អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ក្នុងដំណើរទស្សនកិច្ចទៅប្រទេសសិង្ហបុរី បាននិយាយនៅថ្ងៃអង្គារថា ប្រទេសចិន នៅតែបន្តបង្ខិតបង្ខំ បំភិតបំភ័យនិងទាមទារទឹកដីភាគច្រើននៃសមុទ្រចិនខាងត្បូងដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ផ្អែកច្បាប់ និងគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រជាជាតិនានា។
អ្នកស្រី Harris បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិកនៅជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងប្រឈមនឹងការគំរាមកំហែងទាំងនេះ។ ហើយខ្ញុំត្រូវតែបញ្ជាក់ច្បាស់ថា៖ ការចូលរួមរបស់យើងនៅអាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក មិនដើម្បីប្រឆាំងនឹងប្រទេសណាមួយ ហើយក៏មិនតម្រូវឲ្យអ្នកណាម្នាក់ជ្រើសរើសរវាងប្រទេសនានាដែរ។ ផ្ទុយទៅវិញ ការចូលរួមរបស់យើង គឺសំដៅឆ្ពោះទៅរកចក្ខុវិស័យសុទិដ្ឋិនិយមសម្រាប់ការចូលរួមនិងភាពជាដៃគូរបស់យើងនៅក្នុងតំបន់នេះ»។
អ្នកនាំពាក្យក្រសួងការប្រទេសចិនលោក Wang Wenbin បានឆ្លើយតបដោយនិយាយថា សហរដ្ឋអាមេរិក បានស្វះស្វែងបង្កើតប្រព័ន្ធមួយដែលក្នុងនោះ ខ្លួនអាច «បង្ខូច សង្កត់សង្កិន បង្ខិតបង្ខំ និងសម្លុត ប្រទេសដទៃដោយចេតនា ហើយមិនរងផលវិបាកអ្វីនោះទេ»។
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានយកការទប់ទល់ឥទ្ធិពលរបស់ប្រទេសចិន ជាផ្នែកសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ខ្លួន។
អ្នកស្រី Harris បានបន្តទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃអង្គារ បន្ទាប់ពីពន្យារពេលដោយសារបញ្ហាសុខភាពដែលអាចទាក់ទងទៅនឹងរោគសញ្ញា Havana ដ៏អាថ៌កំបាំង។ អ្នកស្រីបានទៅដល់រដ្ឋធានីហាណូយ បន្ទាប់ពីពន្យារពេលបីម៉ោងនៅប្រទេសសិង្ហបុរី៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press Agence France-Presse និង Reuters