គណបក្សកុម្មុយនិស្តចិនបានបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រីកការឃោសនារបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ ដោយបានចាប់ផ្ដើមឃោសនាតាមកម្មវិធីល្បែងកម្សាន្តតាមទូរទស្សន៍មួយ បន្ថែមទៅនឹងការឃោសនាតាមសារព័ត៌មាន។
កាលពីពេលថ្មីៗនេះ បណ្ដាញទូរទស្សន៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសចិនបានចាក់ផ្សាយកម្មវិធីចំណោទថ្មីមួយអំពីជីវិត និងលទ្ធិនយោបាយរបស់ប្រធានាធិបតីចិនលោក Xi Jinping ដែលគេស្គាល់ជាផ្លូវការថា «ទស្សនៈរបស់លោក Xi Jinping អំពីលទ្ធិសង្គមនិយមតាមបែបចិនសម្រាប់យុគសម័យថ្មី» ឬក៏ហៅឲ្យសាមញ្ញថា «ទស្សនៈរបស់លោក Xi Jinping»។
ប៉ុន្តែកិច្ចប្រឹងប្រែងដោយមិនលាក់លៀមដើម្បីពង្រីកទ្រឹស្ដីសង្គមនិយមនេះមិនត្រូវបានគេចាត់ទុកថាជាលក្ខណៈធម្មតាទៀតនោះទេ ហើយកម្មវិធីមួយនេះបានបង្កឲ្យមានប្រតិកម្មតវ៉ាតាមប្រព័ន្ធអ៊ីនធឺណិត។
ការតវ៉ាតាមអ៊ីនធឺណិត
អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo ម្នាក់ បានត្អូញត្អែរថា៖ «តើយើងបានទទួលប្រយោជន៍អ្វីខ្លះពីកម្មវិធីផ្សព្វផ្សាយអំពីទស្សនៈនៃប្រទេសចិនបែបថ្មីនេះ? ខ្ញុំមិនជឿលើមេដឹកនាំកុម្មុយនិស្តចិនកំពូលៗទាំងនេះទេ!»។
អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo រូបនេះ លើកឡើងដូច្នេះដើម្បីតបតទៅនឹងសារបង្ហោះរបស់កម្មវិធីថ្មីមួយនៅលើកញ្ចក់ទូរទស្សន៍ Hunan ដែលជាបណ្ដាញទូរទស្សន៍ដែលគេនិយមទស្សនាច្រើនជាងគេបំផុតទី ២ នៅក្នុងប្រទេសចិន។
អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo មួយរូបទៀត បានសរសេរថា៖ «ទស្សនិកជននឹងមិនចូលចិត្តកម្មវិធីនេះទេ។ យើងរង់ចាំមើលទាំងអស់គ្នាថា កម្មវិធីនឹងធ្លាក់ការគាំទ្រជាមិនខាន»។
ទោះបីជាអ្នកខ្លះថា កម្មវិធីនេះជាកម្មវិធី «បំពុល» ក៏ដោយ ក៏អ្នកខ្លះទៀតបញ្ជាក់នៅលើបណ្ដាញសង្គម Weibo នេះថា ការបង្ហាញអំពីលទ្ធិសង្គមនិយមដូចនេះគឺជារឿងធម្មតាទេនៅក្នុងអំឡុងពេលទិវាបុណ្យជាតិរយៈពេលពេញមួយសប្ដាហ៍នៅក្នុងប្រទេសចិន។
ចាប់តាំងពីថ្ងៃទី ៣០ ខែកញ្ញាមក ទូរទស្សន៍ Hunan TV ដែលជាទូរទស្សន៍ពេញនិយមខ្លាំងក្នុងចំណោមយុវជនសម្រាប់កម្មវិធីកម្សាន្ត និងកម្មវិធីភាពយន្តភាគរបស់ខ្លួន បានចាក់ផ្សាយកម្មវិធីមួយមាន ៥ ភាគ មិនដែលមានពីមុនមក ដែលមានចំណងជើងថា «ការសិក្សាពីលោក Xi Jinping នៅក្នុងយុគសម័យថ្មី»។
អ្នកវិភាគនានាបាននិយាយថា ដោយមានទម្រង់គួរឲ្យទាក់ទាញ មានការបញ្ចូលបច្ចេកវិទ្យាទំនើប និងមានការចូលរួមពីអ្នកប្រកួតប្រជែងក្មេងៗ កម្មវិធីទូរទស្សន៍នេះគឺជាកិច្ចប្រឹងប្រែងថ្មីចុងក្រោយបំផុតរបស់គណបក្សកុម្មុយនិស្តចិនដើម្បីបញ្ជ្រាបទស្សនៈរបស់លោក Xi Jinping ទៅក្នុងចិត្តគំនិតរបស់យុវជនក្មេងៗ ដែលបានធំដឹងក្ដីក្នុងសម័យកាលមួយដែលទទួលបានឥទ្ធិពលបរទេសជាងទ្រឹស្ដីសង្គមនិយមចិន។
ការឃោសនារបស់គណបក្សកុម្មុយនិស្តចិន
លោក Bruce Lui អតីតអ្នកកាសែតដែលឈ្នះពានរង្វាន់មួយរូប និងបច្ចុប្បន្នជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យ Hong Kong Baptist University និយាយថា៖ «វាមិនមែនជារឿងប្រជាប្រិយភាពនោះទេ។ វាគឺអំពីការឃោសនា អំពីវិធីដែលធ្វើឲ្យទស្សនៈរបស់លោក Xi Jinping អាចលេចឮគ្រប់កន្លែងទាំងអស់តាមរយៈការប្រើវិធីបែបកម្សាន្ត និងវិធីស្រួលផ្សព្វផ្សាយតាមទូរទស្សន៍»។
លោក Bruce Lui បានបន្ថែមថា កម្មវិធីនេះបានធ្វើឲ្យលោក Xi Jinping លេខមុខមាត់ច្រើនឡើងវិញ បន្ទាប់ពីលោកមិនសូវបង្ហាញមុខជាសាធារណៈច្រើនកន្លងមក ដោយសារតែមានការព្រួយបារម្ភថា អ្នកខ្លះអាចរិះគន់លោកថាជាអ្នកបង្កឲ្យមានជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកើតឡើង។
អ្នកនាំពាក្យរបស់បណ្ដាញទូរទស្សន៍ដែលចាក់ផ្សាយកម្មវិធីនេះមិនបានឆ្លើយតបចំពោះ VOA អំពីការស្នើសុំបញ្ចេញយោបល់លើរឿងនេះទេ។
ចាប់តាំងពីពេលដែលទស្សនៈវិស័យរបស់លោក Xi Jinping ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់ចិនកាលពីខែមិនាមក រលកនៃយុទ្ធនាការសិក្សាអំពីទ្រឹស្ដីនេះត្រូវបានធ្វើឡើងនៅទូទាំងប្រទេសក្នុងចំណោមសាខាគណបក្សតាមមូលដ្ឋាន សាលារៀន និងសាកលវិទ្យាល័យនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងព្រះវិហារគ្រិស្តសាសនាផងដែរ។
តើកម្មវិធីនេះអាចផ្លាស់ប្ដូរចិត្តគំនិតរបស់អ្នកទស្សនាបានដែរឬទេ?
ប៉ុន្តែទោះបីជាយុទ្ធនាការផ្សព្វផ្សាយទស្សនៈវិស័យរបស់លោក Xi Jinping ទាំងនេះ ដែលមានទាំងកម្មវិធីលេងល្បែងកម្សាន្តរបស់ទូរទស្សន៍នេះផងដែរ សម្រេចបានប៉ុណ្ណាក៏ដោយ ក៏លទ្ធផលដែលពួកគេចង់បាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
លោក Xu Huiming សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យ Guangzhou បាននិយាយថា៖ «សម្រាប់ករណីភាគច្រើន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនអាចផ្លាស់ប្ដូរគោលជំហររបស់អ្នកទស្សនាបានទេ។ ជាទូទៅ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រាន់តែអាចពង្រឹងការយល់ឃើញដែលមានស្រាប់របស់អ្នកទស្សនាតែប៉ុណ្ណោះ។ ជាងនេះទៀត អ្នកដែលពេញចិត្តនឹងទស្សនៈវិស័យរបស់លោក Xi Jinping នឹងស្វែងរកកម្មវិធីផ្សាយដូចនេះដើម្បីទស្សនា ចំណែកឯអ្នកដែលមិនពេញចិត្តវិញ គឺមិនទស្សនាកម្មវិធីនេះទេ»។
លោក Bruce Lui បានបន្ថែមថា កម្មវិធីចំណោទនេះ និងការផ្ទុះឡើងនូវកំហឹងរបស់អ្នករាយការណ៍ព័ត៌មានរដ្ឋចិនមួយរូបនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានបង្ហាញថា ស្របពេលដែលមុខមាត់របស់ចិននៅក្នុងពិភពលោកកើនឡើង ប្រទេសចិនកាន់តែមានភាពគឃ្លើនជាងមុននៅក្នុងការផ្សព្វផ្សាយទស្សនៈវិស័យសង្គមនិយមរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេស។
កាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅនេះ អ្នកស្រី Kong Linlin អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ CCTV ប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ត្រូវបានគេចោទប្រកាន់ថា បានឆាឆៅវាគ្មិនម្នាក់នៅឯសន្និសីទគណបក្សអភិរក្សនិយមរបស់អង់គ្លេស និងបានហៅវាគ្មិនដទៃទៀត ដែលក្នុងនោះមានទាំងសកម្មជនប្រជាធិបតេយ្យមកពីទីក្រុងហុងកុងផងដែរថាជា «ជនក្បត់»។
អ្នកស្រីត្រូវបានគេចាប់ខ្លួនរយៈពេលខ្លីពីបទបំពារបំពានលើអ្នកដទៃ ក្រោយពីអ្នកស្រីត្រូវបានគេចោទប្រកាន់ថាបានទះកំផ្លៀងអ្នកស្ម័គ្រចិត្តរៀបចំសន្និសីទម្នាក់ ដែលបានស្នើអ្នកស្រីឲ្យចាកចេញពីសន្និសីទស្ដីពីការបាត់បង់សេរីភាពនៅក្នុងទីក្រុងហុងកុងក្រោមការត្រួតត្រារបស់ចិននេះ។ នេះបើយោងតាមវីដេអូឃ្លីបមួយដែលបានចែកចាយនៅលើអ៊ីនធឺណិត។
ការកើនឡើងនូវភាពគឃ្លើនរបស់ចិននៅបរទេស
អ្នករៀបចំសន្និសីទនេះបានហៅការផ្ទុះឡើងនូវកំហឹងរបស់អ្នកស្រី Kong Linlin នេះ ថាជាសញ្ញាមួយបង្ហាញឲ្យឃើញពីការកើនឡើងនូវភាពគឃ្លើន និងការគំរាមកំហែងរបស់ចិននៅបរទេស។
ប៉ុន្តែស្ថានទូតចិននៅក្នុងទីក្រុងឡុងដ៍វិញ បែរជាគាំទ្រអ្វីដែលអ្នកកាសែតចិនរូបនោះលើកឡើងទៅវិញ។ ជាងនេះទៅទៀត មន្ត្រីរដ្ឋាភិបាលចិនបានហៅទង្វើនោះថាជាការសេរីភាពនៃការបញ្ចេញមតិរបស់អ្នកកាសែតនោះផ្ទាល់ ដោយពួកគេនិយាយថា៖ «អ្នកស្រី Kong Linlin គ្រាន់តែចោទសួរ និងបញ្ចេញមតិយោបល់របស់អ្នកស្រីតែប៉ុណ្ណោះ»។
មន្ត្រីស្ថានទូតចិនបានហៅការដោះស្រាយរបស់អ្នករៀបចំសន្និសីទនោះចំពោះបញ្ហានេះថាជារឿងដែល «មិនអាចទទួលយកបានទាំងស្រុង»។
ហេតុការណ៍នេះបានបង្ហាញឲ្យឃើញពីទស្សនៈផ្ទុយគ្នាចំពោះតួនាទីរបស់អ្នកកាសែតនៅក្នុងប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Xu Huiming។
លោកសាស្ត្រាចារ្យ Xu Huiming បាននិយាយថា មិនដូចអ្នកកាសែតនៅបស្ចិមប្រទេសទេ «អ្នកកាសែតនៅក្នុងប្រទេសចិនត្រូវគេបណ្ដុះបណ្ដាលឲ្យបម្រើគណបក្សកុម្មុយនិស្តចិន។ អ្នកកាសែតទាំងនោះត្រូវគេមើលឃើញថាជាការពង្រីកបន្ថែមនូវឥទ្ធិពលរបស់គណបក្សកុម្មុយនិស្តចិន ដូចដែលអតីតមេដឹកនាំរុស្ស៊ីលោក Vladimir Lenin បានលើកឡើងដូច្នេះដែរ។ ពេលនៅរស់ លោក Lenin ធ្លាប់បានលើកឡើងថា វិស័យសារព័ត៌មានគឺជាផ្នែកស្នូលនៃរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សកុម្មុយនិស្ត។
លោក Xu Huiming បាននិយាយថា ករណីនេះបានធ្វើឲ្យអ្នកកាសែតទាំងនោះមើលទៅដូចជាអ្នកឃោសនាឲ្យរដ្ឋាភិបាលដូច្នេះដែរ គឺមិនមែនជាអ្នកកាសែតតំណាងឲ្យសារព័ត៌មានសេរីនោះទេ។
ការបាត់បង់សេរីភាពរបស់ទីក្រុងហុងកុង
លោក Bruce Lui បាននិយាយថា មនុស្សភាគច្រើននៅក្នុងប្រទេសចិនដែលយល់ដោយគ្មានការបង្ខិតបង្ខំអំពីអ្វីដែលអ្នកស្រី Kong Linlin បានលើកឡើងកាលពីចុងខែកញ្ញាកន្លងទៅនេះ អាចឯកភាពថា ឥរិយាបថរបស់អ្នកស្រីដូចនេះគឺគ្មានលក្ខណៈវិជ្ជាជីវៈត្រឹមត្រូវ និងមិនសមរម្យនោះទេ ទោះបីជាការផ្ទុះឡើងនូវកំហឹងរបស់គាត់ដូចនេះទទួលបានការគាំទ្រពីអ្នកប្រើប្រាស់អ៊ីនធឺណិតជាតិនិយមនៅក្នុងប្រទេសចិន ដែលប្រើប្រាស់អ៊ីនធឺណិតក្នុងបរិយាកាសបំបិទសិទ្ធិក៏ដោយ។
លោក Bruce Lui បានបន្ថែមថា ការកើនឡើងនូវភាពគឃ្លើនរបស់ចិនបានបង្កនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិដែលគេសរសើរជាយូរមកហើយនៅក្នុងទីក្រុងហុងកុង ស្របពេលដែលការពិភាក្សានានាមានការកើនឡើងទាក់ទិននឹងបញ្ហាអនាគតរបស់ទីក្រុងហុងកុង។
នាពេលបច្ចុប្បន្ននេះ ការជជែកដេញដោលផ្នែកនយោបាយណាមួយអំពីការគ្រប់គ្រងដោយឯកបក្សនៅក្នុងប្រទេសចិនគឺត្រូវបានគេចាត់ទុកថាជាការហាមឃាត់។
លោក Bruce Lui និយាយដូច្នេះថា៖ «យើងបានឃើញរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសប្រឆាំងកាន់តែច្រើនឡើងចំពោះទីក្រុងហុងកុង។ យើងមិនអាចនិយាយអំពីនេះ ឬអំពីនោះបានទេ។ ដូច្នេះ យើងកំពុងប្រឈមនឹងបរិយាកាសកាន់តែអាប់អួជាងមុនពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ»៕
ប្រែសម្រួលដោយ ភី សុភាដា