ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​តវ៉ា​នឹង​អាមេរិក​ទាក់ទិន​នឹង​ការ​ដាក់​ទណ្ឌកម្ម​បណ្ដា​ក្រុមហ៊ុន​ដែល​ធ្វើ​ជំនួញ​ជាមួយ​រុស្ស៊ី


រូប​ឯកសារ៖ ទង់ជាតិ​អាមេរិក​និង​ចិន​បក់​នៅ​មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ ក្នុង​ទីក្រុង Zhangjiakou ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២២។
រូប​ឯកសារ៖ ទង់ជាតិ​អាមេរិក​និង​ចិន​បក់​នៅ​មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ ក្នុង​ទីក្រុង Zhangjiakou ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២២។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃសៅរ៍ ទី១៥ ខែ​មេសា​កន្លង​ទៅ​ បាន​តវ៉ា​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ក្រុមហ៊ុន​ចិន​បន្ថែម​ទៀត​ចំពោះ​ការ​ប៉ុនប៉ង​គេច​ចេញ​ពី​ការ​គ្រប់គ្រង​ការ​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​រុស្ស៊ី​ ដោយ​ហៅ​ចំណាត់ការ​នេះ​ថា​ជា​ទង្វើ​ខុស​ច្បាប់​ដែល​នឹង​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់​សកល។

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃពុធ ទី១២ ខែ​មេសា​បាន​ដាក់​ក្រុមហ៊ុន​ចំនួន​ ៥ ដែល​មាន​មូលដ្ឋាន​នៅ​ចិន​ដីគោក​ និង​នៅ​ក្នុង​ទីក្រុង​ហុងកុង​ក្នុង «បញ្ជី​ក្រុមហ៊ុន» របស់​ខ្លួន​ដែល​ហាមឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​អាមេរិក​ណា​មួយ​នោះ​ទេ បើ​មិន​ទទួល​បាន​អាជ្ញាបណ្ណ​ពិសេស​ដែល​ស្ទើរ​តែ​សុំ​មិន​បាន។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​រឹតបន្តឹង​ការ​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​បរទេស​ដែល​ខ្លួន​យល់​ថា ផ្តល់​ជំនួយ​ដល់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន ដោយ​បង្ខំ​ឱ្យ​ពួកគេ​ជ្រើសរើស​រវាង​ការ​ធ្វើ​ជំនួញ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ ឬ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​សរុប​ចំនួន ២៨ ក្រុមហ៊ុន​មក​ពី​ប្រទេស​ផ្សេងៗ​រាប់​ចាប់​ពី​ម៉ាល់ត៍ តួកគី រហូត​ដល់​សិង្ហបុរី​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឱ្យ​ដឹង​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក «មិន​មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ​ទេ»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​បន្ត​ថា៖​ «វា​ជា​ទណ្ឌកម្ម​ឯកតោភាគី​ទូទៅ​មួយ និង​ជា​ទម្រង់​នៃ «ការ​ពន្លាត​យុត្តាធិការ» ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​សហគ្រាស និង​ប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​នៃ​សង្វាក់​ផ្គត់ផ្គង់​សកល។ ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​នេះ»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា៖ «សហរដ្ឋអាមេរិក​គួរ​កែតម្រូវ​ការ​ធ្វើ​ខុស​របស់​ខ្លួន​ភ្លាមៗ និង​បញ្ឈប់​ការ​គាបសង្កត់​មិន​សម​ហេតុផល​របស់​ខ្លួន​លើ​ក្រុមហ៊ុន​ចិន។ ចិន​នឹង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ចិន»។

ទណ្ឌកម្ម​ចុងក្រោយ​បង្អស់​ត្រូវ​បាន​ដាក់​លើ​ក្រុមហ៊ុនAllparts Trading Co., Ltd. ក្រុមហ៊ុន Avtex Semiconductor Limited ក្រុមហ៊ុនTC Electronics Ltd. ក្រុមហ៊ុនMaxtronic International Co., Ltd. និង​ក្រុមហ៊ុនSTK Electronics Co., Ltd. ដែល​ចុះ​បញ្ជី​នៅ​ទីក្រុង​ហុងកុង។​

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា បញ្ជី​នេះ​កំណត់​អត្តសញ្ញាណ​អង្គភាព ជា​ពិសេស​អង្គភាព​ជំនួញ​ ដែល​សហរដ្ឋអាមេរិក​សង្ស័យ​ថា «បាន​ចូលរួម ពាក់ព័ន្ធ ឬ​បង្ក​ឱ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ក្នុង​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​ផ្ទុយ​នឹង​សន្តិសុខ​ជាតិ ឬ​ផលប្រយោជន៍​គោលនយោបាយ​បរទេស​របស់​សហរដ្ឋអាមេរិក»។

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា អង្គភាព​ទាំង​នោះ​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ «អ្នក​ប្រើប្រាស់​យោធា» ចំពោះ​ការ​ «ប៉ុនប៉ង​គេច​ចេញ​ពី​ការ​គ្រប់គ្រង​ការ​នាំ​ចេញ និង​ទិញ​យក ឬ​ព្យាយាម​ទិញ​យក​សម្ភារ​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក​ដើម្បី​គាំទ្រ​ដល់​យោធា​រុស្ស៊ី និង/ឬ​មូលដ្ឋាន​ឧស្សាហកម្ម​សម្រាប់​ការ​ការពារ»៕

XS
SM
MD
LG