កាសែតជាតិនិយមដែលគាំទ្រដោយគណបក្សកុម្មុយនិស្តនៅក្នុងប្រទេសចិនបានរិះគន់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi ដោយហៅអ្នកស្រីថាជាអ្នកនយោបាយ «កាចសាហាវ» ដែលមានបំណងធ្វើឲ្យភាពវឹកវរនៅក្នុងទីក្រុងហុងកុងបន្តទៅមុខទៀត។
នៅក្នុងអត្ថបទវិចារណកថាដោយប្រើពាក្យខ្លាំងៗមួយដែលមានចំណងជើងថា «ក្រុមអាយ៉ងបស្ចិមប្រទេសស្លៀកសំលៀកបំពាក់ខ្មៅនៅបន្តបង្កភាពវឹកវរ ស្របពេលដែលទីក្រុងហុងកុងកំពុងអនុវត្តច្បាប់ប្រឆាំងអ្នកពាក់ម៉ាសមុខ» កាសែត The Global Times កាលពីថ្ងៃទី ៧ ខែតុលា បានរិះគន់អ្នកនយោបាយបស្ចិមប្រទេសដូចជាអ្នកស្រី Pelosi ជាដើម។ កាសែតនេះហៅអ្នកស្រី Pelosi ថាបានដើរតួអាក្រក់ និងបានប្រើនូវវិធី «ដែលរៀបចំឡើងដើម្បីបង្កើតឲ្យមានអំពើហិង្សា និងភាពចលាចលបន្ថែមទៀតនៅទូទាំងទីក្រុងហុងកុង»។
បន្ទាប់មកកាសែតឃោសនារបស់រដ្ឋាភិបាលចិននេះបានបង្ហាញការគាំទ្រចំពោះប្រធានប្រតិបត្តិទីក្រុងហុងកុងអ្នកស្រី Carrie Lam ដោយអះអាងថា ការសម្រេចរបស់អ្នកស្រីនៅក្នុងការចេញបម្រាមហាមឃាត់ការពាក់ម៉ាស់មុខ គឺមិនមែនជាការគំរាមកំហែងចំពោះសេរីភាពក្នុងការបញ្ចេញមតិ ឬក៏សេរីភាពក្នុងការជួបជុំគ្នារបស់ប្រជាពលរដ្ឋហុងកុងនោះទេ។ ប៉ុន្តែ ជំនួសមកវិញ កាសែតនេះបន្ថែមថា វិធានការនេះ «មានគោលបំណងកាត់បន្ថយកម្រិតអំពើហិង្សា និងស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់ទីក្រុង ដោយគោរពតាមផលប្រយោជន៍របស់សាធារណជន»។
ប៉ុន្តែអ្នកវិភាគនានាបាននិយាយថា ការហាមឃាត់នេះមិនត្រឹមតែជះផលប៉ះពាល់បញ្ច្រាសមកវិញក្នុងរយៈពេលខ្លីទេ ប៉ុន្តែក៏បង្ហាញឲ្យឃើញអំពីការដឹកនាំដ៏អន់ខ្សោយរបស់អ្នកស្រី Carrie Lam នាពេលកន្លងមកផងដែរ។
ការដឹកនាំអន់ខ្សោយ
លោក David Zweig សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង បាននិយាយថា៖ «ខ្ញុំគិតថា អ្នកស្រី Carrie Lam គឺជាមេដឹកនាំមិនល្អ។ នេះគឺជាការពិត»។
លោកនិយាយដូច្នេះថា៖ «រឿងមួយដែលអ្នកវិទ្យាសាស្ត្រនយោបាយជារឿយៗមិនពិភាក្សាគឺការដឹកនាំដ៏អាក្រក់បំផុត ឬក៏ការដឹកនាំដ៏ទន់ខ្សោយបំផុត [របស់អ្នកស្រី Carrie Lam]។ ប៉ុន្តែ អ្នកស្រីពិតជាមេដឹកនាំដ៏ខ្សោយបំផុត ហើយខ្ញុំចង់និយាយថា ការដឹកនាំមិនល្អបែបនេះហើយដែលបង្កើតឲ្យមានបញ្ហានេះកើតឡើង»។
លោកសាស្ត្រាចារ្យ Zweig បានបញ្ជាក់ថា ដោយអ្នកស្រី Carrie Lam ដឹងថាការដឹកនាំរបស់អ្នកស្រីកំពុងជួបហានិភ័យ អ្នកស្រីត្រូវតែបង្កើតដំណោះស្រាយមួយឲ្យបានឆាប់ ដើម្បីបញ្ចប់ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហុងកុង។
កាលពីពេលថ្មីៗនេះ នៅក្នុងអំឡុងពេលប្រជុំតាមសហគមន៍ អ្នកស្រី Carrie Lam បានពិភាក្សាដោយផ្ទាល់ជាមួយនឹងពលរដ្ឋ និងបានទទួលស្គាល់ថា រដ្ឋបាលរបស់អ្នកស្រីមិនបានតាមទាន់ស្ថានការណ៍ជាក់ស្ដែង។
ប៉ុន្តែជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សភាគច្រើន បន្ទាប់ពីអ្នកស្រីបានត្រឡប់មកពីពិធីបុណ្យជាតិរបស់ប្រទេសចិនវិញភ្លាមៗ ដំណោះស្រាយរបស់អ្នកស្រីចំពោះភាពចលាចលនៅក្នុងទីក្រុងហុងកុងគឺការហាមឃាត់ការពាក់ម៉ាស់មុខ ដែលបានចូលជាធរមានកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៥ ខែតុលាកន្លងទៅនេះ។
អំពើហិង្សាកើនឡើង
កាលពីពេលថ្មីៗនេះ កម្រិតនៃអំពើហិង្សារបស់ទីក្រុងហុងកុងកាន់តែរីករាលដាលបន្ថែមទៀត ដោយសារតែក្រុមអ្នកតវ៉ាបានប្រឆាំងទៅនឹងបម្រាមនេះ។
លោកសាស្ត្រាចារ្យ Zweig បាននិយាយថា បម្រាមនេះគឺមិនមែនជាគំនិតអាក្រក់នោះទេនៅក្នុងសង្គមស៊ីវិលដែលដំណើរការបានល្អរួចហើយនោះ ប៉ុន្តែគេប្រើវាខុសពេលវេលានៅក្នុងទីក្រុងហុងកុងនាពេលបច្ចុប្បន្ននេះ ដែលវាមានតែធ្វើឲ្យអ្នកតវ៉ាកាន់តែមានកំហឹងជាងមុន និងមានហិង្សាជាងមុនតែប៉ុណ្ណោះ។
អ្នកស្រី Carrie Lam ហាក់ដូចជាមិនបានពិចារណាគ្រប់ជ្រុងជ្រោយថា បម្រាមដូចនេះមិនអាចត្រូវបានប្រើនៅក្នុងទីក្រុងមួយ ដែលមនុស្សភាគច្រើនពាក់ម៉ាស់មុខដើម្បីការពារពីការបំពុលបរិស្ថាន ឬក៏ការឆ្លងជំងឺនោះទេ។ ដូច្នេះហើយ បានជាមនុស្សនៅតាមដងផ្លូវបញ្ជាក់ថា ប៉ូលិសត្រូវបានគេប្រាប់មិនឲ្យអនុវត្តបម្រាមនេះ។
ប៉ុន្តែលោកសាស្ត្រាចារ្យ Zweig មិនឯកភាពជាមួយនឹងអត្ថបទវិចារណកថារបស់កាសែតចិននេះ ដែលរិះគន់ថាបរទេសពាក់ព័ន្ធនៅក្នុងភាពចលាចលនៅក្នុងទីក្រុងហុងកុង។
គំនិតជាតិនិយមក្នុងទីក្រុងហុងកុង
លោកសាស្ត្រាចារ្យ Zweig បាននិយាយថា តាមរយៈបទវិចារណកថានេះ ប្រទេសចិនកំពុងប្រឌិតរឿងដើម្បីបញ្ឆេះទស្សនៈជាតិនិយមនៅក្នុងទីក្រុងហុងកុង។
លោកបញ្ជាក់ដូច្នេះថា៖ «ចំណុចសំខាន់គឺថា សម្រាប់អ្នកអានអត្ថបទវិចារណកថានេះនៅក្នុងប្រទេសចិនផ្ទាល់ ពួកគេអាចយល់ថា នេះគឺជាការជ្រៀតជ្រែករបស់បរទេស ដោយសារតែអត្ថបទនេះសំដៅផ្ទាល់លើទស្សនៈស្នេហាជាតិ និងទស្សនៈជាតិនិយមរបស់ប្រជាជនចិន។ ហេតុដូច្នេះហើយ ពួកគេមិនបានព្យាយាមស្វែងយល់អំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងទីក្រុងហុងកុងនោះទេ គឺពួកគេទទួលយកភ្លាមៗតែម្ដងនូវអ្វីដែលអត្ថបទនេះបានលើកឡើង»។
នៅលើបណ្ដាញសង្គម Weibo តាមអ៊ីនធឺណិតរបស់ចិន ដែលជាបណ្ដាញសង្គមដូច Twitter ដែរនោះ គេឃើញមានការផ្សព្វផ្សាយបន្តនូវអត្ថបទវិចារណកថា និងមតិយោបល់ទាំងនេះតែមួយចំនួនប៉ុណ្ណោះ។
អ្នកប្រើប្រាស់ Weibo ម្នាក់សរសេរថា «ឥឡូវនេះបម្រាមហាមពាក់ម៉ាស់មុខត្រូវបានអនុវត្ត ដូច្នេះគ្មានអំពើហិង្សាណាមួយកើតឡើងទៀតទេ»។ ចំណែកឯអ្នកប្រើប្រាស់ម្នាក់ទៀតលើកឡើងថា «ខ្ញុំជឿថា ទស្សនៈអំពីគ្រួសារ និងប្រទេសជាតិគឺចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងចិត្តគំនិតរបស់ពលរដ្ឋទីក្រុងហុងកុងម្នាក់ៗ។ អ្វីដែលយើងត្រូវធ្វើ គឺជំរុញទឹកចិត្តពួកគេ និងបណ្ដុះនូវគំនិតនេះ»។
ប៉ុន្តែលោកសាស្ត្រាចារ្យ Zweig បានព្រមានថា សហរដ្ឋអាមេរិកកំពុងប្រឈមនឹងស្ថានការណ៍លំបាកនៅក្នុងការសម្រេចចិត្ត។ នៅពេលដែលច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុងត្រូវបានសហរដ្ឋអាមេរិកអនុម័ត នោះច្បាប់នេះនឹងក្លាយជាអ្វីដែលរដ្ឋាភិបាលចិនអះអាងថាជាការជ្រៀតជ្រែករបស់បរទេសនៅក្នុងទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។ ប៉ុន្តែ ប្រសិនបើគ្មានច្បាប់នេះទេ នោះគឺខ្វះកម្លាំងពីខាងក្រៅដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលចិនឲ្យបន្ធូរបន្ថយការគ្រប់គ្រងរបស់ខ្លួនលើទីក្រុងហុងកុង។
ស្ថានការណ៍ពិបាកសម្រេចចិត្ត
លោកសាស្ត្រាចារ្យ Zweig និយាយថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិននៅក្នុងទីក្រុងហុងកុងគឺការរង់ចាំដោយអត់ធ្មត់ដោយមិនធ្វើអ្វីទាំងអស់ ឬក៏ «ទុកឲ្យការធ្វើបដិវត្តនេះបញ្ចប់ដោយខ្លួនឯង»។ នេះគឺជាអ្វីដែលឯកភាពដោយអ្នកតាមដានស្ថានការណ៍លោក Yang Kai Huang ដែលជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងកោះតៃវ៉ាន់ និងចិនដីគោកនៃសាកលវិទ្យាល័យ Ming Chuan នៅកោះតៃវ៉ាន់។
លោក Yang បាននិយាយថា ខុសពីលទ្ធិប្រជាធិបតេយ្យនៅបស្ចិមប្រទេស មតិរបស់សាធារណជនកម្រត្រូវគេដាក់បញ្ចូលណាស់នៅក្នុងដំណើរការធ្វើគោលនយោបាយរបស់ថ្នាក់ដឹកនាំកុម្មុយនិស្តចិន។
លោក Yang បញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងនឹងនៅតែប្រកាន់ខ្ជាប់តាមនីតិវិធីចម្បងរបស់ខ្លួន ឬក៏ទិសដៅដែលខ្លួនជឿថាត្រឹមត្រូវ។ រដ្ឋាភិបាលចិននឹងសម្របសម្រួលក្នុងចំណោមអ្នកដែលមានការយល់ខុស ឬក៏អ្នកតវ៉ា។ ប៉ុន្តែរដ្ឋាភិបាលចិននឹងមិនដែលទទួលស្គាល់កំហុសរបស់ខ្លួននោះទេ ដោយសារតែខ្លួនយល់ថា អ្នកដទៃមានការយល់ខុសពីគោលនយោបាយ ឬក៏ទិសដៅរបស់ខ្លួន»៕
ប្រែសម្រួលដោយ ភី សុភាដា