ការរាតត្បាតជាសាកលនៃមេរោគកូរ៉ូណានៅជុំវិញពិភពលោកហាក់ដូចជាមានផលប៉ះពាល់តិចតួចក្នុងប្រទេសឡាវ ទៅលើផែនការមេរបស់ចិនក្នុងការសាងសង់បណ្តាញខ្សែរថភ្លើងល្បឿនលឿនដើម្បីភ្ជាប់ប្រទេសដីគោកមួយនេះទៅកាន់ផែដ៏មហាញឹករបស់សិង្ហបុរី តាមរយៈប្រទេសដីគោកនៅក្នុងអាស៊ីអាគ្នេយ៍មួយនេះ។
ក្រុមបុគ្គលិកសម្រាប់ការងារនេះបានចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងជំហានដំបូងប្រមាណ៤១៤គ.មកាត់តាមប្រទេសឡាវនៅក្នុងខែមីនា ប្រាំឆ្នាំបន្ទាប់ពីបានបុកគ្រឹះសាងសង់។ ដោយផ្លូវក្រោមដី និងស្ពានជាច្រើនត្រូវបានសាងសង់រួចហើយនៅពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីខែមិថុនាថា គម្រោងដែលមានទឹកប្រាក់ចំនួន៦ពាន់លានដុល្លារបានបញ្ចប់៩០%ហើយ។ ផ្លូវក្រោមដី និងស្ពានទាំងនោះត្រូវរត់កាត់តំបន់ភាគខាងជើងដែលសម្បូរទៅដោយភ្នំក្នុងប្រទេសឡាវ។ ការដាក់ដំណើរការប្រើប្រាស់នឹងត្រូវចាប់ផ្តើមនៅត្រឹមឆ្នាំ២០២២។
អ្នកវិភាគនិយាយថា បណ្តាញខ្សែរថភ្លើងពេញលេញនៅតែជាផ្នែកដ៏សំខាន់មួយនៃគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មចិន (ឬ BRI)។ ដោយបានចាប់ផ្តើមនៅក្នុងក្រុង Kunming ដែលជារដ្ឋធានីនៃខេត្ត Yunnan ក្នុងប្រទេសចិន គម្រោងនេះនឹងជួយដល់តំបន់ដាច់ស្រយាលនេះភ្ជាប់ខ្លួនទៅក្នុងសេដ្ឋកិច្ចធំៗបំផុតមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលគម្រោងនេះក៏អាចបង្កើននូវឥទ្ធិពលនយោបាយរបស់ចិនទៅលើប្រទេសទាំងនោះនៅក្នុងដំណើរការនេះផងដែរ។
លោក Murray Hiebert អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា៖«ផ្លូវរថភ្លើងពីក្រុង Kunming ទៅកាន់ប្រទេសសិង្ហបុរីនេះគឺជាអាទិភាពខ្ពស់មួយសម្រាប់ប្រទេសចិន។ វានឹងជួយឱ្យតំបន់ក្រីក្រនៅភាគខាងលិចនៃប្រទេស ដែលជាតំបន់ដីគោកនៅពេលនេះ បង្កើនច្រកចេញចូលទៅកាន់តំបន់ដែលមានសេដ្ឋកិច្ចខ្លាំងជាងខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ វានឹងជួយដល់វិស័យពាណិជ្ជកម្ម និងទេសចរណ៍»។
លោក Hiebert ដែលជាអ្នកនិពន្ធនៃសៀវភៅដែលមានចំណងជើងថា «នៅក្រោមស្រមោលចិន៖ ចិនជាបញ្ហាប្រឈមរបស់អាស៊ីអាគ្នេយ៍» ឬជាភាសាអង់គ្លេសថា «Under Beijing's Shadow: Southeast Asia's China Challenge» បាននិយាយក្នុងសម្តីដើមថា «វាអាចនឹងបង្កើនឥទ្ធិពលនយោបាយរបស់ចិន ប៉ុន្តែត្រឹមតែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ប្រទេសនៅអាស៊ីអាគ្នេយ៍នៅតែមានការប្រុងប្រយ័ត្នចំពោះគោលបំណងរបស់ចិន»។
លោកបានលើកឡើងពីការប្រជែងទាមទាររវាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង និងទំនប់ទឹករបស់ចិនដែលពួកគេស្តីបន្ទោសចំពោះការធ្វើឱ្យស្ទះលំហូរទឹកទន្លេមេគង្គ និងបានបង្កឲ្យមានគ្រោះរាំងស្ងួតកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទិដ្ឋាភាពពីលើអាកាសនៃខ្សែផ្លូវរថភ្លើងដែលត្រូវបានគេគ្រោងនោះនឹងបង្ហាញថា ផ្លូវរថភ្លើងនេះនឹងរត់កាត់ប្រទេសឡាវ ថៃ និងម៉ាឡេស៊ី មុនចូលទៅដល់ប្រទេសសិង្ហបុរី ដោយត្រូវកាត់តាមទីក្រុងវៀងចន្ទន៍ បាងកក និងគូឡាឡាំពួ។
លោក Prapat Thapchatree ដែលដឹកនាំមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីអាស៊ាននៅសាកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃនិយាយក្នុងសម្តីដើមថា «វានឹងជំរុញឱ្យចិនពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន [និង] នៅទីបំផុតក្តោបក្តាប់ប្រទេសដីគោកនៅអាស៊ីអាគ្នេយ៍។ ខ្ញុំគិតថា វានឹងក្លាយទៅជាគោលបំណងរយៈពេលវែងមួយ»។
ប្រទេសឡាវបានទទួលយកគម្រោងនេះដោយកក់ក្តៅ ដោយសង្ឃឹមថា ប្រទេសនេះនឹងប្រែក្លាយប្រទេសក្រីក្របំផុតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ពីប្រទេសដីគោកដាច់តែឯងទៅជាប្រទេស «ដីគោកមានបណ្តាញតភ្ជាប់» និងទាញយកអាជីវកម្មថ្មីពីបណ្តាញខ្សែរថភ្លើងនេះ ដែលនឹងនាំយកជំនួញ និងភ្ញៀវទេសចរកាន់តែច្រើនឆ្លងកាត់តាមប្រទេសឡាវ។ វានឹងប្រែក្លាយការដឹកជញ្ជូនរយៈពេល៣ថ្ងៃពីក្រុង Boten នៅព្រំដែនឡាវជាមួយនឹងចិន ទៅកាន់រដ្ឋធានីវៀងចន្ទន៍ ដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសថៃ ទៅជាការដឹកជញ្ជូនរយៈពេល៣ម៉ោងវិញ។
ទោះជាយ៉ាងនេះក្តី គុណប្រយោជន៍ដ៏មានសក្តានុពលនេះនឹងនាំមកនូវហាភិន័យមួយចំនួន។
របាយការណ៍ក្នុងឆ្នាំ២០១៨ចេញផ្សាយដោយមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍជាសាកលដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកបានដាក់ប្រទេសឡាវក្នុងបញ្ជីប្រទេសទទួលយកគម្រោង BRI ដែលប្រឈមមុខនឹងហានិភ័យបំណុលខ្ពស់បំផុត។ របាយការណ៍នាពេលថ្មីៗនេះអំពីបំណុលនៃគម្រោង BRI ចេញផ្សាយដោយវិទ្យាស្ថាន Lowy ក្នុងប្រទេសអូស្ត្រាលីបានសរសេរថា ប្រទេសឡាវជំពាក់បំណុលចិនច្រើនជាងគេក្នុងចំណោមបំណុលបរទេសដែលឡាវជំពាក់។ បំណុលនោះមានចំនួនប្រមាណជា៤៥%ខ្ពស់ជាងប្រទេសផ្សេងៗចំនួន៩ទៀតដែលត្រូវបានជ្រើសរើសសម្រាប់ការសិក្សាស្រាវជ្រាវនេះ។ បំណុលភាគច្រើនគឺខ្ចីដើម្បីចំណាយលើការសាងសង់ផ្លូវរថភ្លើងនេះ។ រដ្ឋាភិបាលឡាវបានខ្ចីប្រាក់ប្រមាណជា១ពាន់៥រយលានដុល្លារពីធនាគារ Export-Import Bank of China ដែលគ្រប់គ្រងដោយរដ្ឋចិន ដើម្បីជួយរួមបដិភាគចំនួន៣០%សម្រាប់គម្រោងនេះ។ នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាអំពីអាស៊ាននៅក្នុងប្រទេសសិង្ហបុរី។
អ្នករិះគន់លើ «ការទូតបំណុល» របស់ចិននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាស់ឥទ្ធិពលហិរញ្ញវត្ថុដើម្បីឱ្យឡាវធ្វើតាមការបង្គាប់បញ្ជារបស់ចិននៅក្នុងសមាគមអាស៊ាន។ ក្នុងនាមជាសមាជិកមួយនៃសមាគមអាស៊ានដែលមានប្រទេសទាំង១០ ឡាវត្រូវបានគេចោទប្រកាន់ពីការជួយបំផ្លាញកិច្ចប្រឹងប្រែងក្នុងការរួបរួមគ្នាប្រឆាំងនឹងការទាមទារសមុទ្រចិនខាងត្បូងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Elliot Brennan អ្នកវិភាគ និងអ្នកស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានសម្រាប់គោលនយោបាយសន្តិសុខនិងការអភិវឌ្ឍក្នុងប្រទេសស៊ុយអែតបាននិយាយក្នុងសម្តីដើមថា «នៅក្នុងកម្រិតថ្នាក់តំបន់ ប្រទេសចិនបានប្រើប្រាស់ប្រទេសឡាវជាកូនអុកមួយដើម្បីប្រឆាំងនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន»។
ចិននឹងមិនអាចប្រើប្រាស់ជើងផ្លូវរថភ្លើងថ្មីដែលរត់កាត់ប្រទេសឡាវបានច្រើនទេ ប្រសិនបើចិនមិនអាចពង្រីកផ្លូវនេះទៅភាគខាងត្បូង ដោយសារតែផ្លូវនេះនឹងភ្ជាប់ជាមួយនឹងប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីអាគ្នេយ៍។
ទោះជាយ៉ាងនេះក្តី លោក Prapat បាននិយាយថា ប្រទេសថៃ និងម៉ាឡេស៊ីមានការស្ទាក់ស្ទើរខ្លាំងជាងឡាវ ក្នុងការចូលកាន់តែជ្រៅទៅក្នុងគម្រោងនេះ ហើយមិនដូចឡាវនោះទេ ប្រទេសទាំងពីរមានឥទ្ធិពលក្នុងការកំណត់លក្ខខណ្ឌចំពោះគម្រោងនេះ។
លោកបាននិយាយក្នុងសម្តីដើមថា «ប្រទេសថៃមានការប្រុងប្រយ័ត្នណាស់ មានការព្រួយបារម្ភណាស់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឡាវ និងកម្ពុជា នៅពេលដែលប្រទេសទាំងពីរនេះមានការពឹងផ្អែកខ្លាំងពេកទៅលើចិន» ដោយលោកប្រដូចប្រទេសទាំងពីរនេះថាជា ខេត្តរបស់ចិន។
ប្រទេសថៃ និងម៉ាឡេស៊ីកំពុងបញ្ជាក់ពីភាពអាចអនុវត្តបានកាន់តែខ្លាំងនៃគម្រោងនេះផងដែរ។
លោក Hiebert បាននិយាយក្នុងសម្តីដើមថា «សូម្បីតែបន្ទាប់ពីមានរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០១៤ នៅពេលដែលរបបដឹកនាំក្នុងក្រុងបាងកកត្រូវបានរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើនបដិសេធ ហើយចិនជាមិត្តភក្តិតែមួយគត់របស់ថៃនៅពេលនោះ ឧត្តមសេនីយ៍ថៃនៅមានការពិបាកសម្រេចចិត្តខ្លាំង ដោយសារតែគម្រោងរថភ្លើងល្បឿនលឿនដែលចិនបានស្នើឡើងត្រូវចំណាយប្រាក់ច្រើនខ្លាំងណាស់ និងមិនមែនជាអាទិភាពសម្រាប់ថ្នាក់ដឹកនាំថៃនោះទេ»។
ប្រទេសថៃបានបោះជំហានទៅមុខដោយប្រុងប្រយ័ត្ន ដើម្បីចុះកិច្ចព្រមព្រៀងជាមួយនឹងចិនដើម្បីសាងសង់ផ្លូវពីប្រទេសឡាវទៅទីក្រុងបាងកក ដោយមានការព្រួយបារម្ភអំពីការចំណាយ និងបានផ្អាកផែនការចុះហត្ថលេខានៅខែធ្នូខាងមុខនេះ។ ប្រទេសម៉ាឡេស៊ីបានផ្អាកការងារសាងសង់ជើងផ្លូវរថភ្លើងពីប្រទេសថៃទៅកាន់ទីក្រុងគូឡាឡាំពួអស់រយៈពេលជិត១ឆ្នាំ ហើយបានយល់ព្រមចាប់ផ្តើមឡើងវិញនៅក្នុងខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីការបញ្ចុះបញ្ចូលចិនឱ្យទម្លាក់តម្លៃដើមដែលមានចំនួន២០ពាន់លានដុល្លារមកត្រឹមមួយភាគបីនៃតម្លៃដើមវិញ។
អ្នកវិភាគនិយាយថា ក្តីសុបិនរបស់ចិនចំពោះខ្សែរថភ្លើងល្បឿនលឿនដែលរត់កាត់ប្រទេសដីគោកនៅអាស៊ីអាគ្នេយ៍នឹងកាន់តែមានការលំបាកក្នុងការសម្រេច បន្ទាប់ពីសេដ្ឋកិច្ចតំបន់នេះរងផលប៉ះពាល់ខ្លាំងបង្កឡើងដោយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោក Prapat និយាយថា លុះត្រាតែខ្សែរថភ្លើងនេះអាចឆ្លងកាត់ប្រទេសសិង្ហបុរីបាន បើមិនដូច្នេះទេ «វានឹងត្រូវចំណាយពេលយូរទៀត»៕