ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​ក្សត្រ​ខ្មែរ​បង្ហាញ​ការ​គាំទ្រ​ដល់​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិន


ព្រះបាទ​នរោត្តម ​សីហមុនី​និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ឯ​សាល Great Hall of the People ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០១៩។ (រូបថតដោយ AP)
ព្រះបាទ​នរោត្តម ​សីហមុនី​និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ឯ​សាល Great Hall of the People ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០១៩។ (រូបថតដោយ AP)

នៅ​ពេល​កំពុង​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​​ដើម្បី​ចូល​រួម​សន្និសីទ​ស្ដីពី​កិច្ច​សន្ទនា​អរិយធម៌​អាស៊ី​លើក​ទីមួយ​នោះ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​សីហមុនី​​បាន​មាន​ព្រះ​រាជ​បន្ទូល​​​គាំទ្រ​ដល់​គម្រោង​​​បង្កើត​​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​របស់​ប្រទេស​ចិន។

ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​សីហមុនីមាន​ព្រះ​រាជ​ឱង្កា​គាំទ្រ​ដល់​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិន​ឬ​ Belt and Road Initiative។​

ព្រះ​រាជ​ឱង្កា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជិនពីង​ នៅទី​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​អង្គារ។​

ព្រះ​មហា​ក្សត្រ​ខ្មែរ​មាន​ព្រះ​រាជ​ឱង្កា​បន្ថែម​ថា ​ប្រទេស​កម្ពុជា«ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជំរុញ​គំនិត​ផ្តួច​ផ្តើមផ្លូវ​ក្រវាត់​ជា​មួយ​របស់ប្រទេស​ចិន»។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​ចិន​ ឬ​ហៅ​ថា​ CGTN។​

ព្រះ​បាទ​នរោត្តម ​សីហមុនី​ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចូល​រួមសន្និសីទ​ស្ដីពី​កិច្ច​សន្ទនា​អរិយធម៌​អាស៊ី​ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ ​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។ ​សន្និសីទ​នេះ​ចូលរួម​ដោយប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋា​ភិបាល​មក​ពី​ប្រទេស​ចំនួន​៤៧។​

ក្នុង​ជំនួបជាមួយ​លោក​ស៊ី ជិនពីង​ដដែល​នោះ ​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនីបាន​សម្តែងការដឹង​គុណចំពោះ «ការ​គាំទ្រ​របស់​ចិនដ៏​រឹងមាំ​និង​យូរ​អង្វែង​ដល់​កម្ពុជា»​ ហើយ​ព្រះ​អង្គ​បានសង្កត់​ធ្ងន់​ថា​ កម្ពុជា​ត្រៀម​រួចជា​ស្រេច​ដើម្បី​ពន្លឿន​ការ​អនុវត្ត​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម។​

គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិន ​Belt and Road Initiative​ គឺ​ជា​គម្រោងត​ភ្ជាប់ផ្លូវ​សេដ្ឋ​កិច្ចដែល​ផ្តួច​ផ្តើម​ដោយ​ប្រទេស​ចិន។ ​គម្រោង​នេះ​នឹង​ភ្ជាប់​ទំនាក់​ទំនង​ប្រទេស​ជាង​៧០​ក្នុង​តំបន់​អាស៊ី ​អឺរ៉ុប​និង​អាហ្វ្រិក។​

ស្រប​ពេល​ដែល​កម្ពុជាបាន​បង្ហាញ​ជំហរ​គាំទ្រ​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិន​ ឬ​ BRI​ លោក​ Michael McCaul សមាជិក​ជាន់ខ្ពស់​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈ​កម្មាការ​កិច្ចការ​បរទេស​សភា​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​ទី​៧​ ខែ​ឧសភា ​បាន​ផ្តល់​ការ​កត់​សម្គាល់​អំពី​ឥទ្ធិពល​របស់គម្រោង​ក្រវាត់ផ្លូវ​ពាណិជ្ជ​កម្ម​ចិនយ៉ាង​ដូច្នេះ​ថា៖​

«គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិនកំពុង​ដាក់​ប្រជា​ជាតិ​ដែល​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ឲ្យ​ស្ថិត​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ ដែល​ប្រទេស​ទាំង​នោះ​នឹង​មិន​អាច​គេច​រួច​ឡើយ។ ​កិច្ច​ខិត​ខំ​នេះ​ ក៏​កំពុង​នាំ​ទៅ​ដល់​ដំណើរ​ផ្សង​ព្រេង​ថ្មីមួយ​របស់​ចិន​ និង​ការ​ដាក់​ពង្រាយ​ពេញ​ទី​នៃ​កងទ័ព​ហើយ​បាន​ពង្រីក​អំណាច​ក្នុង​ប្រទេស​ជាច្រើន»។​

របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កិច្ចការ​សន្តិសុខ​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​ ​ដែល​មាន​ចំណង​ជើង​ថា​ Grading China's Belt and Road ​ឬ«ការ​ឲ្យ​ពិន្ទុ​លើក្រវាត់ផ្លូវ​ពាណិជ្ជ​កម្ម​ចិន»​ ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មេសា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជ​កម្ម​របស់​ចិន​ ក្រៅ​ពី​មូលហេតុ​សេដ្ឋ​កិច្ច​គឺ​វា​នឹង​ត្រូវ​ប្រើ​«ជា​ឧបករណ៍​ស្នូល​ដើម្បី​ពន្លឿន​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន»។​

ក៏​ប៉ុន្តែបណ្ឌិត​ឈាង វណ្ណារិទ្ធ​ អ្នក​វិភាគ​កិច្ច​ការ​តំបន់​ បាន​ប្រាប់​ VOA ​តាម​សារ​ឆ្លើយ​ឆ្លង​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយថា ​គម្រោង​ BRI ​ផ្តល់​ឱកាស​ច្រើន​ជាង​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា​ ហើយ​គម្រោង​នេះ​ផ្តល់​នូវ​សក្តានុពល​ច្រើន​សម្រាប់​កម្ពុជា​ដើម្បី​ទាញ​យក​ជា​ប្រយោជន៍​ ប្រសិន​បើ​គុណភាព​ និង​តម្លាភាព​នៃ​គម្រោង​ BRI​ នេះ​ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នោះ។​

ដំណាល​គ្នា​នឹង​ការ​គាំទ្រដោយ​ប្រទេស​កម្ពុជា​ដល់​គម្រោង​របស់​ប្រទេស​ចិន ប្រធានាធិបតី​ចិន​ លោក​ Xi Jinping ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​ពីរកម្ពុជា​និង​ចិន​«​អនុវត្ត​ផែន​ការ​សកម្ម​ភាព​ដើម្បី​កសាង​សហគមន៍​មួយ»។​

ផែន​ការ​សកម្ម​ភាព​នេះបង្ហាញ​ពី​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ​រវាង​កម្ពុជា​និង​ចិន​ពី​កម្រិត​មូល​ដ្ឋាន​ដល់​កម្រិត​ថ្នាក់​ដឹក​នាំ​នយោបាយ​ និង​ពាណិជ្ជ​កម្ម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG