ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ប្រទេស​ចិន​កំពុង​កាត់​បន្ថយ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ពី​តារា​ដែល​លេច​ធ្លោ​តាម​បណ្តាញ​សង្គម​


រូប​កម្មវិធី​ផ្ញើសារ​ WhatsApp របស់​ក្រុមហ៊ុន​ហ្វេសប៊ុក, Laiwang របស់​ក្រុមហ៊ុន Alibaba Group និង​ WeChat ឬ Weixin របស់​ក្រុមហ៊ុន Tencent Group។

ប្រទេស​ចិន​កំពុង​ព្យាយាម​ទប់​ស្កាត់​ឥទ្ធិពល​ដ៏​​ខ្លាំង​ក្លា​នៃ​តារា​តាម​បណ្តាញ​សង្គម​របស់​ខ្លួន ដែល​អ្នក​ខ្លះ​មាន​អ្នក​គាំទ្រ​ឬ​​តាមដាន រហូត​ដល់​រាប់​សិប​លាន​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​គាំទ្រ​​​​នាង​ Oprah Winfrey ​នៅ​លើ​បណ្តាញ​សង្គម​បស្ចិម​ប្រទេស​ហាក់​ដូច​ជា​មាន​ចំនួន​តិច​ជាង​ខ្លាំង។

ប្រទេស​ចិន​កំពុង​ព្យាយាម​ទប់​ស្កាត់​ឥទ្ធិពល​ដ៏ខ្លាំង​ក្លា​នៃ​តារា​តាម​បណ្តាញ​សង្គម​របស់​ខ្លួន ដែល​អ្នក​ខ្លះ​មាន​អ្នក​គាំទ្រ​ឬតាមដាន ​(Followers) រហូត​ដល់​រាប់​សិប​លាន​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​គាំទ្រនាង​ Oprah Winfrey ​នៅ​លើ​បណ្តាញ​សង្គម​បស្ចិម​ប្រទេស​ហាក់​ដូច​ជា​មាន​ចំនួន​តិច​ជាង​ខ្លាំង។ ជា​ឧទាហរណ៍ ​តារា​ល្បីៗជាង​គេ​តាម​បណ្តាញ​អ៊ីនធឺណិត​ចិន​ចំនួន​១០​នាក់​មានអ្នក​តាមដាន ​(Followers) ​ចន្លោះ​ពី​៦៧​លាន​ទៅ​៩០​លាន​នាក់។

កាល​ពី​ប៉ុន្មាន​សប្តាហ៍កន្លង​ទៅ​នេះ​ គេ​ឃើញ​មាន​ការ​បិទ​គណនី​បណ្ដាញ​សង្គម​របស់​តារា​ល្បីៗ​មួយ​ចំនួន​ នៅ​ខណៈ​ពេល​ដែល​រដ្ឋបាល​បណ្តាញ​អ៊ីនធឺណិត​ក្រុង​ប៉េកាំង (BCA) បាន​បិទ​គណនី​ទស្សនាវដ្ដី​និយាយ​ពី​តារា​ចំនួន​៦០​គណនី។ រដ្ឋបាល​នេះ​ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​ដែល​ដំណើរការ​គណនី​ទាំង​នេះ​ឲ្យ«​ចាត់​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​បន្ត​ពិនិត្យ​មើល​បញ្ហាការ​លើក​តម្កើង​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់ក្រុម​តារា​ល្បីៗ ការ​បង្អួតការ​ចំណាយ​ហឺហា​និង​ការ​កម្សាន្ត​របស់​តារា​ដើម្បី​ទាក់ទាញ​ហួស​កម្រិត​ និង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​មិន​ល្អ​សម្រាប់​សាធារណជន។

អ្នក​ជំនួញ​ម្នាក់​កំពុង​ពិនិត្យ​មើល​កម្មវិធី​លើ​ទូរស័ព្ទ នៅក្នុង​ក្រុង​សៀងហៃ ប្រទេស​ចិន។
អ្នក​ជំនួញ​ម្នាក់​កំពុង​ពិនិត្យ​មើល​កម្មវិធី​លើ​ទូរស័ព្ទ នៅក្នុង​ក្រុង​សៀងហៃ ប្រទេស​ចិន។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ គណបក្ស​កុម្មុយនិស្ត​ចិន​ (CCP) មាន​ហេតុ​ផល​ដែល​ត្រូវ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​ដ៏​ធំធេង​របស់​តារា​លេចធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិតទាំង​នោះ។ នេះ​បើ​យោង​តាម​លោក​ Bill Bishop ដែល​បោះ​ពុម្ពផ្សាយ​ព្រឹត្តិប័ត្រ​ The Sinocism China Newsletter ដែល​ជា​ព្រឹត្តិបត្រ​មាន​អ្នក​អាន​យ៉ាង​ច្រើន។​

ទឹក​ប្រាក់​និង​គុណ​តម្លៃ

លោក​ Bill Bishop និយាយ​ថា៖ «គណបក្ស​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ជំរុញ​គុណ​តម្លៃ​រួម​នៃ​សង្គម​និយម​ ហើយ​មាន​តារាលេចធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិតតិច​តួច​ណាស់​អាច​ធ្វើ​ជា​ឧទាហរណ៍​ល្អ​ឥតខ្ចោះ​សម្រាប់​គុណ​តម្លៃ​ទាំង​នោះ។ អ្នក​ដែល​បង្កើត​បណ្ដាញ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​ រឹត​តែពិបាក​គ្រប់​គ្រង​ថែមទៀត ហើយ​ក្នុង​ចំណោម​សសរ​ស្តម្ភ​មួយ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ​គឺ​ការ​ឃោសនា​និង​ការ​គ្រប់​គ្រង​លើ​ផ្នែក​មនោគមវិជ្ជា»។

តារា​លេច​ធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិតគឺជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​ការ​ផ្សព្វផ្សាយទី​ផ្សារ និង​ការផ្សាយ​ពាណិជ្ជកម្ម​ ហើយ​មាន​ក្រុមហ៊ុន​រាប់​ពាន់​បាន​ពឹង​អាស្រ័យ​លើពួកគេដើម្បី​ផ្សព្វផ្សាយ​ផលិតផល។ ទំហំ​ទីផ្សារ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ដែល​ផ្សព្វផ្សាយ​ដោយ​តារា​សង្គម​លេចធ្លោចិន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​ ៥៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ហើយ​គេ​រំពឹង​ថា ​ចំនួន​នេះ​នឹង​កើន​ដល់​១០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​ទីភ្នាក់​ងារ​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ឈ្មោះ​ថា Analysus។

តារា​លេច​ធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ជា​ច្រើន​មាន​ប្រភព​ចេញ​ពី​វិស័យ​ភាពយន្ត​ ទូរទស្សន៍​ និង​កីឡា។ ក៏​ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​ល្បី​ភ្លាមៗដោយ​មិន​ដឹង​ប្រភព ​ជា​ច្រើន​នាក់ដែរ។​

កិត្តិនាម​របស់​ពួកគេ​កើន​ឡើង​តាម​រយៈ​លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​លើក​ឡើង​អំពី​ប្រធានបទ​ក្នុង​សង្គម​ដែល​មាន​ភាព​ក្តៅ​គគុក ដូច​ជា​ការ​ធ្វេស​ប្រហែសរបស់​ស្ត្រី​មួយ​ចំនួន​ដែល​គេ​ហៅ​ថា​ «ស្ត្រី​សំណល់» ​ដែល​មិន​ទាន់​អាច​រក​ស្វាមី​បាន។ តារា​លេច​ធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ម្នាក់​ក្នុង​ក្រុម​នេះ​គឺ​គ្រូ Xu (Teacher Xu) ដែល​ជា​តារា​លេច​ល្បីល្បាញ​តាម​អ៊ីនធឺណិត​ម្នាក់​ដែលមាន​គណនី​ដ៏​មាន​ប្រជាប្រិយ​នៅ​លើ​បណ្ដាញ​សង្គម ​WeChat។

តារា​លេច​ធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ទាំង​នោះ​ស្ទើរ​តែ​ទាំង​អស់​ធានាថា​ ពួក​គេ​មិនបំពាន​គោល​នយោបាយ​របស់​រដ្ឋាភិបាល ចំពោះ​ការ​បង្ហោះ​សារ​ជា​អក្សរ​និង​ជា​វីដេអូ នេះ​បើ​យោង​តាម​លោក Mark Tanner នាយកគ្រប់គ្រង​នៃ​ក្រុម​ហ៊ុន​ China Skinny ដែល​ជា​ក្រុមហ៊ុន​ទីផ្សារ​តាម​បណ្តាញ​អ៊ីនធឺណិត។

លោក Tanner និយាយ​ថា៖ «មនុស្ស​រាល់​គ្នា​នៅ​ក្នុង​ប្រទេស​ចិន​បាន​ដឹង​ហើយ​ថា​ បើ​សិន​ជា​ពួក​គេ​ចង់​ធ្វើ​ជា​សំឡេង​ដ៏​ជោគ​ជ័យ​និង​មាន​ប្រសិទ្ធភាព​ ពួក​គេ​ត្រូវ​តែ​ដើរ​តាម​បន្ទាត់​ដែល​គណបក្ស​កុម្មុយនិស្ត​ចិនបាន​គូស​ឲ្យ​ដើរ។ ដូច្នេះ​រាប់​ចាប់​ពី ​Pappi Chang​ រហូត​ដល់​ក្មេង​តូចៗ​នៅ​តាម​ដង​ផ្លូវ​ ពួក​គេ​ដឹង​ហើយ​ថា​ ត្រូវ​និយាយ​អ្វី​និង​មិន​ត្រូវ​និយាយ​អ្វី​ហើយ»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា គ្រាន់​តែ​ប្រជាប្រិយភាព​នៃ​បុគ្គល​ដែល​ល្បីៗ​ទាំង​នេះ​តាម​ពិត​ទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បញ្ហា​ប្រឈម​សម្រាប់​អាជ្ញាធររួច​ទៅ​ហើយ បើ​ទោះ​បី​ជា​ពួក​គេ​មិន​និយាយ​ប៉ះពាល់​ដល់​បញ្ហា​នយោបាយក៏​ដោយ។ រឿង​ភាគ​ច្រើន​ដែល​ពួក​គេ​និយាយ​ គឺ​ពាក់​ព័ន្ធ​ដោយប្រយោលទៅ​លើ​បញ្ហា​របស់​រដ្ឋាភិបាល​ ដូច​ជា​បញ្ហា​បរិស្ថាន ហើយ​រឿង​ទាំង​នេះ​ធ្វើ​ឲ្យ​មន្ត្រី​កំពូលៗ​ឈឺ​ក្បាល។

បញ្ហា​ក្នុង​ការ​រឹតត្បិត

លោក Christopher Cairns អ្នក​ស្រាវជ្រាវ​ម្នាក់​នៅសាកលវិទ្យាល័យ Cornell សហរដ្ឋ​អាមេរិក​ថ្លែង​ថា៖ «តារា​លេច​ធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិតទាំង​នោះកំពុង​កាន់​ក្បាល​មេក្រូដែល​មាន​ឥទ្ធិពល​ខ្លាំង​មួយ​ដើម្បី​និយាយ​ទៅ​កាន់​មនុស្ស​ក្នុង​សង្គម ហើយ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន ទង្វើ​ទាំង​នេះ​គឺ​ជា​ការ​គំរាម​កំហែង បើ​ទោះ​បី​ជា​អ្វី​ដែល​ពួក​គេ​និយាយ​នោះ​គ្មាន​ពាក់​ព័ន្ធ​នយោបាយ​យ៉ាង​ណា​ក៏ដោយ»។

រដ្ឋាភិបាល​ក៏​មាន​រឿង​ដែល​ត្រូវ​ព្រួយ​បារម្ភ​ផង​ដែរ​នៅ​ផ្នែក​បច្ចេកវិជ្ជា ដែល​ប្រជាប្រិយភាពនិង​ការ​ផលិត​សារ​របស់​តារាលេចធ្លោ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិតទាំង​នោះ​ហាក់​ដូច​ជា​បាន​វ៉ា​ផុត​ឆ្ងាយ​ពី​សមត្ថភាព​បច្ចេកទេស​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​គ្រប់​គ្រង​ពួក​គេ»។

បុរស​ម្នាក់​កំពុង​ប្រើ​កម្មវិធី​ Weibo របស់​ចិន​ ដែល​ស្រដៀង​គ្នា​នឹង​កម្មវិធី Twitter។
បុរស​ម្នាក់​កំពុង​ប្រើ​កម្មវិធី​ Weibo របស់​ចិន​ ដែល​ស្រដៀង​គ្នា​នឹង​កម្មវិធី Twitter។

លោក Jacob Cooke នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Web Presence ក្នុង​ប្រទេស​ចិន​បាន​ថ្លែង​ថា៖ «ភាគ​ច្រើន​វា​ទាក់ទង​នឹងកង្វះ​ការ​គ្រប់​គ្រង។ វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​រដ្ឋាភិបាលក្នុង​ការ​ពិនិត្យ​និង​គ្រប់គ្រង​វីដេអូ​ដែល​ផ្សាយ​ផ្ទាល់។ កម្មវិធី​កុំព្យូទ័រ​និង​ម៉ាស៊ីន​សម្រាប់​ថត​សំឡេង​និង​វីដេអូ មិន​ទាន់​មាន​ទេ។ ហើយ​មួយ​ទៀត ប្រព័ន្ធ​ភាគ​ច្រើន​ពឹង​អាស្រ័យ​លើ​ការ​ត្រួត​ពិនិត្យ​នៅ​ពេល​ផ្សាយ​ផ្ទាល់។ ដូច្នេះ​ មាន​ក្បួន​ខ្នាត​មិន​ច្បាស់​លាស់​ជា​ច្រើន​ ទាក់ទង​នឹង​ការ​រឹតត្បិត​ រួម​មានទាំង​អារម្មណ៍​ទុក្ខ​សោក​របស់​ប្រជាជន​ចិន​ជា​ដើម»។

មន្រ្តី​ត្រួត​ពិនិត្យ​ទាំង​នេះ​កំពុង​ប្រើ​ប្រាស់​ហេតុផល​ផ្សេងៗ​ដើម្បី​បង្ក្រាប​លើ​តារា​លេច​ធ្លោ​ណា​ម្នាក់​ដែល​ពួក​គេ​មិន​ចូល​ចិត្ត។ រដ្ឋបាល​បណ្តាញ​អ៊ីនធឺណិត​ក្រុង​ប៉េកាំង (BCA) បាន​រាយការណ៍​ទៅ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​ទាំង​ឡាយ​នូវ​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​ថ្មី​មួយ​ ដែល​តម្រូវ​ឲ្យ​គេហទំព័រ​ទាំង​អស់​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ ឬ​ឯកជន​ភាព​របស់​បុគ្គល​ណា​មួយ​ឡើយ»។

រដ្ឋាភិបាល​បាន​និយាយ​ថា ច្បាប់​ថ្មី​នេះ​មាន​ភាព​ចាំបាច់​ដោយ​សារ​ហេតុ​ផល​សន្តិសុខ ប៉ុន្តែ​អ្នក​វិភាគ​ភាគ​ច្រើន​មាន​ការ​បារម្ភថា​ ច្បាប់​នេះ​អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​គាប​សង្កត់​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​អ៊ីនធឺណិត៕

ប្រែសម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG