ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រតិកម្ម​យ៉ាង​សោះកក្រោះ​ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​ឡើង​វិញ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក


លោកស្រី Janet Yellen រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​​ថ្លែង​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក​និង​ចិន នៅ​សាលា​នៃ​ការសិក្សា​​អន្តរជាតិ​ជាន់​ខ្ពស់ (SAIS) ​នៅ​សាកលវិទ្យាល័យ Johns Hopkins នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣។
លោកស្រី Janet Yellen រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​​ថ្លែង​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក​និង​ចិន នៅ​សាលា​នៃ​ការសិក្សា​​អន្តរជាតិ​ជាន់​ខ្ពស់ (SAIS) ​នៅ​សាកលវិទ្យាល័យ Johns Hopkins នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣។

កាលពី​ថ្ងៃសុក្រ ទី២១ ខែមេសា​កន្លង​ទៅ​ ចិន​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវ នាវ​របស់​លោកស្រី Janet Yellen រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​ក្នុង​ពិភពលោក​ចាប់​ផ្តើម​ទំនាក់ទំនង​ផ្លូវ​ការ​ឡើង​វិញ។

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​បង្ហាញ​លម្អិត​ពី​អាទិភាព​សេដ្ឋកិច្ច​របស់​រដ្ឋបាល​លោក Biden ចំពោះ​ប្រទេស​ចិន​មួយ​ថ្ងៃ​មុន​នេះ លោកស្រី Yellen បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ចង់​មាន​ចំណង​ទាក់ទង​សេដ្ឋកិច្ច​បែប​ស្ថាបនា​និង​ស្មើ​ភាព​ជាមួយ​នឹង​ចិន​ដោយ​មិន​ប៉ះពាល់​នឹង​សន្តិសុខ​ជាតិ​របស់​ខ្លួន។

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយតប​ដោយ​ចោទ ប្រកាន់​ថា​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​បញ្ហា​បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ទាំង​ពីរ​ជា​ឧបករណ៍​និង​អាវុធ​«ក្នុង​នាម​សន្តិសុខ​ជាតិ»។

លោក Wang បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ខ្លីៗ​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃសុក្រ ទី២១ ខែ​មេ សា​កន្លង​ទៅ​ថា​«សហរដ្ឋ​អាមេរិក​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ «ធ្វើ​តិច ការពារ​ខ្លាំង»ហើយ​ជំរុញ​ឱ្យ​មាន​ការ​ផ្តាច់​ខ្លួន​និង​បំបែក​សង្វាក់​ផ្គត់ផ្គង់​និង​ឧស្សាហកម្ម»។ លោក​បន្ត​ថា «បំណង​ពិត​ប្រាកដ​របស់​សហរដ្ឋ​អាមេរិក​គឺ​ដកហូត​សិទ្ធិ​អភិវឌ្ឍន៍​ពី​ចិន​ហើយ​ទុក​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ធ្វើ​ជា​មហាអំណាច​ដើម្បី​ផលប្រយោជន៍​អាត្មានិយម​របស់​ខ្លួន»។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តោត​លើ​ការ​បង្កើន​ការ​គ្រប់គ្រង​លើ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​ជាមួយ​ចិន ដោយ​អះអាង​ថា បច្ចេកវិទ្យា​ទំនើបៗ​មួយ​ចំនួន​ដូចជា បច្ចេកវិទ្យា 5G បញ្ញា​សិប្បនិម្មិត​និង​ការ​គណនា​បរិមាណ​ដោយ​ប្រើ ប្រាស់​កម្មវិធី​យោធា​សំខាន់ៗ​គួរ​តែ​ទិញ​ពី​ប្រជាជាតិ​ដែល​ជា​សម្ព័ន្ធមិត្ត។ សូម្បី​តែ​បច្ចេកវិទ្យា​ទូទៅ​ដូចជា​កម្មវិធី TikTok ដ៏​ពេញ​និយម​នោះ​ក៏​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដែរ ដោយសារ​ការសង្ស័យ​ថា​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​វា​ដើម្បី​តាមដាន​ឬ​គោលបំណង​អ្វី​ផ្សេង។

លោក Gary Hufbauer ជា​សមាជិក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ថ្លែង​ថា ប្រតិកម្ម​មិន​សាទរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​អ្នកស្រី Yellin មិន​មែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ។

លោកGary Hufbauerបាន​ប្រាប់VOAផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា៖ «គិត​ពី​ទស្សនៈ​របស់​ចិន ពួកគេ​យល់​ថា និយមន័យ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ពង្រីក​ខ្លាំង ហើយ​ពួកគេ​មិន​ដឹង​ច្បាស់​ទេ​ថា វា​គ្របដណ្តប់​លើ​អ្វី​ខ្លះ។ ក្តីបារម្ភ​របស់​ពួកគេ​គឺ​ថា​វិធានការ​សន្តិសុខ​ជាតិ​ជាច្រើន​តាម​ពិត​ទៅ​រឹតត្បិត​បច្ចេកវិទ្យា​និង​ឱកាស​សម្រាប់​រីកចម្រើន​របស់​ពួកគេ»។

លោកDavid Dollar ដែល​ជា​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន Brookingsបាន​ប្រាប់VOAថា ចិន​នឹង​មាន​ការ​ប្រយ័ត្ន​ក្នុង​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ទៅ​សហរដ្ឋ​អាមេរិក​ «ដោយសារ​តែ​នៅ​មាន​សំឡេង​ប្រឆាំង​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក» ប៉ុន្តែ «វា​ទំនង​ថា​នៅ​ពេល​ណា​មួយ​ឆាប់ៗ​នេះ កិច្ច​សន្ទនា​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​ឡើង​វិញ»។

នៅ​ដើម​ខែ​នេះ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​សៀងហៃ​ដើម្បី​រៀបចំ​កិច្ចការ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​សក្តានុពល​របស់​អ្នកស្រី Gina Raimondo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG