មាន​អ្នក​ពិនិត្យ​ខ្លឹមសារ​តាម​អ៊ីនធឺណិត ដោយ​ធ្វើការ​ពេញ​២៤ម៉ោង ​ដើម្បី «ធ្វើ​គ្រប់គ្រង​និង​តាមដាន​យោបល់​សាធារណជន ដែល​មាន​ភាព​រសើប និង​ទាន់​ហេតុការណ៍»។

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​តាមដាន​គ្នា​ទៅ​វិញ​ទៅ​មក

ដោយ​ការ​តាមដាន​ពាក្យ​ចចាមអារ៉ាម​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ចិន សកម្មភាព​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​គេ​តាម​ដាន​ឥតឈប់ ហើយ​ជួនកាល​ត្រូវ​បាន​អ្នក​ប្រើប្រាស​ដូចគ្នា​រាយការណ៍​ទៅ​អាជ្ញាធរ។ ​

ក្រុមហ៊ុន China Netcom ​គឺ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​ចិន និង​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​កាន់កាប់​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន China Unicom ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ចល័ត​ធំ​បំផុត​ទី​៤​ក្នុង​ពិភពលោក ដោយ​ផ្អែក​លើ​ចំនួន​អ្នក​ប្រើប្រាស់។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី១ ខែមីនា ដែល​ទទួល​ស្គាល់​ច្បាប់​ថ្មី​នេះ​ជា​សាធារណៈ ក្រុមហ៊ុនChina Netcom នេះ​បាន​និយាយ​ថា អ្នកប្រើប្រាស់​អ៊ីនធឺណិត និង​អ្នក​ផ្តល់​សេវា «គួរ​តែ​រួម​គ្នា​ដើម្បី​បង្ក្រាប​ពាក្យ​ចចាមអារ៉ាម​នៅ​លើ​អ៊ីនធឺណិត»។

អ្នកស្រី Yue Jiang បេក្ខជន​ថ្នាក់​បណ្ឌិត​នៅ​សាកលវិទ្យាល័យ University of Maryland និង​ជា​សហនិពន្ធ​នៃ​ការ​សិក្សាស្រាវជា្រវ​ក្នុង​ឆ្នាំ២០១៩​ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន ព័ត៌មាន​មិន​ពិត និង​ការ​រឹតត្បិត​ព័ត៌មាន ​បាន​និយាយ​ថា៖ «ការ​រឹតត្បិត​ព័ត៌មាន​ [នៅ​លើ​បណ្តាញ​សង្គម] ភាគច្រើន​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ធ្វើឡើង​ដោយ​ពលរដ្ឋ​ទៅវិញ​ទេ»។

អ្នកស្រី​ក៏​បាន​និយាយ​ថា កម្មវិធី​ព័ត៌មាន និង​បណ្តាញ​សង្គម​ភាគច្រើន​មាន​ផ្នែក​មួយ​សម្រាប់​រាយការណ៍​ពី​ពាក្យ​ចចាមអារ៉ាម។

អ្នកស្រី​និយាយ​ថា៖ «ប្រសិនបើ​មាន​មនុស្ស​ជាច្រើន​រាយការណ៍​ឲ្យ​អាជ្ញាធរ​ពី​ព័ត៌មាន​ដូច​គ្នា នោះ​ព័ត៌មាន​នោះ​នឹង​ត្រូវ​លុប​ចោល»។

លទ្ធផល​នៃ​ការ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម​មាន​លក្ខណៈ​ខុស​គ្នា រាប់​ចាប់​ពី «ការ​កែតម្រូវ​ដោយ​ការ​ព្រមាន» រហូត​ដល់​ការ​បិទ​គណនី​នោះ។​

អ្នក​បំពាន​ធ្ងន់ធ្ងរ​អាច​ប្រឈម​មុខ​នឹង​ការ​ដាក់​ទោសទណ្ឌ​ទៅ​តាម​ច្បាប់​ក្នុង​មូលដ្ឋាន ហើយ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន New York Times ការ​ដាក់​ទោសទណ្ឌ​នេះ​អាច​នឹង​ត្រូវ​បាន​គេ​ធ្វើឡើង​យ៉ាង​លឿន។

របាយការណ៍​នេះ​បាន​ពណ៌នា​ពី​ការ​រឹតបន្តឹង​សកម្មភាព​ប៉ូលិស​លើ​អ៊ីនធឺណិត ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា និង​បាន​សរសេរ​ថា៖ «ប៉ូលិស​លើ​អ៊ីនធឺណិត​អាច​ស្វែងរក​មនុស្ស​បាន​លឿន​យ៉ាង​ចម្លែក ហើយ​អ្នក​ទាំង​នោះ​ជឿ​ថា ប៉ូលិស​លើ​អ៊ីនធឺណិត​លាក់​ខ្លួន​នៅ​ក្នុង​ក្រុម​អ្នក​មិន​ពេញ​ចិត្ត​អនាមិក​នៅ​តាម​បណ្តាញ​អ៊ីនធឺណិត។ ការ​ស្វែងរក​មនុស្ស​បាន​យ៉ាង​លឿន​នេះ​ជា​លទ្ធផល​នៃ​ការ​ចំណាយ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​បច្ចេកវិទ្យា​លួច​តាមដាន​ថ្មីៗ។ ​

នៅ​ក្នុង​ខែមករា របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ថា ប៉ូលិស​លើ​អ៊ីនធឺណិត​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ពលរដ្ឋ​ចំនួន​២៨៥នាក់នៅ​តំបន់ Guangxi ចំពោះ​ការ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម ស្រប​ពេល​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ពលរដ្ឋ​ចំនួន​៧២នាក់​នៅ​ក្នុង​ខេត្ត Qinghai និង​៦៦នាក់​នៅ​ក្នុង​តំបន់ Ningxia។

កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ការិយាល័យ​ព័ត៌មាន​អ៊ីនធឺណិត​ (ហៅ​កាត់​ថា IIO) នៅ​ក្នុង​ខេត្ត Jiangxi បាន​និយាយ​ថា ប៉ូលិស​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​ចំនួន​៥ថ្ងៃ ចំពោះ​ការ​ចែកចាយ​ «ព័ត៌មាន​មិន​ពិត» ដែល​ព័ត៌មាន​នោះ​ចោទ​ថា ​មាន​មនុស្ស​ចំនួន​១០នាក់​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ខេត្ត​នេះ។

ការិយាល័យ IIO នៅ​ក្នុង​ខេត្ត Jiangsu បាន​និយាយ​ថា ជនល្មើស​ចំនួន​៦០នាក់​នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន «ដាក់​ទោស​ចំពោះ​ការ​បង្កើត និង​ចែកចាយ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩»។ ទោះ​ជា​ការ​ដាក់​ទោសទណ្ឌ​មិន​ត្រូវ​បាន​គេ​ពណ៌នា​ក្តី ក៏​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​រាយការណ៍​ថា មាន​ការ​ឃុំ​ខ្លួន​ពី​សំណាក់​ប៉ូលិស​លើ​អ៊ីនធឺណិត ដែល​រួមមាន​ទាំង​ការ​សួរ​ចម្លើយ​ជាច្រើន​ម៉ោង ការ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​សន្យា​ពី​ភាព​ស្មោះស្ម័គ្រ និង​ការ​គំរាមកំហែង​ចំពោះ​សមាជិក​គ្រួសារ និង​កូនៗ​ផង​ដែរ។​

ទាំង​ក្រុម​មន្ត្រី​ការពារ​សន្តិសុខ​អ៊ីនធឺណិត​ចិន និង​ប៉ូលិស​ថ្នាក់​តំបន់​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើសុំ​អត្ថាធិប្បាយ​នោះ​ទេ។

ការ​គាំទ្រ​ជាសាធារណៈ​មួយ​ចំនួន​

ក្នុង​រយៈពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ ពលរដ្ឋ​មួយ​ចំនួន​នៅ​ចិន​ដី​គោក​និយាយ​ថា ពួកគេ​មិន​ប្រឆាំង​ទាំង​ស្រុង​ចំពោះ​យុទ្ធនាការ «កម្ចាត់​ពាក្យ​ចចាមអារ៉ាម» នោះ​ទេ។

ស្ត្រី​មេផ្ទះ​ម្នាក់​ក្នុង​ទីក្រុង​ប៉េកាំង ដែល​បាន​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​ថា​ឈ្មោះ អ្នកស្រី Li បាន​និយាយ​ថា៖ «ប្រសិន​បើ​អ្នក​តាមដាន​រាល់​ព័ត៌មាន​ទាំង​អស់​នៅ​លើ​អ៊ីនធឺណិត អ្នក​មិន​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ»។ ​អ្នកស្រី​បាន​និយាយ​បន្ថែម​ថា អ្នកស្រី​គាំទ្រ​ច្បាប់​ថ្មី ដោយសារ​តែ​អ្នក​សរសេរ​អត្ថាធិប្បាយ​លើ​អ៊ីនធឺណិត​ «មាន​ចរិត​ដូច​ហ្វូង​សត្វ​អ៊ីចឹង»។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​មួយ»។

អ្នក​ដទៃ​បាន​និយាយ​ថា ទោះ​ជាការ​រឹតត្បិត​ព័ត៌មាន​ជារឿយៗ​មាន​លក្ខណៈ​តឹងរ៉ឹង​ជ្រុល​ពេក​ក៏​ដោយ​ ក៏​ការរឹតត្បិត​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឱ្យ​មាន​ការ​ភ័យខ្លាច​អំពី​វីរុស​កូរ៉ូណា​អាច​ជា​ការ​ចាំបាច់​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ពឹងផ្អែក​លើ​សេចក្ដី​រាយការណ៍​ត្រឹមត្រូវ​ដើម្បី​ជួយ​ពួកគេ​ឆ្លង​ផុត​ពី​វិបត្តិ​នេះ។

រូប​ឯកសារ៖ មនុស្សម្នា​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​អ៊ីនធឺណិត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។
រូប​ឯកសារ៖ មនុស្សម្នា​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​អ៊ីនធឺណិត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

អ្នក​តាមដាន​ច្បាប់​នៅ​ប្រទេស​លោក​ខាង​លិច ដូច​ជា​លោក Jeremy Daum នៃ​ក្រុមហ៊ុន China Law Translate បាន​បន្ទោស​ច្បាប់​នេះ​ថា៖ «មាន​ភាព​ស្រពិចស្រពិល និង​ងាយ​ត្រូវ​បាន​អាជ្ញាធរ​បំពាន»។ លោក​បាន​អះអាង​ថា ច្បាប់​នេះ​ពង្រីក​នូវ​អំណាច​របស់​រដ្ឋ​ក្នុង​ការ​ឃុំខ្លួន​ដោយ​មិន​ប្រាកដប្រជា ដូចជា​ការ​ចាប់​ខ្លួន​លោក​វេជ្ជបណ្ឌិត Li Wenliang កាលពី​ខែធ្នូ ឆ្នាំ២០១៩ អ៊ីចឹង។

លោក​វេជ្ជបណ្ឌិត Li វ័យ​៣៤ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​សួរ​ចម្លើយ បន្ទាប់​ពី​បាន​ប្រាប់​ដំណឹង​ដល់​ក្រុម​អតីត​និស្សិត​សាលា​ពេទ្យ​មួយ​នៅ​លើ​បណ្តាញ​សង្គម WeChat អំពី​ជំងឺ​ស្រដៀង​នឹង​ជំងឺ SARS ដ៏​ចម្លែក​មួយ ហើយ​វា​ត្រូវ​បាន​គេ​បញ្ជាក់​ថា ជា​ជំងឺ​រាតត្បាត​កូវីដ១៩ ដែល​បាន​ឆក់​យក​ជីវិត​របស់​លោក​វេជ្ជបណ្ឌិត​ Li ក្នុង​វ័យក្មេង ​និង​ជីវិត​មនុស្សដទៃទៀត​អស់​ជាង​ ៣ សែន នាក់​មក​ហើយ​ នៅ​ទូទាំង​ពិភពលោក។​

អ្នក​ប្រើប្រាស់​បណ្តាញ Weibo ម្នាក់​ឈ្មោះ​ថា Biyan បាន​សរសេរ​នៅ​លើ​បណ្តាញ​នេះ​កាលពី​ថ្ងៃទី១ ខែមីនា​ថា៖ «នៅ​ពេល​អនាគត​នឹង​មាន​តែ​ព័ត៌មាន​ល្អៗ ហើយ​មិន​មាន​ព័ត៌មាន​អាក្រក់​ទៀត​ទេ» និង​បាន​ប្រើប្រាស់​សញ្ញា hashtag ជាមួយ​នឹង​ឃ្លា​ថា៖ «អភិបាលកិច្ច​នៃ​ការ​គ្រប់គ្រង​ព័ត៌មាន​លើ​អ៊ីនធឺណិត» ដើម្បី​ប្រកាស​ពី​ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ។

យោង​តាម​សារព័ត៌មាន The Guardian សញ្ញា hashtag នេះ ត្រូវ​បាន​គេ​បង្ហោះ​ជា​ថ្មី​រាប់​លាន​ដង មុន​ពេល​ត្រូវ​បាន​គេ​លុបចោល​នៅ​ថ្ងៃ​បន្ទាប់។

អ្នក​ប្រើប្រាស់​បណ្តាញ Weibo ​ម្នាក់​នោះ​ហាក់​ដូចជា​ចង់​និយាយ​ថា ច្បាប់​នេះ​មិន​មែន​ជា​ការ​ចោទសួរ​ពី​ភាព​ល្អ ឬ​អាក្រក់​ធម្មតាៗ​នោះ​ទេ។

លោក​បាន​បង្ហោះ​សារ​ថា៖ «ខ្ញុំ​មាន​សិទ្ធិ​ប្រាប់​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ស្ងប់​ចិត្ត​ពី​ពាក្យ​ចចាមអារ៉ាម និង​ការ​បំពាន។ ប៉ុន្តែ អ្នក​និង​ខ្ញុំ​ ក្នុង​នាម​ជា​បុគ្គល​មួយ​រូប កំពុង​ស្ថិត​នៅ​ក្នុង​សំណាញ់​ដ៏​ធំ​មួយ​ដែល​នឹង​ត្រូវ​រឹតបន្តឹង​ទៅៗ»៕

XS
SM
MD
LG