ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ការពារ​ការ​ដកទ័ព​ចេញ​ពី​ស៊ីរី​ ប៉ុន្តែ​ចេញ​ការ​ព្រមាន​តឹងរឹង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ចេញ​សារ​ព្រមាន​ដ៏​តឹងរឹង​មួយ​កាលពី​ថ្ងៃចន្ទ​ ដោយ​បាន​និយាយ​ថា​កងទ័ព​សហរដ្ឋអាមេរិក​នឹង​បើក​ផ្លូវ​សម្រាប់​ការ​វាយលុក​របស់​កងកម្លាំង​តួកគី​ដែល​ត្រូវ​បាន​រំពឹង​ទុក​ ទៅលើ​ពួកឃឺត​ ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​ផងដែរ​ថា​ ការណ៍​នេះ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​តួកគី​ប្រសិន​បើតួកគី​ធ្វើ​ការ​វាយ​ប្រហារ​ហួស​កម្រិត​នោះ។

លោក Trump បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃចន្ទ​ថា «ប្រសិនបើ​តួកគី​ធ្វើ​ការ​វាយលុកហួស​ពី​អ្វី​ដែល​យើង​គិតថា​ភាពជា​មនុស្ស​នោះ​ តួកគី​អាច​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​របស់​ពួកគេ»។​

សម្ព័ន្ធមិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​ប្រធានាធិបតី​បាន​បង្ហាញ​ការ​ខឹងសម្បារចំពោះ​ការសម្រេច​បោះបង់​ចោល​ពួកឃឺត​នៅ​ប្រទេសស៊ីរី​ដែល​បាន​ប្រយុទ្ធ​នឹង​រដ្ឋឥស្លាម​រួម​ជាមួយ​នឹង​កងទ័ព​សហរដ្ឋអាមេរិក។

ក្រុមអ្នកគាំទ្រ​ស្មោះស័្មគ្រ​របស់​លោក Trumpនៅក្នុង​ព្រឹទ្ធសភា​ភាគច្រើន​បាន​ហៅ​ការ​សម្រេចចិត្ត​របស់​លោក Trump កាល​ពី​ថ្ងៃចន្ទ​ ថា​ជា​ការសម្រេចចិត្ត​មិន​បាន​គិតវែង​ឆ្ងាយ​និង​គ្មាន​ការទទួល​ខុសត្រូវ។

តាមរយៈកម្មវិធី​ព័ត៌មាន​ពេលព្រឹក​ឈ្មោះ​ថា Fox & Friends សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Lindsey Graham ត្រូវ​បាន​សួរ​ថាតើ​លោក​គាំទ្រ​ចំណាត់ការ​របស់​ប្រធានាធិបតី​ដែរ​ឬទេ? ពេលនោះ​ លោក Graham បាន​ឆ្លើយ​ថា៖

«មិន​គាំទ្រ​ជា​ដាច់​ខាត» ហើយ​លោក​បាន​អះអាង​ថា​ ការសម្រេច​របស់​ប្រធានាធិបតី​គឺ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​មួយ​សម្រាប់​ពួក ISIS»។

លោក Graham បាន​ឆ្លើយ​ទៀត​ថា ​ពួកឃឺត​នៅ​ក្នុង​តំបន់​នឹង​ចុះចូល​ជាមួយ​នឹង​មេដឹកនាំ​ផ្តាច់ការ​ស៊ីរី​ លោក Bashar al-Assad ដោយសារ​តែពួកគេ​គ្មាន​ជម្រើស។ ដូច្នេះ​នេះ​គឺ​ជា​ជ័យជម្នះ​ដ៏​ធំមួយ​សម្រាប់​អ៊ីរ៉ង់ និង​មេដឹកនាំ Assad។

មេដឹកនាំ​សំឡេង​ភាគច្រើន​ខាងគណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell និង​ប្រធាន​សភា​តំណាងរាស្រ្ត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Nancy Pelosi បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​រិះគន់​ការ​សម្រេច​របស់​លោក Trump៕

XS
SM
MD
LG