ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​គាំទ្រ​របស់​ចិន​ធ្វើ​ឲ្យ​ប្រទេស​ឡាវ​មាន​ផលចំណេញ​ជាង​ប្រទេស​វៀតណាម​ដែលមាន​អំណាច​ជាង


រូប​ឯកសារ៖ នាវា​ដឹក​ខ្សាច់​នៅ​ទន្លេ​មេគង្គ ក្នុង​ក្រុង Can Tho ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
រូប​ឯកសារ៖ នាវា​ដឹក​ខ្សាច់​នៅ​ទន្លេ​មេគង្គ ក្នុង​ក្រុង Can Tho ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។

ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ​ត្រូវ​បាន​គេ​​បើក​ដំណើរការ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​មាន​ការ​ព្រួយបារម្ភ​ ដោយសារ​តែ​ប្រទេស​នេះ​ស្ថិត​នៅ​ប៉ែក​ខាង​ក្រោម​នៃ​ទន្លេ​នេះ ហើយ​អាច​នឹង​រង​ការគំរាមកំហែង​ដោយសារ​តែ​លំហូរ​ទឹក​នៅ​ខាង​ក្រោម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​មន្ត្រី​នៅ​ក្នុងទី​ក្រុង​ហាណូយ​មិន​បាន​ធ្វើ​ការ​តវ៉ា​ដោយ​ចំហ​ទៅ​នឹង​ប្រទេស​ឡាវ ដែល​ជា​ប្រទេស​ធ្វើ​ការ​អភិវឌ្ឍ​ទំនប់​ទឹក​នេះ​នោះ​ទេ ដោយសារ​តែ​វៀតណាម​ដឹង​ថា ឡាវ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ជិត​ខាង​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្លួន នោះ​គឺ​ប្រទេស​ចិន។

ផ្ទុយ​ទៅ​វិញ បណ្ដា​មេដឹកនាំ​វៀតណាម​កំពុង​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ឡាវ​ដោយ​ប្រុងប្រយ័ត្ន​អំពី​បញ្ហា​ទំនប់​ទឹក​នេះ។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និយាយ​ថា ដោយសារ​តែ​ការ​ព្រួយបារម្ភ​របស់​ខ្លួន ប្រទេស​ដីគោក​តូច​មួយ​នេះ​នឹង​ស្វែងរក​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​ប្រទេស​វៀតណាម​មិន​សូវ​ចុះសម្រុង​ជាមួយ​នឹង​ប្រទេស​ចិន​នោះ​ទេ ហើយ​មាន​ការ​ខឹងសម្បា​ចំពោះ​ការ​ពង្រីក​អំណាច​របស់​ចិន​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី។

អ្នក​ជំនាញ​ទាំង​នោះ​និយាយ​ថា ការ​ព្រួយបារម្ភ​ថ្មី​នៅ​ក្នុងទី​ក្រុង​ហាណូយ​បង្ហាញ​ថា វៀតណាម​មិន​អាច​ចាត់​ទុក​ប្រទេស​ឡាវ​ជា​ប្រទេស​ទទួល​ការ​ណែនាំ​ពី​វៀតណាម ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន​នោះ​ទេ។

លោក Murray Hiebert ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា៖ «វៀតណាម​មាន​ការ​ព្រួយបារម្ភ​ថា ឡាវ​កំពុង​ស្វះស្វែង​ដើម្បី​សង់​ទំនប់​នៅ​ទន្លេ​មេគង្គ។ ទោះ​ជា​វៀតណាម​បាន​ជជែក​ដោយ​ស្ងាត់ៗ​ជាមួយ​នឹង​ប្រទេស​ឡាវ​ក៏​ដោយ ក៏​វៀតណាម​មិន​ទាន់​មាន​ជម្រើស​ច្បាស់​ណា​មួយ​ដើម្បី​ចាត់វិធានការ​ជា​សាធារណៈ និង​ថ្កោលទោស​ប្រទេស​ឡាវ​នោះ​ទេ»។

​ឡាវ​ធ្លាប់ដើរ​តាម​វៀតណាម

ពី​មុន​ប្រទេស​វៀតណាម​ទទួល​បាន​ផល​ចំណេញ​ពី​ប្រទេស​ឡាវ។ វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាមេរិក​ដែល​មាន​ឈ្មោះ​ថា GlobalSecurity.org បាន​ឲ្យ​ដឹងថា នៅ​ក្នុង​សតវត្សរ៍​ទី១៩ ស្តេច​ឡាវ​ «បាន​បង្ហាញ​ការ​គោរព​ដល់​តុលាការ​វៀតណាម» ក្នុង​ទំនាក់ទំនង​មួយ​ដែល​គាំទ្រ​ដល់​ជំហរ​របស់​វៀតណាម​ចំពោះ​ប្រទេសចិន​នៅ​ពេល​នោះ។​

វិទ្យាស្ថាន​អាមេរិក​នេះបាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ឡាវ​បាន​ក្លាយ​ជា​ «ប្រទេស​ស្តាប់​តាម​ការ​ណែនាំ» របស់​វៀតណាម នៅ​ក្នុង​ទសវត្សរ៍១៩៨០ បន្ទាប់​ពី​ប្រទេស​វៀតណាមបាន​ជួយ​គាំទ្រ​ដល់​គណបក្ស​កុំម្មុយនិស្ត​ឡាវ។ នៅ​ក្នុង​សង្គ្រាម​វៀតណាម​ក្នុង​ទសវត្សរ៍១៩៦០ ទាហាន​វៀតណាម​ខាង​ជើង​រាប់​ពាន់​នាក់​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​ឡាវ ដើម្បី​រក្សា​បណ្តាញ​ទំនាក់ទំនង Ho Chi Minh Trail ដ៏​សំខាន់​មួយ។ សព្វ​ថ្ងៃ​នេះ មេដឹកនាំ​ឡាវ​ដែល​ស្ថិត​នៅ​ក្នុង​គណបក្ស​កុំម្មុយនិស្ត​នៅ​តែ​សិក្សា​នៅ​ក្នុង​សាលាវៀន​ក្នុងទី​ក្រុង​ហាណូយ។​

ចាប់​តាំង​ពី​ទសវត្សរ៍​១៩៨០​មក ប្រទេស​វៀតណាម​មាន​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​លើ​ការ​វិនិយោគ​ផ្នែក​រោងចក្រ​ផលិតកម្ម ខណៈ​ដែល​ប្រទេស​ឡាវ​ភាគច្រើន​ពឹងផ្អែក​លើ​កសិកម្ម។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និយាយ​ថា ប្រមាណ២៣%​នៃ​ប្រជាជន​ឡាវ​ចំនួន​៦លាន៩​សែននាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​៦%​នៃ​ប្រជាជន​វៀតណាម​ដែល​មាន​ចំនួន​៩៥លាន​នាក់។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ចិន​ដែល​មាន​ប្រាក់​ជាង​វៀតណាម បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មិន​ងាយ​ទទួល​បាន​ ឲ្យ​ប្រទេស​ឡាវ។ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គេ​កត់សម្គាល់​ខ្លាំង​មាន​ដូចជា​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​តំបន់​សេដ្ឋកិច្ច​ពិសេស។ គម្រោង​មួយ​ចំនួន​ស្ថិត​នៅ​ក្រោម​ «គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ឬ​ BRI» រយៈពេល​៦ឆ្នាំ​ ដែល​មាន​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​បរទេស​របស់​ចិន​នៅ​ជុំវិញតំបន់​អាស៊ីនិង​អឺរ៉ុប។ ប្រាក់​ជំនួយ​របស់​ចិន​ក៏​បានប្រើ​ប្រាស់​ដើម្បីកសាង​ផ្លូវ និង​ស្ពាន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

គម្រោង​វារីអគ្គិសនី​របស់​ឡាវ​ដែល​មាន​ឈ្មោះ​ថា ទំនប់ Xayaburi ត្រូវ​បាន​គេ​រំពឹង​ថា​នឹងកាត់បន្ថយលំហូរទឹក ទិន្នផល​ត្រី និង​ធនធាន​ផ្សេងៗ​សម្រាប់​មនុស្ស​ប្រមាណ​ជា​៥០លាន​នាក់​នៅ​ទន្លេ​ប៉ែក​ខាង​ក្រោម ដែល​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម។

ភាព​រកាំរកូស​រវាង​វៀតណាមនិង​ចិន

ប្រទេស​ចិននិង​វៀតណាម​មាន​ជម្លោះ​ដែនដី​ជាមួយ​នឹង​គ្នាអស់​រយៈពេលជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ឥឡូវ​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ត្រី។ ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​តែ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​រារាំង​ប្រទេស​ទាំង​ពីរ​មិន​ឲ្យ​មាន​ទំនាក់ទំនង​ស្អិតរមួត​នោះ​ទេ។

លោក Stephen Nagy សាស្ត្រាចារ្យជាន់​ខ្ពស់​ផ្នែក​សិក្សា​អន្តរជាតិនិង​នយោបាយ​នៅ​សាកលវិទ្យាល័យ International Christian University ក្នុងទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុននិយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​ឡាវនិង​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា ចិន​ទទួល​បាន​ការ​គាំទ្រ​លើ​បញ្ហា​តំបន់ រួម​ទាំង​បញ្ហា​មួយ​ចំនួន​ដែល​ប្រទេស​វៀតណាម​មាន​ជំហរ​ផ្សេង​ផង​ដែរ។

ក្រសួង​ពាណិជ្ជកម្ម​ចិនបាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់​ចន្លោះ​ពី​៤០០លានទៅ​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ចាប់តាំង​ពី​ឆ្នាំ២០១០មក នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ​មួយនិង​មាន​គោលនយោបាយ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៦០។ ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​បង្ហាញ​ថា នៅ​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ២០១៧ ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់​សរុប​ប្រមាណ៦,៣ប៊ីលាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ឡាវ។

លោក Nagy និយាយ​ថា «ជា​ឧទាហរណ៍ ប្រទេស​ចិន​អាច​នឹង​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​បន្តិច និង​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា ​ប្រទេស​ទាំង​ពីរ​នេះ​មិន​យល់ព្រម​ជាមួយ​នឹង​គោលការណ៍​សំឡេង​តែ​មួយរបស់​អាស៊ាន ឬ​នៅ​ពេល​ផលប្រយោជន៍​របស់​ចិន និង​វៀតណាម​មាន​ការ​ប៉ះទង្គិច​គ្នា។ រដ្ឋាភិបាល​ចិន​អាច​ជះឥទ្ធិពល​ជា​វិជ្ជមាន​លើ​ប្រទេស​ឡាវ និង​កម្ពុជា»។ អាស៊ាន​គឺ​ជា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​មាន​សមាជិក​ចំនួន​១០​ប្រទេស។

ប្រទេស​វៀតណាម​ពឹងផ្អែក​កាន់​តែ​ច្រើន​លើ​ប្រទេស​ជប៉ុន សិង្ហបុរី កូរ៉េ​ខាង​ត្បូង​ និង​តៃវ៉ាន់ សម្រាប់​ការ​វិនិយោគ។ ប្រាក់​ជំនួយ​របស់ជប៉ុន​បាន​ជួយ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម។

នយោបាយ​ក្នុង​តំបន់

លោក Trung Nguyen ដែល​ជា​ព្រឹទ្ធបុរសនៃ​មហាវិទ្យាល័យទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ​ហូជីមិញ​ និយាយ​ថា ប្រទេស​វៀតណាម​កំពុង​តាមដាន​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​អាច​កើត​ឡើង ប្រសិន​បើ​ចិន​បន្ថែម​ប្រាក់​ជំនួយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឡាវ។

ប្រទេស​កម្ពុជា​ជា​ធម្មតា​គាំទ្រ​ចិន​លើ​បញ្ហា​អាស៊ាន រួម​ទាំង​គោលនយោបាយ​ដែន​សមុទ្រ ពាក់ព័ន្ធ​នឹង​ជម្លោះ​អធិបតេយ្យភាព​រវាង​វៀតណាម និង​ចិន​ផង​ដែរ។

លោក Nguyen និយាយ​ថា «ខ្ញុំ​គិត​ថា ស្ថានភាព​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម​ខ្លាច។ នេះ​ហើយ​ជា​មូលហេតុ​ដែលរដ្ឋាភិបាល​ចិននិង​វៀតណាម​លេង​ល្បែង​ប្រទាញ​យក​ប្រទេស​ឡាវ»។

ប្រទេស​វៀតណាម​កំពុង​បង្ហាញ​ថា ខ្លួន​សង្ឃឹម​ថា​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​ឡាវ​ក្រោមលក្ខខណ្ឌ​របស់​ខ្លួន។

កាលពី​ថ្ងៃទី៩ ខែតុលា សហភាព​យុវជន​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​បន្ថែម​សកម្មភាព​សម្រាប់​ក្មេងៗ​នៅ​តាម​ព្រំដែន​ ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើន​សហប្រតិបត្តិការ​នា​ពេល​អនាគត។

កាល​ពីដើម​ខែ​តុលា នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​រក្សា​ការ​ផ្លាស់ប្តូរ​ជា​ផ្លូវ​ការ​នូវ​អ្វី​ដែលសារព័ត៌មាន​ផ្លូវការ​របស់​វៀ​តណាម Viet Nam News ហៅ​ថា «ជាមធ្យោបាយ​កាន់​តែ​មាន​ភាព​ងាយស្រួល​ មាន​ប្រសិទ្ធភាព​ និង​ច្បាស់លាស់​ជាង​មុន ដោយ​ផ្តោត​លើ​ការ​ចែករំលែក​បទពិសោធន៍ និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​ឧបសគ្គ និង​បញ្ហា​លំបាក​នានា»៕

XS
SM
MD
LG