ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ព្រមាន​ចិន​អំពី​ការ​ទម្លាក់​តម្លៃ​រូបិយវត្ថុ​យ័ន


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin

កន្លង​មក ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចោទ​ប្រទេស​ចិន​ម្ដង​ហើយ​ម្ដង​ទៀត​ថា​បាន​ក្រឡុក​រូបិយវត្ថុ​របស់​ខ្លួន ដោយ​ធ្វើ​ឲ្យ​រូបិយវត្ថុ​របស់​ខ្លួន​ធ្លាក់​តម្លៃ​ជាង​មុន ដើម្បី​មាន​ប្រៀប​ជាង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin បាន​ព្រមាន​រដ្ឋាភិបាល​ចិន​មិន​ឲ្យ​ប្រឡូក​នៅ​ក្នុង​ការ​បន្ទាប​តម្លៃ​រូបិយវត្ថុ​ដែល​មាន​ការ​ប្រកួត​ប្រជែង ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា។ លោក Mnuchin ថ្លែង​ដូច្នេះ​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​កាសែត Financial Times។

មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​រូបិយវត្ថុ​យ័ន​របស់​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mnuchin នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​នេះ មុន​ពេល​កិច្ច​ប្រជុំ​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF ធនាគារ​ពិភពលោក និង​កិច្ច​ប្រជុំ G20 ធ្វើ​ឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។

កន្លង​មក ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចោទ​ប្រទេស​ចិន​ម្ដង​ហើយ​ម្ដង​ទៀត​ថា​បាន​ក្រឡុក​រូបិយវត្ថុ​របស់​ខ្លួន ដោយ​ធ្វើ​ឲ្យ​រូបិយវត្ថុ​របស់​ខ្លួន​ធ្លាក់​តម្លៃ​ជាង​មុន ដើម្បី​មាន​ប្រៀប​ជាង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម។

ប្រាក់​យ័ន​បាន​ធ្លាក់​តម្លៃ​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​បើ​ប្រៀប​ជាមួយ​នឹង​ប្រាក់​ដុល្លារ ដោយ​ធ្លាក់​តម្លៃ​ចំនួន ៩ ភាគរយ នៅ​ក្នុង​រយៈពេល ៦ ខែ​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​ទំនិញ​របស់​ចិន​មាន​តម្លៃ​ថោក​ជាង​មុន​សម្រាប់​ការ​នាំ​ចេញ ទោះបីជា​អាមេរិក​បាន​យក​ពន្ធ​គយ​ធ្ងន់ធ្ងរ​ក៏​ដោយ។

ប្រាក់​ដុល្លារ​អាមេរិក​បាន​កើន​តម្លៃ ៤ ភាគរយ នៅ​ក្នុង​ឆ្នាំ​នេះ ស្រប​ពេល​ដែល​អត្រា​ការប្រាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង។

លោក Mnuchin និយាយ​ថា លោក​ចង់​ពិភាក្សា​អំពី​បញ្ហា​រូបិយវត្ថុ​នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​លោក​អំពី​ពាណិជ្ជកម្ម​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

XS
SM
MD
LG