ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​​​


រូបភាព​​ឯកសារ៖​ ប្រធានាធិបតី​ចិន លោក​ ស៊ី ជីង​ពីង
រូបភាព​​ឯកសារ៖​ ប្រធានាធិបតី​ចិន លោក​ ស៊ី ជីង​ពីង

ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហ៊ួរ​របស់​រដ្ឋ​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រធានាធិបតី​ចិន​ ស៊ី​ ជីងពីង (Xi Jinping) ​នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​លើក​ទី​មួយ​ទៅ​កាន់​សហរដ្ឋ​អាមេរិកនៅ​ខែ​កញ្ញា។

ពេល​វេលា​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​លោក​ស៊ី ​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​បារ៉ាក់ អូបាម៉ា។

ទីភ្នាក់​ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា ​«ក្នុង​អំឡុង​ពេល​នៃ​ការសន្ទនា​នោះ ​ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​គ្នាធ្វើ​ការ​រៀប​ចំ​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​ធានា​ថា ​ដំណើរ​បំពេញ​ទស្សនកិច្ច​នោះ​ទទួល​បាន​ជោគជ័យ»។

​សេតវិមាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​អូបាម៉ា​បាន​ជំរុញឲ្យ​សមភាគី​ចិន​របស់​លោក​ឲ្យ​ជំរុញ​ប្រទេស​លោក​ «មាន​ការរីក​លូតលាស់​នៃ​ការ​ប្រើ​ប្រាស់​ទំនិញនិង​អត្រា​ប្តូរ​ប្រាក់​ដែល​កំណត់​ទៅ​តាម​ទីផ្សារ»។ ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​ក៏​បាន​និយាយ​ឡើង​វិញ​ពី​ការតាំង​ចិត្ត​របស់​លោក​ ដើម្បី​ឈាន​ដល់​សន្ធិសញ្ញា​វិនិយោគ​ទុនទ្វេ​ភាគី​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

សេតវិមាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​អូបាម៉ា​និង​លោក​ស៊ី ​ក៏​បាន​ពិភាក្សា​ពី​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធើណិត ​និង​ការចរចាអន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកជាមួយ​ប្រទេស​អ៊ីរ៉ង់​ស្តី​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរបស់​ខ្លួន។
កាល​ពី​ពេល​ថ្មី​ៗ​នេះ ​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ដែល​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​វាយ​ប្រហារ​ចិន​ប្រឆាំង​ក្រុម​ហ៊ុន​អាមេរិកាំង​នានានិង​គោលដៅ​សំខាន់​ៗ​របស់​រដ្ឋាភិបាល។ ចិន​បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​ទាំង​នោះ។

​កាល​ពី​ថ្ងៃ​អង្គារ សេតវិមាន​បាន​ប្រកាស​បង្កើត​ទី​ភ្នាក់​ងារ​សហព័ន្ធ​មួយ​ដើម្បី​វិភាគការគំរាម​កំហែង​ដល់​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធើណិត ​របស់​ជាតិ​និង​សម្រប​សម្រួល​យុទ្ធ​សាស្រ្ត ​ដើម្បី​ប្រយុទ្ធ​ក្រុម​អ្នក​ចូលលួច​មើល៕

XS
SM
MD
LG